រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ណែនាំឲ្យចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការទាំងអស់ត្រូវអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ
វិទ្យុជាតិកម្ពុជា៖ លោកហ៊ាងចាន់ថា





ត្បូងឃ្មុំ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំឲ្យចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការទាំងអស់ត្រូវអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋដើម្បីធានាឲ្យការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋធ្វើឡើងបាន «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»។
ឯកឧត្តមរដ្ឋមន្ត្រីណែនាំបែបនេះ ក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែង ឯកឧត្តម ហៀង សុភក្ត្រ ជាអគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ, ឯកឧត្តម យុត ពន្លឺ តែងតាំងជាប្រធានសាលាដំបូងខេត្តព្រះវិហារ, ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ និងឯក ឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី នៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ ក្នុងទីរួមខេត្តត្បូងឃ្មុំ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងត្រូវប្រកាន់ខ្ជាប់ភាពម៉ឺងម៉ាត់របស់ខ្លួន ក្នុងការអនុវត្តន៍ ច្បាប់ឲ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ។
ឯកឧត្តម កើត រិទ្ធ ក៏បានផ្តាំផ្ញើទៀតថា មន្រ្តីទាំងអស់ត្រូវចូលរួមលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការ ដោយប្រកាន់ខ្ជាប់នូវវិន័យក្រមសីលធម៌ វិជ្ជាជីវៈ ទាំងពេលបំពេញការងារ និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងចូលរួមប្រកបដោយឆន្ទៈក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តន៍យុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ។
សូមជម្រាបថា៖ សាលាឧទ្ធរណ៍ត្បូងឃ្មុំ ជាសាលាឧទ្ធរណ៍តំបន់ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ដាក់ឲ្យដំណើរការ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០កន្លងទៅ មានសមត្ថកិច្ចជំនុំជំរះក្តីគ្របដណ្តប់លើខេត្តចំនួន០៨រួមមាន ខេត្តត្បូងឃ្មុំ, កំពង់ចាម, កំពង់ធំ, ព្រះវិហារ, ក្រចេះ, ស្ទឹងត្រែង, រតនៈគិរី និងខេត្តមណ្ឌលគិរី៕