កងទ័ពចិននឹងបន្តធ្វើជាកម្លាំងគាំទ្រយុទ្ធសាស្ត្រដ៏រឹងមាំសម្រាប់កម្ពុជា
វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត




ភ្នំពេញ៖ លោក Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជាបានប្រកាសថា កងទ័ពចិននឹងបន្តធ្វើជាកម្លាំងគាំទ្រយុទ្ធសាស្ត្រ ដ៏រឹងមាំសម្រាប់កម្ពុជា ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។
លោក Li បានលើកឡើងបែបនេះក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៩៤នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ដែលរៀបចំឡើងដោយស្ថានទូតចិនប្រចាំកម្ពុជា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២១។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា, ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, ឯកឧត្តម Wang Wentianឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីតំណាងក្រុមហ៊ុនចិន អ្នកជំនាញចិន សភាពាណិជ្ជកម្មចិន និងប្រជាជនជាប់សែស្រឡាយចិន ចំនួនសរុបជាង២០០នាក់។
លោក Li Jingfeng បានលើកឡើងថា កងទ័ពចិននឹងបន្តផ្តល់ការជ្រោមជ្រែងជាយុទ្ធសាស្រ្តសម្រាប់ការស្តារឡើងវិញនៃប្រជាជាតិចិនដ៏មហិមា។ ជម្នះរាល់ហានិភ័យនិងបញ្ហាប្រឈមផ្សេងៗ។ កិច្ចសហប្រតិបត្តិការមិត្តភាពរវាងកងទ័ពយោធាចិន និងកម្ពុជាបានបោះជំហានដល់កម្រិតថ្មីមួយទៀតក្នុងស្ថានភាពដែលទទួលរងការញាំញីពីជំងឺវីរុស។
លោកបន្តថា កងទ័ពចិន នឹងរួមចំណែកកាន់តែធំធេងក្នុងការជំរុញកិច្ចកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជា និងការពារសន្តិភាពក្នុងតំបន់ក៏ដូចជាលើពិភពលោក។
តាមរយៈការថ្លែងក្នុងសុន្ទរកឋាក្នុងពីធីនោះ លោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករងនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសនិងកងទ័ពទាំងពីរ និងអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះការគាំទ្រនិងជំនួយរបស់ភាគីចិនមកកាន់កម្ពុជារយៈពេលវែង។
លោកបានជូនពរឱ្យកិច្ចសហប្រតិបត្តិការនៃប្រទេសនិងកងទ័ពទាំងពីរទទួលបានការលើកកម្ពស់និងជំរុញថែមមួយកម្រិតទៀត ហើយទំនាក់ទំនងមិត្តភាពទទួលបានការអភិវឌ្ឍន៍ឥតឈប់ឈរ។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន សម្ដេចពិជ័យសេនាទៀ បាញ់ បានសង្កត់ធ្ងន់លើចំណងមិត្តភាពរវាងគណបក្ស ប្រទេស និងយោធាទាំងពីរកម្ពុជា-ចិន គឺរឹងមាំដូចគុជ គ្មានកម្លាំងខាងក្រៅណាអាចរារាំងបំបែកដោយបានឡើយ៕