គម្រោងអភិវឌ្ឍន៍រមណីយ ដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ គ្រោងនឹងបញ្ចប់ការស្ថាបនានៅ ពេលឆាប់ខាងមុននេះ

ចេញផ្សាយ ថ្ងៃទី

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ១៤,០២,២០២២

MC៖ អភិបាលខេត្តកែបបាន ឱ្យដឹងថា គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ គ្រោងនឹងបញ្ចប់ការស្ថាបនានៅពេលឆាប់ៗខាងមុននេះ ដើម្បីលើកកម្ពស់គុណភាពទេស ចរណ៍ និងទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តនេះឱ្យកាន់តែច្រើន ធ្វើឱ្យប្រជាពល រដ្ឋមានការងារធ្វើបន្ថែមទៀត ជួយឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងថែម ទៀត។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម

ថ្លែងប្រាប់អ្នកសារព័ត៌មាន ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាល ខេត្តកែប បានឱ្យដឹងថា គិតមកទល់ពេលនេះ ដំណើរការនៃការអភិវឌ្ឍឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់នេះ សម្រេចស្ទើរតែបាន១០០ ភាគរយហើយ  ដែលមានប្រវែង ២៧០០ម៉ែត្រ នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខណៈដែលជំហានបន្ត គឺការចាក់ខ្សាច់បំពេញបន្ថែមប្រវែង ៣០ម៉ែត្រ  និងការដាំដើមឈើនៅលើដីចំណីឆ្នេរ។ ឯកឧត្តមបន្តថា ចំពោះផ្លូវដែលចុះទៅឆ្នេរនេះ មានចំនួន៥ខ្សែ  ដែលមានវិថី២និងអនុវិថី៣។ ប៉ុន្តែនៅក្នុងចំណោម៥ខ្សែនេះ វិថីទាំ៤ គឺអនុវិថី៣ មានប្រវែងទទឹង ជាង១២ម៉ែត និងវិថី១ មានប្រវែង ទទឹងមិនតិចជាង ២០ម៉ែត នឹងត្រូវបញ្ចប់ការ សាងសង់ មុនថ្ងៃបុណ្យចូល ឆ្នាំខ្មែរប្រពៃណីជាតិ។ ឯកឧត្តមបន្ថែមថា ដូចនេះ ដំណើរការសាងសង់គឺនៅ សល់តែវិថី១ទៀតប៉ុណ្ណោះ គឺនៅតំបន់ផ្សារក្តាម ដែលមានទទឹង២០ម៉ែត្រ។   ឯកឧត្តមបញ្ជាក់ថា បច្នុប្បន្ននេះ ខេត្តកែបមានឆ្នេរសមុទ្រមួយ ហៅ ថាឆ្នេរស្រី ស ឆ្នេរនេះមានប្រវែងតែជាង ៣០០ម៉ែត្រតែប៉ុណ្ណោះ ដែលប្រវែងនេះ មិនសមាមាត្រ នឹងចំនួនភ្ញៀវទេសចរមកកម្សាន្តនៅខេត្តនេះរាប់ម៉ឺននាក់នោះទេ ជាពិសេសនៅថ្ងៃបុណ្យសំខាន់ៗ និងថ្ងៃចុងសប្តាហ៍។ ឯកឧត្តម ជឿជាក់ថា គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរ ខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់នេះ នឹងជួយលើកម្ពស់វិស័យទេសចរណ៍ខេត្តកែប និងការធ្វើឱ្យប្រសើរឡើងនូវតំបន់ឆ្នេរ នឹងជួយបង្កើនចំណូលជូនប្រជាពលរដ្ឋនិងរដ្ឋ លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ខណៈប្រជាពលរដ្ឋខេត្តកែបភាគច្រើនមានមុខរបរសំខាន់បម្រើឱ្យសេវាកម្មទេសចរណ៍។  «ការអភិវឌ្ឍគម្រោងនេះយើងវាយតម្លៃថា កំពុងតែដំណើរការយ៉ាងរលូននិងល្អប្រសើរ ហើយតាមរយៈគ្រោងនេះ ពិតជាអាចពង្រីកនូវសក្តានុពលជាតំបន់ឆ្នេរ គឺខេត្តកែបដែលមានឆ្នេរខ្សាច់ កាន់តែច្រើន និងល្អប្រណិត   ដែលនាំឱ្យកំណើនភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តកែបកាន់តែច្រើន ដែលបានជះ ឥទ្ធិពលល្អប្រសើរដល់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ខេត្តកែប និងប្រជា ពលរដ្ឋមូលដ្ឋានខេត្តកែបឱ្យកាន់តែល្អប្រសើរ។ ហើយបញ្ហានេះគឺជាមោទនភាពរបស់ខេត្តកែបដែលទទួលបាននូវសមិទ្ធផលជាបន្ត បន្ទាប់ទៀត ក៏ដូចជាមោទន ភាព ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។»  គួរជម្រាបថា គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់នេះ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដែលមានប្រវែង ២៧០០ម៉ែត្រ ក្នុងនោះមានឆ្នេរខ្សាច់កម្សាន្តសាធារណៈ តាមបណ្ដោយឆ្នេរសមុទ្រមានទទឹងយ៉ាងតិចប្រវែង ៣០ និងសួនច្បារសាធារណៈ និងដាំដើមឈើ នៅលើដីចំណីឆ្នេរសមុទ្រមានទទឹងប្រវែង ៥០ ម៉ែត្រ ក្រោមទម្រង់នៃកិច្ចសន្យាអភិវឌ្ឍន៍រវាងរដ្ឋ និងឯកជន ក្នុងគោល ដៅកែលម្អ និងបង្កើតឆ្នេរខ្សាច់កម្សាន្តសាធារណៈ លម្អសាធារណៈ និងផ្ទៃបៃតងសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ៕