អ្នកជំនាញផ្នែកបេះដូង៖ ការកើតជំងឺបេះដូង ឬស្ទះសរសៃឈាមបេះដូងបណ្ដាលមកពីការ ហូបអាហារ មិនបានត្រឹមត្រូវ និងហាត់ប្រាណមិនបានទៀងទាត់
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ -- អ្នកជំនាញផ្នែកបេះដូង បានអះអាងថា ការកើតជំងឺបេះដូង ឬបង្កស្ទះសរសៃឈាមបេះដូងគឺបណ្ដាលមកពីការបរិភោគអាហារមិនបានត្រឹមត្រូវ អាហារមានជាតិខ្លាញ់ច្រើន និងធ្វើការ ហាត់ប្រាណមិនបានទៀងទាត់។

ក្នុងសិក្ខាសាលាស្ដីពីវិធីថែរក្សាសុខភាពបេះដូង និងការឈ្វេងយល់ពីការប៉ោងសរសៃ ឈាមក្រហមអារទែជាឃាតករសម្ងាត់ កាលពីចុងសប្ដាហ៍នេះ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ លោកវេជ្ជបណ្ឌិត SANTI Kijsiriwisal អ្នកជំនាញផ្នែកបេះដូងនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បាន បញ្ជាក់ថា បច្ចុប្បន្នអ្នកជំងឺផ្នែកបេះដូងមានការកើនឡើងច្រើន ជាពិសេសការស្ទះសរសៃ ឈាមបេះដូងដែលជាហានិភ័យមួយខ្ពស់ចំពោះប្រជាជនកម្ពុជាដែលមានវ័យចំណាស់ ឬអា យុច្រើន ជាពិសេសការរស់នៅ និងហូបអាហារប្រចាំថ្ងៃគឺមិនបានអនុវត្ដន៍ឱ្យត្រឹមត្រូវ ទៅតាម ការណែនាំរបស់គ្រូពេទ្យ ឬវេជ្ជសាស្រ្ដសុខាភិបាល។ លោកវេជ្ជបណ្ឌិតបានបន្ដថា ការកើតជំងឺបេះដូងនេះ គឺបណ្ដាលមកពីកត្ដាជាច្រើនដូចជាការហូបអាហារមិនបានត្រឹមត្រូវ ការលើសឈាម អ្នកកើតជំងឺទឹកនោមផ្អែម អ្នកធាត់ និងអ្នកដែលមិនធ្វើការហាត់ប្រាណ។ ទន្ទឹមនេះ ដើម្បីចៀសវាងការកើតជំងឺបេះដូងនេះ ត្រូវគ្រប់គ្រងរបបអាហារឱ្យបានត្រឹមត្រូវ ការហាត់ប្រាណឱ្យបានទៀងទាត់ និងការមកពិនិត្យសុខភាពឱ្យបានជាប់ជាប្រចាំ ក្នុងការទទួលបាននូវព័ត៌មាន ឬដឹងអាការៈជំងឺជាមុន និងអាចបង្ការ ការពារបានទាន់ពេលវេលា។
លោកវេជ្ជបណ្ឌិតលើកឡើងថា បច្ចុប្បន្ននេះ មានឧបករណ៍ ម៉ាស៊ីនទំនើប អាចពិនិត្យ មើលឃើញសរសៃឈាមបេះដូង និងដឹងពីជំងឺបេះដូងជាមុន ក្នុងការការពារ និងព្យាបាល ខណៈជំងឺបេះដូងជាជំងឺដែលមានហានិភ័យខ្ពស់ដូចជាជំងឺផ្សេងៗទៀតដែរ។ លោកវេជ្ជ បណ្ឌិតបានគូសបញ្ជាក់ថា ជំងឺបេះដូងនេះ គឺកើតឡើងដោយសារតែមានរោគសញ្ញា ដូចជា ឈឺទ្រូង ថប់ដង្ហើម អស់កម្លាំង ឬមានរោគសញ្ញាណាមួយក្នុងខ្លួន ដែលជំងឺនេះ ភាគច្រើន បុរសកើតច្រើន និងមានហានិភ័យជាងស្រ្ដី ដែលភាគច្រើនមនុស្សមានអាយុចាប់ពី៤៥ ឡើងទៅ។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញសហការជាមួយមន្ទីរពេទ្យ បាងកក នៃប្រទេសថៃ ការរៀបចំសិក្ខាសាលាទាក់ទងនឹងជំងឺបេះដូង និងការថែទាំសុខភាព បេះដូងនេះឡើងដោយសារតែបច្ចុប្បន្ននេះ មើលឃើញថា ប្រជាជនកម្ពុជាភាគច្រើន មាន កម្រិតជីវភាពធូរធារជាងមុន ការហូបចុកម្ហូបអាហារក៏មានការកើនឡើងច្រើន ជាពិសេសអ្នក ដែលមានបញ្ហាបេះដូងគឺមានការកើនឡើងច្រើនជាងមុន។ ដូច្នេះ សិក្ខាសាលានេះគឺ ចង់ផ្ដល់ ការអប់រំដល់ប្រជាជនកម្ពុជាទាំងអស់ គួរចៀសវាងធ្វើយ៉ាងណាកុំឱ្យកើតជំងឺបេះដូងនេះ ក្នុង គោលដៅជំរុញឱ្យចូលរួមថែរក្សាសុខភាពឱ្យបានល្អ ទាំងការបរិភោគម្ហូបអាហារ និងការហាត់ ប្រាណឱ្យបានត្រឹមត្រូវផងដែរ។
លោកវេជ្ជបណ្ឌិតបានបន្ដថា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នឹងបើកមជ្ឈមណ្ឌលវះកាត់ បេះដូង នាខែមីនា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីឱ្យអ្នកមានបញ្ហាបេះដូង អាចមកពិនិត្យ និង ធ្វើការវះកាត់នៅមន្ទីរពេទ្យផ្ទាល់តែម្ដងដោយមិនចាំបាច់ធ្វើដំណើរទៅក្រៅប្រទេស។
លោកវេជ្ជបណ្ឌិត ATTAPOOM Susupaus អ្នកជំនាញឯកទេសផ្នែកវះកាត់បេះដូងនៃ មន្ទីរពេទ្យបាងកក ប្រទេសថៃ បានឱ្យដឹងថា ការកើតជំងឺបេះដូងនៅកម្ពុជាក៏ដូចជាប្រទេស នៅក្នុងតំបន់គឺមានការកើតឡើងដូចគ្នា ដូចជាការរស់នៅ និងការបរិភោគអាហារ ជាពិសេសអាហារមកពីបច្ចឹមប្រទេស ដែលបង្កឱ្យមានហានិភ័យខ្ពស់ចំពោះការកើតជំងឺបេះដូង។ លោកវេជ្ជបណ្ឌិតបានណែនាំថា ដើម្បីចៀសវាងការកើតជំងឺបេះដូងនេះ គឺត្រូវគិតគូរពីការ រស់នៅ និងមិនត្រូវហូបម្ហូបអាហារដែលមានជាតិខ្លាញ់ច្រើន ត្រូវឈប់ជក់បារី ធ្វើការហាត់ ប្រាណឱ្យបានទៀងទាត់ ដើម្បីកុំឱ្យកើតជំងឺបេះដូង ឬបង្កឱ្យកើតជំងឺដាច់សរសៃឈាមបេះ ដូង៕
ដោយ អ៊ុន រិទ្ធី