រាជរដ្ឋាភិបាលស្នើឱ្យអូស្ត្រាលីទទួលយកពលករកម្ពុជាទៅធ្វើការនៅប្រទេសអូស្ត្រាលីឱ្យកាន់តែច្រើន
វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា


(ភ្នំពេញ)៖ រាជរដ្ឋាភិបាលស្នើឱ្យអូស្ត្រាលីទទួលយកពលករកម្ពុជាទៅធ្វើការនៅប្រទេសអូស្ត្រាលីឱ្យកាន់តែច្រើន ដើម្បីបំពេញការងារផ្នែកសំណង់ សេវាកម្ម និងឧស្សាហកម្មជាដើម។ ក្នុងជំនួបពិភាក្សាអំពីចំ ណាប់អារម្មណ៍របស់កម្ពុជាលើគម្រោងទិដ្ឋាការកសិកម្មអូស្រ្តាលីជាមួយ ឯកឧត្តម Pablo Chiho Kang អគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសុំឱ្យឯកឧត្តមអគ្គរដ្ឋ ទូត ពិចារណាផ្តល់ឱកាសជូនដល់ពលករកម្ពុជាបានចេញ ទៅធ្វើការនៅប្រទេសអូស្ត្រា លីឱ្យបានចំនួនច្រើន ដូចកម្ពុជាបានបញ្ជូនទៅសាធារ ណរដ្ឋកូរ៉េដែរ ហើយបើអាចក្រៅពីផែ្នកកសិកម្ម អូស្ត្រាលីពិចារណាក្នុងការបើកឱកាសជូនដល់ពលករកម្ពុជាទៅធ្វើ ការផ្នែកសំណង់ សេវាកម្ម និងឧស្សាហកម្មផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ការទៅបំពេញការនៅប្រទេសអូស្ដ្រាលីនេះ ដើម្បីបង្កើនប្រាក់ចំណូល ជួយលើកកម្ពស់ពួកគាត់សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូច ជាទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀតពីអូស្ត្រាលី។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានបង្ហាញនូវក្តីរីករាយក្រៃលែង ដែលទទួលបានព័ត៌មាន ដែលថា រដ្ឋាភិបាលអូស្រ្តាលីគ្រោងនឹងផ្តល់ទិដ្ឋាការផ្នែកកសិកម្ម ដល់ប្រទេសមួយ ចំនួនក្នុងតំបន់អាស៊ាន ក្នុងនោះ ក៏មានកម្ពុជាផងដែរ។ សម្រាប់គម្រោងទិដ្ឋាការកសិ កម្មអូស្រ្តាលី ដែលកំពុងត្រូវ ការពលករទៅបម្រើការងារផ្នែកប្រមូលផលកសិកម្ម ការនេសាទនិងជលផល និងឧស្សាហកម្មធនធានជាដើមនេះ ឯកឧត្តមរដ្ឋមន្រ្តីរំពឹងថា ពលករកម្ពុជា ពិតជាអាចបម្រើការងារនេះបានយ៉ាងល្អជូនដល់និយោជករបស់អូស្ត្រាលី។ ឯកឧត្តម Pablo Chiho Kang បានលើកឡើងថា រដ្ឋា ភិបាលអូស្រ្តាលីគ្រោងផ្តល់ទិដ្ឋាការផ្នែកកសិកម្ម (Aust ralian Agriculture Visa) សម្រាប់ប្រទេសដៃគូរបស់អូស្ត្រាលី។ ឯកឧត្តមទូតបញ្ជាក់ថា ទិដ្ឋាការផ្នែកកសិ កម្មនេះ មានលក្ខណៈបើកចំហ ដល់ប្រទេសជាដៃគូរបស់អូស្ត្រាលី ដោយប្រទេសអាស៊ានត្រូវចាត់ទុកជាប្រទេសគោលដៅសំខាន់។ ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នឹងបន្តការងារជាមួយអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយសម្រាប់ស្នើសុំទៅទីក្រុងកង់ បេរ៉ា ធ្វើការពិនិត្យសម្រេច ។ ឯកឧត្តមរដ្ឋមន្រ្តីបានសំដែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ភា គីអូស្រ្តាលីនឹងផ្តល់ឱកាសការ ងារនេះជូនដល់ប្រជាពលរដ្ឋកម្ពុជា ព្រោះថាកម្ពុជាបានរៀបចំបានយ៉ាងល្អនូវលិខិតបទដ្ឋាន គោលនយោបាយ និងយន្តការច្បាស់លាស់ ដែលជាប្រព័ន្ធគ្រប់គ្រងមួយយ៉ាងល្អក្នុងការធានាបាននូវការជ្រើសរើស បញ្ជូន និងគ្រប់ គ្រងពលករ មិនឱ្យមានការរំលោភបំពានសិទ្ធិ និងអត្ថប្រយោជន៍ ហើយអាចទប់ ស្កាត់បាននូវការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្សជាដើម។ សូមបញ្ជាក់ថា គម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលី (Australian Agriculture Visa) ត្រូវបានប្រកាសកាល ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២១ ក្នុងនោះ អូស្រ្តាលីត្រូវការជ្រើសរើសពលករផ្នែកកសិកម្ម នេសាទនិងជលផល និងឧស្សាហកម្មធនធានជាដើម ។ គម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលីនេះ ស្រដៀងគ្នានឹងគម្រោងការងារប៉ាស៊ីហ្វីក(Pacific Labour Scheme) ដោយពលករក្រោមគម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលី អាចធ្វើការបានរហូតដល់រយៈពេល ១ឆ្នាំ ដល់ ៣ឆ្នាំ ក្រោមការទទួល បន្ទុកដោយក្រសួងការបរ ទេស និងពាណិជ្ជកម្មអូស្ត្រាលី ៕