ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ស្រូវវស្សាខេត្តកំពង់ចាមទទួលរងគ្រោះរាំងស្ងួតប្រមាណជាង១៤.២៣៧ ហិតា អាជ្ញាធរខេត្តកំពុងជួយសង្គ្រោះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​ និង​លោក​ ចន​ ណារិទ្ធ​៖

​ ខេត្តកំពង់ចាម​៖​ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះបានដឹងនាំ មន្រ្តី ជំនាញ ពិនិត្យស្ថានីយ៍បូមទឹកស្ថិត ស្រុកកំពង់សៀម ខេត្តកំពង់ចាមដែលកំពុងជួយសង្គ្រោះស្រូវរដូវវស្សាប្រមាណជា ១.៦៧៧ហិតា ។

លោក គឹម សាវឿន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម បានអោយដឹងថា ស្រូវវស្សាខេត្តកំពង់ចាមបានរងគ្រោះរាំងស្ងួតប្រមាណជា ១៤.២៣៧ហិតា ដោយឡែកក្នុងស្រុកកំពង់សៀមទទួលរងផលប៉ះពាល់ប្រមាណជា ១.៦៧៧ហិតា ក្នុងនោះឃុំវិហារធំរងគ្រោះចំនួន ៦២៧ ហិតាផងដែរ។

ខណៈបងប្អូនប្រជាកសិករកំពុងមានក្ដីកង្វល់ចំពោះគ្រោះរាំងស្ងួតនោះ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានបញ្ជារដោយផ្ទាល់ដល់មន្ត្រីជំនាញដើម្បីចាត់វិធានការជាបន្ទាន់ក្នុងការជួយស្តារ ឡើងវិញចំពោះស្រូវដែលត្រូវការទឹកជាចាំបាច់នោះ ដោយត្រូវស្តារប្រឡាយទឹកមេ និងរៀបចំដាក់ម៉ាស៊ីនបូមទឹក ពីបឹងធំមក តាមប្រឡាយដើម្បីអោយបងប្អូនប្រជាពលរដ្ឋបូមបញ្ចូលស្រែរបស់ពួកគាត់។

ឯកឧត្តម ក៏បានបញ្ជាក់ដល់មន្ត្រីធនធានទឹក រៀបចំបន្ថែមម៉ាស៊ីនបូមទឹក១គ្រឿងបន្ថែមទៀតផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាគ្រោះរាំងស្ងួតក្នុងស្រុកកំពង់សៀមនោះ ជាពិសេសគឺបញ្ហាខ្វះទឹកស្រោចស្រពស្រែស្រូវរបស់ប្រជាកសិករ ឯកឧត្តម គួច ចំរើន ក៏បានដាក់បញ្ជាទៅមន្ត្រី ជំនាញត្រូវចុះជួយតាមឃុំទូទាំងស្រុកកំពង់សៀម ក៏ដូចជាតាមបណ្តាលស្រុកដែលរងគ្រោះ ត្រូវសហការគ្នាដោះស្រាយបញ្ហាទាំងនេះជូនប្រជាកសិករឱ្យបានទាន់ពេលវេលា ក្នុងករណីមានការចាំបាច់ ត្រូវប្រើប្រាស់គ្រឿងចក្រ ដែលប្រចាំការនៅតាមស្ថានីយ៍នីមួយៗ ដើម្បីស្ដារប្រព័ន្ធធារាសាស្ត្រ នៅតំបន់ណាដែលមានប្រភពទឹក និងត្រូវចល័តម៉ាសុីនបូមទឹក ឱ្យបានរហ័ស មិនត្រូវទុកឱ្យស្រូវងាប់ ហើយត្រូវពិចារណានៅកន្លែងដែលអត់មានប្រភពទឹក បើចាំបាច់ត្រូវបុកអណ្តូងធំៗដើម្បីជួយសង្គ្រោះ ក៏ត្រូវតែធ្វើដើម្បីជួយប្រជាជនផងដែរ។

លោក អ៊ុំ វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានឲ្យដឹងថាមន្ទីរធនធានទឹក និងអាជ្ញាធរខេត្តកំពង់ចាមបាន បញ្ជួនគ្រឿងចក្រម៉ាស៊ីនបូមទឹក រួមទាំងឧបករណ៍ជាច្រើនផ្សេងទៀត ទៅកាន់តំបន់មានប្រភពទឹកនានារបស់ខេត្តមួយនេះដើម្បីបូមទឹកជួយសង្រ្គោះ ដំណាំស្រូវរដូវវស្សាចំនួន ប្រាំមួយ ឃុំ ក្នុងខេត្តកំពង់ចាម ដែលកំពុងជួបគ្រោះរាំងស្ងួត ។

លោក បានឲ្យដឹងទៀតថា ផ្ទៃដីស្រែកំពុងដាច់ទឹក ក្នុងឃុំទាំង ប្រាំមួយ ដែលមន្ទីរបានដាក់ពង្រាយម៉ាស៊ីន បូមទឹកសង្រ្គោះដំណាំស្រូវនៅចំពោះមុខនេះមាន: ឃុំវិហារធំ ស្រុកកំពង់សៀម, ឃុំសំរោង ស្រុកព្រៃឈរ , ឃុំព្រៃចារ និងឃុំសំពងជ័យ ស្រុកជើងព្រៃ , ឃុំជើងព្រៃ ស្រុកបាធាយ និងឃុំព្រែកពោធិ ស្រុកស្រីសន្ធរ។ប៉ុន្តែបញ្ហាប្រឈមជាងគេ គឺឃុំសំពងជ័យ ស្រុកជើងព្រៃ គឺគ្មានប្រភពទឹកដើម្បីបូមទឹកមកសង្រ្គោះបានទេ។

ចំណែកឃុំវិហារធំ ស្រុកកំពង់សៀម បូមពីស្ថានីយ យកប្រភពទឹកពីបឹងធំ។ ឃុំសំរោង ស្រុកព្រៃឈរ បូមតាមស្ថានីយសម្តេច ហ៊ុន សែន ប្រភពទឹកពីបឹង។ ឃុំព្រៃចារស្រុកជើងព្រៃ បូមតាមស្ថានីយ ប្រភពទឹកពីបឹង , ឃុំជើងព្រៃ ស្រុកបាធាយ បូមតាមប្រភពទឹកពីបឹង និងឃុំព្រែកពោធិ ស្រុកស្រីសន្ធរ បូមតាមស្ថានីយ ប្រភពទឹកទន្លេមេគង្គ៕