ម៉ាកាវ រាយការណ៍ពីការកើនឡើងនៃករណីជំងឺផ្តាសាយ
AKP ភ្នំពេញថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ -
រដ្ឋបាលពិសេសទីក្រុងម៉ាកាវ (SAR) របស់ប្រទេសចិនបានរាយការណ៍ពីការកើនឡើងនៃករណីជំងឺផ្តាសាយកាលពីពេលថ្មីៗនេះ ដែលភាគច្រើនកើតឡើងនៅតាមសាលារៀន និងមជ្ឈមណ្ឌលថែទាំ។
ការិយាល័យសុខាភិបាលនៃរដ្ឋបាល SAR ម៉ាកាវបាននិយាយថា ការិយាល័យបានទទួលករណីឆ្លងជាក្រុមចំនួន ២២ករណីកាលពីថ្ងៃចន្ទ ដែលទាក់ទងនឹងសិស្សានុសិស្ស និងមនុស្សចាស់ជាង ២៥០នាក់ ហើយមនុស្សម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

កាលពីសប្តាហ៍មុន ការិយាល័យបានរាយការណ៍អំពីករណីឆ្លងជាក្រុមចំនួន ៨០ករណី ដែលមានអ្នកជំងឺប្រហែល ៨០០នាក់។
ការិយាល័យបាននិយាយថា វិធានការនានាត្រូវបានអនុវត្តដើម្បីបង្កើនការសម្អាតមេរោគ បង្កើតឱ្យមានខ្យល់ចេញចូល និងដាក់កន្លែងដែលមាករណីឆ្លងទាំងនោះឱ្យនៅដាច់ពីគេ។
ការិយាល័យនោះបានអំពាវនាវដល់សាធារណជនឱ្យចូលរួមចាក់វ៉ាក់សាំងឱ្យបានទាន់ពេលវេលា រក្សាអនាម័យឱ្យបានស្អាតល្អ ដូចជាការលាងដៃ និងពាក់ម៉ាស់ការពារ ហើយព្យាយាមជៀសវាងពីកន្លែងដែលមានមនុស្សច្រើន៕ (ប្រភព៖ ភីបផលដេលី បកប្រែដោយ៖ មូល មិនា)