ថ្ងៃទី២ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ នឹងមានពិព័រណ៍ ស្តីពីសមិទ្ធផលការងាររបស់អាជ្ញាធរជាតិអប្សរា ការចាក់បញ្ចាំងសិល្ប: និងការសម្តែងសិល្ប:អាយ៉ៃឆ្លើយឆ្លងជូនទស្សនា !

ចេញផ្សាយ ថ្ងៃទី

សៀមរាប៖ ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា បន្ទាប់ពីពិធីបើកព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២មក ទទួលបានការនិមន្ត និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូប និងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

ក្នុងនោះកម្មវិធីសំខាន់ៗជាច្រើនទៀត ដែលនឹងបង្ហាញជូនសាធារណជន ទស្សនា សម្រាប់ថ្ងៃទី១៥ ខែធ្នូ ដែលជាថ្ងៃទី២ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ មានដូចជា៖ ចាប់ពីម៉ោង០៨៖០០ព្រឹក ដល់ម៉ោង១៧៖០០ល្ងាច មានពិព័រណ៍ផលិតផល សកម្មភាពសិល្ប:ចម្រុះ និងសមិទ្ធផលសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា ការទស្សនាសារមន្ទីរ ការចុះទស្សនាតាមការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ និងសកម្មភាពផ្សេងៗ មាន៖ ពិព័រណ៍សៀវភៅប្រវត្តិសាស្ត្រខ្មែរ និងបរទេស បទបង្ហាញនានាដោយបុរាណវិទូអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌។ល។ ដោយពិធីនេះប្រារព្ធនៅទីតាំងបរិវេណមុខប្រាសាទអង្គរវត្ត និងការដ្ឋាននានា ក្នុងតំបន់រមណីយដ្ឋានអង្គរ។

ឯកឧត្តម បន្តទៀតថា នៅពេលល្ងាចចាប់ពីម៉ោង១៨៖០០ ដល់ម៉ោង២២៖០០យប់ មានកម្មវិធីអាយ៉ៃឆ្លើយឆ្លង សម្តែងដោយលោក កិតិ្តឧទេសបណ្ឌិត ព្រហ្ម ម៉ាញ និងការបញ្ចាំងភាពយន្តឯកសារអំពីអង្គរ ដែលមានទីតាំងនៅបរិវេណព្រះលានជល់ដំរី នៃក្រុងអង្គរធំ។

ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមនិមន្ត ព្រះតេជគុណ និងអញ្ជើញសាធារណជនទាំងអស់ ចូលរួមឱ្យបានច្រើនកុះករក្នុងកម្មវិធីដែលបានប្រារព្ធធ្វើឡើងនេះ។

សូមជម្រាបដែរថា ក្នុងរយ:ពេល ៣ថ្ងៃ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ អាជ្ញាធរជាតិអប្សរា ក៏មានរៀបចំកម្មវិធីផ្សេងៗគ្នាជាច្រើន ហើយអាជ្ញាធរជាតិអប្សរានឹងជូនដំណឹងជាបន្តបន្ទាប់ ពីពេលវេលា និងកម្មវិធីទាំងនោះ ដើម្បីជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិជ្រាប និងបានចូលរួមទស្សនា៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល