ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាលប្រកាសដាក់ទិសដៅទាក់ទាញទេសចរណ៍ចិនឲ្យបាន០,០៥ ភាគរយ គឺប្រមាណជាង៥លាននាក់នៅឆ្នាំ២០២៥ ខាងមុខ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

ប្រមុខរាជរដ្ឋាភិបាលប្រកាសដាក់ទិសដៅទាក់ទាញទេសចរណ៍ចិនឲ្យបាន០,០៥ ភាគរយ គឺប្រមាណជាង៥លាននាក់នៅឆ្នាំ២០២៥ ខាងមុខ ដើម្បីបង្កើនចំណូលចូលជាតិ និងពង្រីកឱកាសការងារហើយលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋ។
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថា ប្រជាជនចិនមានរហូតដល់ជាង១៣០០លាននាក់ដូច្នេះ គ្រាន់តែទាក់ទាញភ្ញៀវទេសចរចិនត្រឹម០,០៥ ភាគរយនោះ ក៏ទទួលបានចំនួនភ្ញៀវទេសចរចិនរហូតដល់ជាង៥លានអ្នកដែរ។
ថ្លែងដូច្នេះ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ នៅព្រឹកថ្ងៃទី១៤ខែមករានេះ សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ថា កម្ពុជានឹងកែទម្រង់ក្នុងវិស័យទេសចរណ៍មួយចំនួនទៀតដើម្បីអាចប្រកួតប្រជែងទាក់ទាញភ្ញៀវទេសចិនបានតាមការគ្រោងទុក ខណៈប្រទេសមួយចំនួនក្នុងតំបន់ក៏កំពុងទាញភ្ញៀវទេសចរចិនផងដែរ។ សម្តេចជោបានបន្ត ការកើននៃចំនួនភ្ញៀវទេសចរ គឺបានជំរុញកំណើនសេដ្ឋកិច្ចជាតិយ៉ាងមានប្រសិទ្ធិភាព ហើយផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោជន៍ដល់ប្រជាពលរដ្ឋថែមទៀតផង។
គោលដៅ​ទេសចរណ៍​ ប្រទេសដទៃ គេតែងតែចង់បានទេសចរណ៍ចិន ប្រទេសថៃបច្ចុប្បន្នមានទេសចរណ៍ចិនរហូតដល់ ១០ លាននាក់ ចឹងសមត្ថភាពទទួលនៃទេសចរណ៍ ប្រជាជនចិន មានអ្នកដែលត្រូវធ្វើទេសចរណ៍នៅក្រៅប្រទេស មានរាប់រយលាននាក់ ចឹងយើងខិតខំទាញយកទេសចរណ៍៣០០លាននាក់ ឬ ៤០០លាននាក់ អោយបាន ហើយ៣០០ ឬ ៤០០លាននាក់ត្រូវឬទៅតារាសាគរ ជួបលោកប្រធានក្រុមហ៊ុនថា លោកត្រូវខិតខំអោយដារ៉ាសាគរជាកន្លែងមួយដែលទាក់ទាញភ្ញៀវទេសចរណ៍បីលាននាក់ ហើយ បីលាននាក់នេះត្រូវទិញអង្ករខ្មែរផ្គត់ផ្គង់អោយទេសចរណ៍ចិន នេះជារបៀបមួយនៃការដោះស្រាយ ការនាំចេញនៅនិងកន្លែង ការនាំចេញមិនចាំបាច់តែនាំចេញឆ្លងកាត់ព្រំដែនទេ យើងមានចក្ខុវិស័យមួយ ទទឹមនិងការនាំចេញទៅខាងក្រៅ យើងត្រូវប្រើប្រាស់នៅការទាក់ទាញទេសចរណ៍ មកកាន់ប្រទេសយើង ហើយទទួលទានស្រូវ អង្ករដែរផលិតក្នុងប្រទេសយើង ទទួលទានបន្លែ បង្ការ សាច់នៅ ក្នុងប្រទេសយើង និងអ្វីៗផ្សេងទៀត ដែលផលិតនៅក្នុងប្រទេសយើង ជាផ្នែកមួយនៃការនាំចេញ និងជំរុញការលូតលាស់នៃសេដ្ឋកិច្ចរបស់យើងដែរ ដូច្នេះទេសចរណ៍ចិនគឺជាគោលដៅនៃការខិតខំទាក់ទាញ។
សូមបញ្ជាក់ថា ឆ្នាំ២០១៨កន្លងទៅនេះកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិរហូតដល់ជាង៦លាន២សែននាក់ ក្នុងនោះភ្ញៀវទេសចរចិនឈរលេងរៀងទី១រហូតដល់ជាង១លាន៦សែននាក់៕