ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សន្និបាតបញ្ញវន្តពិភពលោកលើកទី៤រៀបចំធ្វើឡើងនៅភ្នំពេញ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

សន្និបាតបញ្ញវន្តពិភពលោកលើកទី៤បានរៀបចំឡើងកាលពីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែល ភូគាត្រាភ្នំពេញ ស្ថិត ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ជច អេដហ្គា ឯកអគ្គរដ្ឋទូតសហភាពអ៉ឺរ៉ុបប្រចាំកម្ពុជា និងមានការអញ្ជើញចូលពីភ្ញៀវជាតិ អន្តរជាតិ វិស័យឯកជន និងអតីតនិស្សិតមកពីជាង ៥០ប្រទេស លើពិភពលោក។

សន្និបាតបញ្ញវន្តពិភពលោកនេះរៀបចំឡើងដើម្បីជាវេទិកាជួបជុំ ផ្សារភ្ជាប់ទំនាក់ទំនងរវាងអតីតបញ្ញវន្ត និងដើម្បីចែករំលែកនូវបទពិសោធន៍នៅក្នុងជំនួញ ក៏ដូចជាបទពិសោធន៍ការងារ ក្រោយបញ្ចប់ការសិក្សាក្រៅប្រទេស និងដើម្បីរួមគ្នាពិភាក្សានូវប្រធានបទសំខាន់ៗមួយចំនួន ដែលអាចចូលរួមក្នុងការអភិវឌ្ឍន៏វិស័យចំបងៗក្នុងសង្គមកម្ពុជាបច្ចុប្បន្ន និងនាពេលខាងមុខ។

ក្នុងពិធីបើកសន្និបាតបញ្ញវន្តពិភពលោកលើកទី៤នេះឯកឧត្តម វេង សាខុន បានបញ្ជាក់ថា វិស័យកសិកម្មនៅកម្ពុជានៅតែជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យដទៃទៀតដែលចូលរួមដល់កំណើនសេដ្ឋកិច្ច ការងារ និងសុខដុមនីយកម្មសង្គម។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានគោលដៅកែប្រែពីការធ្វើកសិកម្មជាលក្ខណៈគ្រួសារទៅជាកសិធុរៈកិច្ចតាមរយៈការជំរុញការធ្វើទំនើបកម្មកសិកម្ម ធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តភាព។ ទន្ទឹមនឹងនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈសាកលវិទ្យាល័យភូមិន្ទកសិកម្ម សាលាកសិកម្មព្រែកលាប និងសាលាកសិកម្មកំពង់ចាម បានចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យកសិកម្ម ក៏ដូចជាបានបង្កើនសមត្ថភាពការងារក្នុងវិស័យផងដែរ។

នាឱកាសនោះ តាមរយៈសន្និបាតបញ្ញវន្តពិភពលោកនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏សង្ឃឹមថានឹងមាននិស្សិតជាច្រើនចាប់អារម្មណ៍បន្តការសិក្សាពីជំនាញពាក់ព័ន្ធនឹងកសិកម្មបន្ថែមទៀតដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង៕