ឯកឧត្តម គួច ចំរើន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបពិភាក្សាការងារ

ចេញផ្សាយ ថ្ងៃទី

AKP ព្រះសីហនុ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២--

រសៀលថ្ងៃ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យឯកឧត្តម Fumiaki Takahashi ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបពិភាក្សាការងារ ស្ដីពីយុទ្ធសាស្ត្រសូត្រមាសកម្ពុជា ដោយមានការចូលរួមពីអភិបាលរងខេត្ត អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាយករងរដ្ឋបាលសាលាខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធ។

ឯកឧត្តម គួច ចំរើន បានស្វាគមន៍វត្តមាន ឯកឧត្តម Fumiaki Takahashi និងគណ:ប្រតិភូវិនិយោគជប៉ុន ដែលបានមកធ្វើទស្សនកិច្ច និងឈ្វេងយល់ពីការអភិវឌ្ឍនៅខេត្តព្រះសីហនុ។ កម្ពុជាមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយប្រទេសជប៉ុនលើផ្នែកសេដ្ឋកិច្ច និងនយោបាយ។ ឯកឧត្តម បានបន្តថា ថ្មីៗនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបបញ្ចប់ទស្សនកិច្ចនៅប្រទេសជប៉ុន ហើយឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន និងបានជួបពិភាក្សា ការងារជាមួយថ្នាក់ដឹកនាំជប៉ុន។ ជាមួយគ្នានេះពេលកន្លងមក ក៏មាននាវាកងស្វ័យការពារកងទ័ពជើងទឹកជប៉ុន បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីអបអរខួបទី៣០ឆ្នាំ ដែលជប៉ុនបានចូលរួមជាមួយអង្គការសហប្រជាជាតិ ក្នុងការថែរក្សាសន្តិភាពនៅកម្ពុជា។ ដោយក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញមកធ្វើការសំណេះសំណាលជាមួយមេបញ្ជាការនាវាកងស្វ័យការពារជប៉ុនផងដែរ។ ក្រោយ ៣០ឆ្នាំ កម្ពុជាទទួលបានសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ នេះដោយសារតែកម្ពុជាបានអនុវត្តនូវនយោបាយឈ្នះ ឈ្នះ។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលជប៉ុនបានជួយគាំទ្រក្នុងការកសាងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសារតែកន្លងមកកំពង់ផែក្រុងព្រះសីហនុ អាចឱ្យនាវាដែលមានជម្រៅទឹក ៩.៥០ម៉ែត្រចូលចត ហើយនៅឆ្នាំ២០២៥ខាងមុខ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានសមត្ថភាពអាចឱ្យនាវាដែលមានជម្រៅទឹក ១៣.៥០ម៉ែត្រចូលចតបាន ដែលធ្វើឱ្យខេត្តព្រះសីហនុមានលទ្ធភាពក្រកួតប្រជែង តម្លៃដឹកជញ្ជូនតាមផ្លូវទឹក។ បើតាមរបាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៣ខែដើមឆ្នាំ២០២២នេះ មានទំនិញឆ្លងកាត់កើនឡើងចំនួន ១៩ភាគរយ បើធៀបនឹង ៣ខែដើមឆ្នាំ២០២១។ ប្រទេសជប៉ុនបានជួយកម្ពុជា លើវិស័យជាច្រើនទៀតមានដូចជា វិស័យសុខាភិបាល វិស័យអប់រំ ។ល។ ហើយតាមរយៈនៃការធ្វើទស្សនកិច្ចនេះ សង្ឃឹមថា គណ:ប្រតិភូនឹងជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ ទៅកាន់ប្រជាពលរដ្ឋជប៉ុន និងអ្នកវិនិយោគជប៉ុន ឱ្យមានការចាប់អារម្មណ៍មកទេសចរណ៍ និងធ្វើការវិនិយោគនៅខេត្តព្រះសីហនុ។

ឯកឧត្តម អភិបាលខេត្តបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាតារារះនាទិសនិរតី និងជាប៉ូលសេដ្ឋកិច្ចរបស់ប្រទេស។ តាមរយៈទស្សនកិច្ចរបស់គណ:ប្រតិភូ គឺអាចចាប់យកឱកាសវិនិយោគនៅខេត្តព្រះសីហនុ ព្រោះប្រជាពលរដ្ឋកម្ពុជា ចូលចិត្តប្រើប្រាស់ផលិតផល របស់ប្រទេសជប៉ុន។

ឯកឧត្តម Fumiaki Takahashi ប្រធានសមាគមជប៉ុន-កម្ពុជា បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត ដែលបានអនុញ្ញាតឱ្យគណ:ប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសមកកាន់ខេត្តព្រះសីហនុ។ ឯកឧត្តមក៏មានការភ្ញាក់ផ្អើ លដោយសារខេត្តព្រះសីហនុ មានការអភិវឌ្ឍលឿន មានហេដ្ឋរចនាសម្ព័ន្ធល្អស្អាត បរិស្ថានល្អស័ក្ដិសមជាតំបន់ទេសចរណ៍ និងវិនិយោគ។ គណ:ប្រតិភូវិនិយោគជប៉ុន បានមកកាន់កម្ពុជារយៈពេល៣ថ្ងៃមកហើយ កាលពីឆ្នាំ២០១៩ ឯកឧត្តមក៏បានដឹកនាំគណ:ប្រតិភូវិនិយោគជប៉ុន ចំនួន១០ក្រុមហ៊ុន មកកាន់ខេត្តសៀមរាប និងមកទស្សនកិច្ចនៅខេត្តព្រះសីហនុ។

ឯកឧត្តម Fumiaki Takahashi បន្តថា ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គណ:ប្រតិភូក៏បានចូលជួបពិភាក្សាការងារ ជាមួយសម្តេចក្រឡាហោម សេ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីចំនួន ៦ក្រសួងផ្សេងទៀត នៅរាជធានីភ្នំពេញ ។ ក្នុងនោះក៏បានធ្វើសិក្ខាសាលាចាប់ដៃគូវិនិយោគរវាងជប៉ុន-កម្ពុជា បានចំនួន ៤លើក ទី១.ក្រុមហ៊ុនដៃគូ, ទី២.ប្រធានធនាគារអេស៊ីលីដា, ទី៣.សហគ្រិនវ័យក្មេងកម្ពុជា, និងទី៤.ជួបកម្មសិក្សាការីរៀននៅប្រទេសជប៉ុន ជាអ្នកគ្រប់គ្រងវ័យក្មេងកម្ពុជា។

ក្នុងឱកាសនោះគណ:ប្រតិភូជប៉ុន ក៏បានបង្ហាញពីគោលបំណងក្នុងការចង់បណ្តាក់ទុនវិនិយោគ បង្កើតរោងចក្រគ្រឿងសម្អាងនៅខេត្តព្រះសីហនុ ព្រោះខាងជប៉ុនមានបច្ចេក ទេស ចំណែកកម្ពុជាមានវត្ថុធាតុដើម (សូតមាស) យកមកកែច្នៃធ្វើគ្រឿងសម្អាង និងសាប៊ូ ដែលជាផលិតផលកំពុងពេញនិយម សម្រាប់ភ្ញៀវទេសចរ៕ ដោយងូ សុមុនី សម្រួលផ្សាយដោយ៖ ធូ​ កុសល