ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្ដម អូស្មាន ហាស្សាន់៖ កម្ពុជាត្រូវបានអ្នកវិនិយោគិនបរទេសជាង២៥ ចាប់អារម្មណ៍ ខ្លាំងផ្នែកសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន

AKP ភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ — ឯកឧត្ដមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានលើកឡើងនៅក្នុងវេទិការ​សេដ្ឋ​កិច្ច​​​ពិភពចិន (WCEF)លើកទី១០ នៅប្រទេសម៉ាឡេស៊ី ដែលមានមេដឹកនាំកំពូលៗ មកពីបណ្ដា​ប្រទេស២៥ និងអ្នកវិនិយោគិនជាង៦០០នាក់ចូលរួមនោះថា ក្រោមគោលនយោបាយអភិវឌ្ឍន៍ឈ្នះៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយក​រដ្ឋមន្ត្រី ក្នុងការបើកទូលាយឱកាសវិនិយោគជាតិ និងអន្តរជាតិ ជាមួយការលើកទឹកចិត្តជា​ច្រើន ដែលមានការចាប់អារម្មណ៍ក្នុងការមកវិនិយោគ បណ្ដាក់ទុននៅកម្ពុជា ដែលកំណើន​សេដ្ឋកិច្ចនៅកម្ពុជា ក្នុងអត្រាជាង ៧ភាគរយ ប្រចាំឆ្នាំ ក្នុងរយៈពេលជាង១ទសវត្សរ៍នេះ។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាត្រូវបានអ្នកវិនិយោគិនបរទេសជាង២៥ប្រទេសចាប់អារម្មណ៍ ខ្លាំងផ្នែកសេដ្ឋកិច្ច នាពេលបច្ចុប្បន្ន ដោយសារប្រទេសកម្ពុជាមានសុខសន្ដិភាពពេញលេញ និងផ្ដល់អំណោយផលដល់អ្នកវិនិយោគិន ក្នុង និងក្រៅប្រទេស។ ឯកឧត្ដមទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃសៅរ៏ ៣កើត ខែកត្ដិក ឆ្នាំចសំរឹទ្ធិស័ក​ព.ស២៥៦២ ត្រូវនិងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងវេទិកា​សេដ្ឋ​កិច្ច​​​ពិភពចិន (WCEF) លើកទី១០ ក្រោមអធិបតីភាព ឯកឧត្ដម TUN Dr. Mahathir Mohamad នាយក​រដ្ឋមន្ត្រី ប្រទេសម៉ាឡេស៊ី ខណៈឯកឧត្ដមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួជាមួយបណ្តាមេដឹកនាំកំពូលៗ , អតីតនាយករដ្ឋមន្រ្តី, ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តី និងបណ្តាថ្នាក់ដឹកនាំ​, ស្ថាប័ន ,ប្រធានក្រុមហ៊ុន​ធំៗ ,ឥស្សរជន វិនិយោគិន ,សហគ្រិន និងធុរកិច្ចជន​មកពី២៥ ប្រទេស និង ភ្ញៀវកិត្តិយស ចូលរួមជាង៦០០ នាក់ ដែលប្រព្រឹត្តិ ធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី០៩-១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមប្រធានបទ”រួមគ្នាឆ្ពោះទៅកាន់អនាគត ដើម្បីបង្កើតឱកាសថ្មីក្នុង ការកែប្រែ សេដ្ឋកិច្ចពិភពលោក” ដោយផ្តោត​​សំខាន់​​​​នូវស្ថាន​ភាព​ទូទៅ​​លើទំនាក់ទំនងនៃការ​ផ្លាស់ប្តូរសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ធនាគារ ,សិក្សាធិការ, បច្ចេកវិទ្យា ទេសចរណ៍ ​,ការវិនិ​យោគ​សេដ្ឋ​​កិ​ច្ច​បែប​ទំនើប, សុខាភិបាល និងវិស័យ​ពាណិជ្ជ​កម្ម​ពណ៌បៃតង​ និងការវិនិយោគលើ​គ្រប់វិស័យ ។

ឯកឧត្ដមទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានគូសបញ្ជាក់ថា សក្តានុពលកម្ពុជា ក្រោម​គោលនយោបាយអភិវឌ្ឍន៍ឈ្នះៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការបើកទូលាយឱកាសវិនិយោគជាតិ និងអន្តរជាតិ ជាមួយការលើកទឹកចិត្តជាច្រើន ដែលមានការចាប់អារម្មណ៍ក្នុងការមកវិនិយោគ បណ្ដាក់ទុននៅកម្ពុជា ដែលកំណើនសេដ្ឋកិច្ចនៅកម្ពុជា ក្នុងអត្រាជាង ៧ភាគរយ ប្រចាំឆ្នាំ ក្នុងរយៈពេលជាង១ទសវត្សរ៍ ។

សូមបញ្ជាក់ថា ក្រោយពីបញ្ចប់នៃវេទិការកិច្ចប្រជុំសេដ្ឋកិច្ចពិភពចិន នៅរាត្រីថ្ងៃទី១០​វិច្ឆិកា ឆ្នាំ២០១៨នេះ សមាជិកគណៈកម្មាធិការ នៃវេទិកានេះ ក៏បានរៀបចំពិធី អបអរសាទរ​ជួបជុំពិសារអាហារសាមគ្គី ក្នុងគោលបំណង ដើម្បីបង្កើនភាពស្និទ្ធស្នាល និង ទំនាក់ទំនង​ជាមួយគ្នាឱ្យកាន់តែល្អ ដោយមានការអញ្ជើញចូលរួមពី ប្រធានាបតី នៃបណ្ដាប្រទេស​នីមួយៗ និង ដោយមានការចូលរួមពីលោក YB Dato’ Seri Anwar Ibrahim អ្នកតំណាងរាស្រ្ត និងជាបេក្ខជននាយក​រដ្ឋមន្ត្រីម៉ាឡេស៊ីទី៨ ជាមួយបណ្តាមេដឹកនាំជា អតីតនាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និងបណ្តាថ្នាក់ដឹកនាំ​ ស្ថាប័ន ប្រធានក្រុមហ៊ុន​ធំៗ ​មកពី២៥ ប្រទេស ចូលរួម ផងដែរ ៕

ដោយ សួស សំរិត