អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជំរុញការព្យាបាលស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនឱ្យបានទួលំទូលាយនៅតាមសហគមន៍
AKP បន្ទាយមានជ័យ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ -- អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន និងកំពុងប្រឹងប្រែងយកចិត្តទុកដាក់ ជំរុញបន្ថែមទៀតទៅលើការងារព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ឱ្យបាន តែទូលំទូលាយទៅតាមសហគមន៍មូលដ្ឋាននានានៅក្នុងប្រទេសកម្ពុជា និងមានប្រសិទ្ធភាពថែមទៀត។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនរយៈពេល៩ខែ ប្រចាំឆ្នាំ២០១៨ នាថ្ងៃពុធ ១៣រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នេះនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម នាក់ យុទ្ធា បានមានប្រសាសន៍ដោយបានជំរុញឱ្យ អាជ្ញាធរដែនដីគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្នែកពាក់ព័ន្ធទាំងអស់គប្បីត្រូវរួមគ្នាបន្តបង្កើនសកម្មភាពលើ ការងារព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយតាមរយៈការធ្វើយ៉ាងណាបង្កើតឡើងនូវមជ្ឈមមណ្ឌលព្យាបាលស្តារនីតិសម្បទានេះមាននៅថ្នាក់ខេត្ត និងនៅតាមមន្ទីរពេទ្យមណ្ឌលសុខភាពសហគមន៍ព្រោះការងារនេះយើងធ្វើបានជោគជ័យនៅក្នុងខេត្តបន្ទាយមានជ័យនេះ។

ឯកឧត្តមបន្តទៀតថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់គប្បីត្រូវបន្តប្រឹងប្រែង ក្នុងការអប់រំ ជំរុញដល់យុវជនដែលញៀនថ្នាំឱ្យពួកគេមានការភ្ញាក់រលឹកចូលទៅព្យាបាលស្តារនីតិសម្បទានៅតាមមណ្ឌលសុខភាពសហគមន៍ មន្ទីរពេទ្យដែលមាននៅក្នុងមូលដ្នាន របស់ខ្លួន។

ឯកឧត្តម នាក់ យុទ្ធា បានលើកឡើងទៀតថា ដើម្បីឱ្យការប្រយុទ្ធប្រឆាំងគ្រឿង ញៀនទទួលបានជោគជ័យនោះគ្រប់ភាគីពាក់ព័ន្ធត្រូវតែអនុវត្តន៍ឱ្យបាននូវយុទ្ធសាស្ត្រការពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀនតាំងពីថ្នាក់ខេត្តស្រុកឃុំ ដោយបន្តពង្រឹងវិធាន ការនានាមានវិធានការអប់រំផ្សព្វផ្សាយវិធានការរដ្ឋបាលវិធានការអនុវត្តន៍ច្បាប់វិធានការព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនពង្រឹងយន្តការ និងប្រសិទ្ធភាពការងារ ការិយាល័យទំនាក់ទំនងព្រំដែនដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងកាត់ព្រំដែន។
លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា នៅក្នុងខេត្តបន្ទាយមានជ័យរយៈពេលកន្លងមកនេះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ អង្គការសង្គមស៊ីវិលអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋគ្រប់ ស្រទាប់ជាន់ថ្នាក់បានខិតខំប្រឹងប្រែងអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃគ្រឿងញៀនសហការបង្ការទប់ស្កាត់ និងបង្ក្រាបការជួញដូរចរាចរ និងប្រើប្រាស់គ្រឿងញៀនការបន្សាបការព្យាបាលនិងស្តារនីតិសម្បទាអ្នកជាប់សារធាតុញៀនក្នុងខេត្តឱ្យមានការថយចុះជាលំដាប់ហើយបានកំពុងបន្តសកម្មភាពនេះដើម្បីសង្គមយើងជៀសផុតពីគ្រឿងញៀន៕
ដោយ ឈុន សារ៉ាត