ក្រសួងសុខាភិបាល កំពុងយកសំណាកវត្ថុវិភាគរបស់អ្នកដំណើរ និងបុគ្គលិកបម្រើការលើនាវា Viking Cruise Journey ចំនួន៦៤នាក់មកពិនិត្យ បន្ទាប់ពីស្ត្រីជនជាតិអង់គ្លេសម្នាក់ មានវិជ្ជមានវីរុសកូវីដ១៩

ចេញផ្សាយ ថ្ងៃទី

AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ —​ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងថា ជាមួយនឹងការមិនឱ្យអ្នកដំណើរទាំងអស់ដែលនៅលើនាវា Viking Cruise Journey ចុះចេញមកលើគោកនៅឯចំណតនាវាខេត្តកំពង់ចាម បន្ទាប់ពីរកឃើញស្រ្តីជនជាតិអង់គ្លេសម្នាក់ អាយុ ៦៥ឆ្នាំ មានវិជ្ជមានវីរុសកូវីដ១៩នោះ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល កំពុងយកសំណាកវត្ថុវិភាគរបស់អ្នកដំណើរ និងបុគ្គលិកបម្រើការចំនួន៦៤នាក់មកពិនិត្យ និងធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មាន នារាត្រីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា នៅរសៀលម៉ោង ៤និង៣០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថា ស្រ្តីជនជាតិអង់គ្លេសម្នាក់ អាយុ ៦៥ឆ្នាំ មានវិជ្ជមានវីរុសកូវីដ១៩។ ឯកឧត្ដមបានបញ្ជាក់ថា  ស្ត្រីរូបនេះ ជាអ្នកដំណើរតាមនាវាឈ្មោះ Viking Cruise Journey ចេញពីកំពង់ផែ My Tho នៃទីក្រុងហូជីមិញ សំដៅមកទីក្រុងភ្នំពេញ តាមរយៈចូវដុក ក្អមសំណរ និងហួសទៅចូលចតប្រហែលជាម៉ោង៤ និង៣០នាទីរសៀល នៅចំណតនាវានៃទីរួមខេត្តកំពង់ចាម។

បច្ចុប្បន្ន ក្រសួងសុខាភិបាល កំពុងចាត់ចែងឲ្យយកស្ត្រីជនជាតិអង់គ្លេសរូបនោះ មកដាក់នៅបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បីព្យាបាល និងតាមដានសុខភាពគាត់។ ទន្ទឹមនឹងនោះ មានស្រ្តីជនជាតិអង់គ្លេសម្នាក់ទៀតដែលជិតដិតជាមួយស្ត្រីជនជាតិអង់គ្លេសមានវីរុសកូវីដ១៩រូបនេះ មានលទ្ធផលតេស្តអវិជ្ជមាន ដែលបុគ្គលរូបនេះ ត្រូវបានដាក់ឲ្យនៅក្នុងបន្ទប់ដាច់ដោយឡែកនៅលើនាវា ហើយអ្នកដំណើរផ្សេងទៀតសរុបចំនួន ៣០នាក់ និងបុគ្គលិកបម្រើការនាវាសរុបចំនួន ៣៤នាក់ (សរុបទាំងអស់ ៦៤នាក់) ត្រូវឲ្យនៅលើនាវាទាំងអស់ មិនឲ្យចុះចេញមកលើគោក ដោយរងចាំក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម និងក្រសួងសុខាភិបាល យកសំណាកវត្ថុវិភាគមកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

ឯកឧត្ដម ម៉ម ប៊ុនហេង បានឱ្យដឹងទៀតថា ស្ត្រីមានវីរុសកូវីដ១៩ នេះបានធ្វើដំណើរតាមយន្តហោះចេញពីទីក្រុងឡុងនៃប្រទេសអង់គ្លេស មកទីក្រុងហាណូយនៃប្រទេសវៀតណាម  កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ដែលមានគ្នា៥នាក់ (ជាជនជាតិអង់គ្លេសទាំងអស់ធ្វើតេស្តអវិជ្ជមានចំនួន៤នាក់)។ បន្ទាប់មក ពួកគាត់បានបន្តដំណើរចាកចេញតាមនាវា Viking Cruise Journey  ពីទីក្រុងហូជីម៉ិញ សំដៅមករាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ហើយបានមកដល់ទីក្រុងភ្នំពេញនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០។

នៅថ្ងៃដដែលមុននឹងមកដល់រាជធានីភ្នំពេញ អ្នកទទួលខុសត្រូវអ្នកទេសចរនៃនាវានេះ បានទទួលដំណឹងថា យន្តហោះដែលស្ត្រីជនជាតិអង់គ្លេសបានជិះនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នោះ មានជនជាតិវៀតណាមម្នាក់ដែលអង្គុយជិតស្ត្រីជនជាតិអង់គ្លេសអាយុ ៦៥ឆ្នាំខាងលើនេះ ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ១៩នៅទីក្រុងហាណូយ។ ពេលមកដល់រាជធានីភ្នំពេញនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ជនជាតិអង់គ្លេសទាំង៥រូប ត្រូវបានបញ្ជូនឲ្យទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយបានយកសំណាកវត្ថុវិភាគចំនួន០៣នាក់ (ដោយ០២នាក់ ប្រកែកមិនព្រមឲ្យយកដាច់ណាត់ដោយសំអាងថាពួកគាត់មិនមានបញ្ហាសុខភាពឬរោគសញ្ញាអ្វីទាំងអស់)។ ជាលទ្ធផល អ្នកទាំង៣នាក់នេះ អវិជ្ជមានវីរុសកូវីដ១៩។

ដើម្បីឲ្យមានភាពច្បាស់លាស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានផ្ដល់ព័ត៌មានមកមន្ទីរសុខាភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ដោយយកវត្ថុសំណាកមនុស្ស២នាក់ដែល ពុំព្រមឱ្យវិភាគលើកមុនមកពិនិត្យ ហើយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៦ និង៣០នាទីរសៀលនេះ ក៏ទទួលបានលទ្ធផលវិជ្ជមានលើស្ត្រីជនជាតិអង់គ្លេសម្នាក់អាយុ៦៥ឆ្នាំ។ ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ថា បុគ្គលដែលសង្ស័យទាំង៥រូបខាងលើនេះ ត្រូវបានឱ្យនៅក្នុងបន្ទប់ដាច់ដោយឡែកលើនាវាភ្លាមៗ។ ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តកំពង់ចាម រួមសហការជាមួយអាជ្ញាធរខេត្ត កំពុងតែយកចិត្តទុកដាក់ក្នុងការពិនិត្យស្រាវជ្រាវ និងយកវត្ថុសំណាកពីអ្នកដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលនៅលើនាវាទាំងអស់ មកវិភាគនៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

គួរបញ្ជាក់ដែរថា ករណីស្ត្រីជនជាតិអង់គ្លេស អាយុ៦៥ឆ្នាំមានវិជ្ជមានវីរុសកូវីដ១៩នេះ គឺជាករណីទី៣ហើយនៅកម្ពុជា បន្ទាប់ពីករណីទី១នៅកម្ពុជា គឺបុរសទេសចរជនជាតិចិនអាយុ៦០ឆ្នាំ ពីក្រុងវូហាន ដែលត្រូវបានរកឃើញកាលពីថ្ងៃទី១៧ ខែមករា ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យវិញកាលពីថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២០ ក្រោយសះស្បើយ។ រីឯករណីទី២ គឺបុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំនៅខេត្តសៀមរាប កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ដែលមានទំនាក់ទំនងជាមួយអ្នកជំងឺជនជាតិជប៉ុនដែលតេស្តឃើញនៅប្រទេសកំណើត របស់ខ្លួននោះ៕

ដោយ ជឹម ណារី