ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រាជធានីភ្នំពេញ ត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំសមាគមអន្ដរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង លើកទី៣៩នៅឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអះអាងថា រាជធានីភ្នំពេញ ត្រូវបាន​ជ្រើសរើសធ្វើជាម្ចាស់ផ្ទះ​ នៃកិច្ចប្រជុំសមាគមអន្ដរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង លើកទី៣៩នៅឆ្នាំ២០១៩ ខាងមុខនេះ ហើយក៏ជាកិតិ្ដយស សម្រាប់ ប្រជាជននៅរាជធានី​ភ្នំពេញ​ផងដែរ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពីបញ្ចប់ដំណើរ​ទស្សនកិច្ចទៅចូលរួម​មហាសន្និ បា​ត​សមា​គមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង កាលពីព្រឹកថ្ងៃសៅរ៍ ៣កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅអាកាសយាន​ដ្ឋានអន្ដរជាតិភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ​ក្នុងមហាសន្និបាតនោះ អង្គប្រជុំ​បានជ្រើសរើសរាជធានីភ្នំពេញ ឱ្យធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ​សមាគមអន្ដរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង លើកទី៣៩ នៅឆ្នាំ២០១៩ខាងមុខនេះ។ ឯកឧត្តមបានបន្ដថា មហាសន្និបាតនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ អាន អ៊ីដាល ហ្គោ អភិបាល​ក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង និងរដ្ឋមន្ត្រី​ក្រសួង​កីឡាបារាំងផងដែរ។ កិច្ចប្រជុំនេះក៏បានដោយផ្តោតលើប្រធានបទ ដែលពាក់ពន្ធ័កីឡា​គឺកីឡាសុខភាព ឬបំពេញឱ្យគ្នា កីឡាការបង្កើតថ្មី និងការអភិវឌ្ឍមូលដ្ឋាន, ទីក្រុង និងព្រឹត្តិការណ៍កីឡាអន្តរជាតិខ្នាតធំ, តើជាហានិភ័យ ឬជាឱកាស កីឡា និងតម្លៃក្នុងទីក្រុងផងដែរ។

ជាមួយគ្នានេះ បើតាមកិច្ចប្រជុំគឺមានរបៀបវារៈជាច្រើន ត្រូវបានលើកយកមកពិភាក្សា និងអនុមត័មានការធ្វើបច្ចុប្បន្នភាព បញ្ជីសមាជិក, អនុម័តកំណត់ហេតុអង្គសន្និបាត AIMF លើកទី៣៧, របាយការណ៍ស្ដីពីសកម្មភាពរបស់ AIMF ក្នុងឆ្នាំ២០១៧, របាយការណ៍ នៃការអនុវត្តថវិកាឆ្នាំ២០១៧ និងបទបង្ហាញអំពីគណនេយ្យ, របាយការណ៍សវនករ, ការអនុម័តលើគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០១៧, គម្រោងចំណាយនានា​លើការឧបត្ថម្ភដល់ទីក្រុង នីមួយៗ ជាសមាជិកAIMF។

ឯកឧត្តមអភិបាលក៏បានលើកឡើងពីកិច្ចសហការល្អប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយធ្វើឱ្យគណៈប្រតិភូកម្ពុជាមានលទ្ធភាពពេញលេញចូលរួមពិភាក្សា និងផ្តល់យោបល់ ដើម្បីរៀបចំកសាងសេចក្តីព្រាងគោលនយោបាយ និងយន្តការនានាព្រមទាំងផែនការយុទ្ធ សាស្ត្រ៥ឆ្នាំ របស់សមាគមទុកជាប្រយោជន៍ដល់បុព្វហេតុ​នៃហ្វ្រង់កូហ្វូនី កិច្ចសហប្រតិបត្តិ​ការអន្តរជាតិ និងការរៀបចំបែបផែន អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ របស់បណ្តា​សមាជិក​សមាគមនាពេលអនាគតឱ្យដើរឆ្ពោះទៅរកវឌ្ឍនភាពលើគ្រប់វិស័យដោយចីរភាព។

សូមបញ្ជាក់ថា គណៈប្រតិភូកម្ពុជាបានអញ្ជើញទៅ​បំពេញទស្សនកិច្ចជាផ្លូវការ នៅទី​ក្រុងប៉ារីស ប្រទេសបារាំង ដើម្បីទៅចូលរួមមហាសន្និបាត លើកទី៣៨ របស់សមាគម​អន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF នៅទីក្រុងលីស ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨៕

ដោយ សួស សំរិត