ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រាជធានីភ្នំពេញទទួលបានលទ្ធផលផ្លែផ្កា គួរជាទីមោទនៈ សម្រាប់មហាសន្និបាតសមាគមអន្តរជាតិ អភិបាលក្រុង ប្រើប្រាស់ភាសាបារាំង

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖
 រាជធានីភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការនិងចូលរួម មហាសន្និបាតសមាគម អន្តរជាតិ អភិ​បាលក្រុង ប្រើប្រាស់ភាសាបារាំងនៃទីក្រុងប៉ារីស​សាធារណៈរដ្ឋបារាំងរយៈ​ពេលជាងមួយ​សប្តាហ៍​នេះ ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្តម ឃួងស្រេង អភិបាល​រាជ​ធានី​ភ្នំ​ពេញ ​ដោយ​​​មានការអនុញ្ញាតពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេច​ក្រឡា​​​​​​ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមក​នូវផ្លែផ្កា​មួយចំ​នួនធំ សម្រាប់ប្រទេស​ជាតិនិងរាជធានីភ្នំពេញ។


ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ច និងវិលត្រឡប់ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនា​ព្រឹក​​ថ្ងៃទី១០ វិច្ឆិកានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាន​មានថ្លែងប្រាប់​អ្នក​សារព័ត៌​មាន​ថា ក្នុងដំណើរទស្សនកិច្ចនេះរដ្ឋបាលរាជធានី ទទួលបានលទ្ធផល​ជាផ្លែផ្កា​មួយចំ​នួន ក្នុង​នោះបានទៅបំពេញទស្សនកិច្ច នៅទីក្រុងប៉ារីស ដែលទទួលដោយលោកជំទាវPauline CARMONA អនុប្រធាននាយកដ្ឋានកិច្ចការអាស៊ី និងអូសេអានីនៃក្រសួងការបរទេសបារាំង ។ ដែល​លោកជំទាវ ​បាន​សន្យាបន្តកិច្ចសហប្រតិបត្តិការកម្ពុជា.បារាំង ជាពិសេសកិច្ចសហប្រតិបត្តិ​ការរវាងរាជធានី​ភ្នំ​ពេញ និងទីក្រុងប៉ារីសនិងការសន្យាផ្តល់ជំនួយមករាជធានីភ្នំពេញ។

បានចូល​រួមកិច្ចប្រ​ជុំគណៈ​កម្ម​ការអចិន្រៃ្តយ៏របស់សមាគមអន្តរ​ជាតិអភិបាលក្រុងប្រើប្រាស់​ភា​សាបារាំង(AIMF)លើកទី៨៨ និង​កិច្ច​​​ប្រជុំពេញអង្គរបស់AIMFលើក​ទី៣៨នៅទីក្រុង​លីលប្រ​ទេស​​បារាំង ដែលមានការ​រួមពីបណ្តាលទី​ក្រុង​ចំនួន២៩៤ប្រទេស ហើយបានអនុម័តអោយ ការ ប្រជុំរបស់AIMFលើកទី៣៩នៅ ប្រទេសកម្ពុ​ជា​​ឆ្នាំ២០១៩ខាងមុខនេះ ។


ឯកឧត្តមបន្តថា នៅអាស៊ីអាគ្នេយ៍មានតែទីក្រុងភ្នំពេញតែមួយគត់ ដែល​ជាសមាជិកអចិន្រ្តៃយ៍ របស់AIMF ហើយវាមានសារប្រយោជន៍​ដើម្បីបង្ហាញទៅដល់​ប្រទេស​ជាង​​២៨០ ពីភាពរឹង​មាំ​របស់​​​យើង បង្ហាញពីសក្តានុពល ជូនទៅប្រទេសទាំងនោះ ពីបញ្ហាវិនិយោគ  បេ​តិ​កភណ្ឌពិភព​លោក ដូចជាប្រាសាទអង្គរ ប្រាសាទសម្បូរព្រៃគុក ប្រាសាទព្រះវិហារ ដើម្បី​ទាក់ទាញ​ទេស​ចរណ៍ ។ល។ ជាពិសេសយើងបានបង្ហាញពីទីក្រុងភ្នំពេញ មានភាពស្រស់ស្អាត សុវត្ថិភាព ទប់ស្​កាត់​បាននូវអំពើភារវកម្ម ដែលAIMFចង់បាននូវចំណុចទាំងនេះ។ ជាងនេះទៅទៀត ដើម្បីកាត់​បន្ថយ​នូវការបោកប្រាស់របស់អ្នកនយោបាយ ផ្សេងៗ ដែលអ្នកនយោបាយខ្លះបាន​យកប្រទេស​កម្ពុ​ជា ប្រជាជនកម្ពុជា ធ្វើជាចំណាត់ខ្មាំង  និងធ្វើការបំផ្លើសការពិត​ជុំវិញ​បញ្ហា​ការ​អភិវឌ្ឍ​នៅប្រទេស​កម្ពុជា  ។

យើងបានផ្សព្វផ្សាយនូវការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលកន្លងមក គេតែង​តែ​បំ​ផ្លើស​​ការពិត ធ្វើឲ្យមានការភាន់ច្រឡំលើឆាកអន្តរជាតិ។ នេះគឺជាជោគជ័យ និងមោទនភាព របស់យើង ដែលមានសម្តេចតេជោ បានដឹកនាំប្រទេសកម្ពុជា រហូតដល់​មានការ​ទទួល​ស្គាល់​លើ​ឆាកអន្តរជាតិ ហើយមិនត្រឹមតែប៉ុណ្ណោះ បណ្តាប្រទេសលើពិភពលោក មានការ​កោតសរ​សើរ ចំ​ពោះការដឹកនាំ របស់សម្តេចតេជោតែម្តង ។

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៏ទៀតថា គណៈប្រតិភូបានទៅ​ពិនិត្យនៅទី​ក្រុងប៉ារីស​លើ​បញ្ហាចរាចរណ៍ក្នុងលក្ខណៈបច្ចេកវិទ្យាខ្ពស់របស់ទីក្រុងប៉ារីស ក្នុងនោះយើងបានស្នើសុំ​ដល់​ទីក្រុង​ប៉ា​រីស ឲ្យជួយដោះស្រាយបញ្ហាចរាចរណ៍នៅទីក្រុងភ្នំពេញ។ បានជួបជាមួយ​លោក​ជំទាវ​Pauline CARMONA អនុប្រធានកិច្ចការអាស៊ីនិងអូសេអានី នៃក្រសួងការបរទេស​សាធារណ​រដ្ឋ​បារាំង ដោយ​លើកបានឡើងនូវបញ្ហាមួយចំនួន ហើយលោកជំទាវ ក៏បានលើកឡើង ជុំវិញបញ្ហា​តម្រាយ​ផ្លូវត្រាន់វ៉េក្នុងជំហានទី៣ នៅកម្ពុជា គឺផ្លូវព្រះមុនីវង្ស ដែលកិច្ចការងារត្រូវធ្វើបន្ថែម​លើ​ការ​ងារ​ដឹកជញ្ជូនសាធារណៈ។ ក្នុងនោះ ប្រតិភូបានពិនិត្យទៅលើការកែតម្រូវ រៀបចំ​សណ្តាប់​​​​​​​ធ្នាប់​សាធារណៈ ដូចជាការរៀបចំផ្លូវក្នុងទីក្រុងប៉ារីស មានប្រជាជនជាង១២លាននាក់ ហើយ​កិច្ចការនេះ ត្រូវបានប្រតិភូ ដកស្រង់បទពិសោធន៍ និងយកមកប្រើប្រាស់​នៅរាជធានី​ភ្នំ​ពេញ និងមាន​សារសំ​ខាន់​សម្រាប់ប្រជាជនជាង៣លាននាក់នៅរាជធានីភ្នំពេញ។ ឯកឧត្តមបន្ថែមថា ក្នុងជំនួបជាមួយ​លោកជំទាវAnne Hidalgo អភិបាលទីក្រុងប៉ារីស គណៈ​ប្រ​តិ​​​ភូ​បានលើកឡើង​និង​ស្នើសុំឲ្យមាន​ការ​ផ្តល់​ជំនួយបច្ចេកទេសលើការសិក្សា​បញ្ហាបច្ចេក​ទេស​នៅរាជធានីភ្នំពេញ លោកជំទាវ បាន​ឯក​ភាព​​និងសន្យាថានឹងផ្តល់ជំនួយនេះ​មកដល់​កម្ពុជា ។ កន្លងមកទីក្រុងភ្នំពេញ ក៏បានទទួល​ជំនួយ​សិក្សា​បច្ចេកទេស  ពីទីក្រុងប៉ារីស ក្នុងការ​រៀបចំប្ល​ង់មេឆ្នាំ២០៣៥ និងទទួលបាននូវយកចិត្ត​ទុកដាក់ពីជំ​នួយ​របស់ទីក្រុងប៉ារីស ហើយលោកជំទាវ បានសន្យាថានឹងមកបើកកិច្ចប្រជុំ AIMFនៅទីក្រុងភ្នំពេញ ហើយកិច្ចការនេះ​រដ្ឋបាលរាជធានីភ្នំ​ពេញ​នឹងធ្វើសំណើសុំយោបល់ពីសម្តេចតេជោ នាយករដ្ឋមន្រ្តី លើការប្រារព្ធកិច្ចប្រជុំAIMF ដើម្បី​​​ឆ្លងបទពិសោធន៍ និងការចង្អុលបង្ហាញពីសម្តេចតេជោ  ធ្វើយ៉ាង​ណា ដើម្បីឲ្យកិច្ចប្រជុំ​ទទួល​​បានជោគជ័យទទួលបានកោតសរសើរដល់ទីក្រុងភ្នំពេញ និងជាកិត្តិ​យស​ដល់ប្រជា​ជន​ខ្មែរ។ការប្រារព្ធកិច្ចប្រជុំAIMF ដែលទីក្រុងភ្នំពេញ ធ្វើជាម្ចាស់ផ្ទះនោះ វានឹង​ផ្តល់​ផលប្រយោ​ជន៍​យ៉ាងសំខាន់ ដោយយើងបានបង្ហាញ​ឲ្យអន្តរជាតិមើលឃើញ​ដល់២៩៤ទីក្រុងដែល​ចូលរួមប្រជុំ ហើយទីក្រុងទាំងនោះពេលត្រឡប់ទៅវិញ ពួកគេនឹងផ្សព្វផ្សាយថាទីក្រុងភ្នំពេញ យ៉ាង​ម៉េច  ដែលរយៈកាលកន្លងមក ពួកគេទទួលបានតែសំឡេងម្ខាង ពីទីក្រុងភ្នំពេញ តែទីក្រុងពិត​របស់​យើង មានស្ថិរភាព សន្តិភាព ប្រជាជនមានទឹកមុខសប្បាយរីករាយ ក្នុងការប្រកប​មុខរបរ​អាជី​វកម្ម មានជីវភាពធូរធារ និងមានការអភិវឌ្ឍ តាមគម្រោងរបស់សម្តេចតេជោ ។  យើងបង្ហាញពី​ឧត្តមភាព​របស់​ទីក្រុងភ្នំពេញ ដែលក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ ទីក្រុងភ្នំពេញ បានងើប​ឈរឡើង​ដោយ​ខ្លួនឯង ពង្រឹងដោយ​ខ្លួនឯង និងធ្វើការអភិវឌ្ឍជាជំហានៗ រហូតដល់ទីក្រុង​លើ​ពិភពលោក​ផ្តល់កិត្តិយសឲ្យបើកសម័យប្រជុំពេញ​អង្គរបស់គណៈអចិន្រ្តៃយ៍​ទីក្រុង​និយាយ​ភា​សា​​បារាំង ។ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ខណៈដែលលោកបញ្ជាក់ថា  ក្រោយ​កិច្ច​ប្រ​ជុំ​គណៈ​អចិ​ន្រ្តៃយ៍ទីក្រុងនិយាយភាសាបារាំងចប់ ឯកឧត្តម សន្យាថានឹងនាំពួកគាត់ទៅទស្សន​កិច្ច​​​នៅអង្គរវត្ត ពេលនេះ សមាជិកអង្គប្រជំ​បានសម្តែងនូវការសាទរ ដោយ​ចង់ស្គាល់​ណាស់នូវ​បេ​តិកភណ្ឌ​ពិភព​លោក ជាពិសេស ដែលនេះជាការកៀរគរភ្ញៀវទេសចរឲ្យ​ មកទស្សនាកម្សាន្ត​នៅប្រាសាទល្បីៗ​របស់កម្ពុជានាថ្ងៃអនាគត ម្យ៉ាងទៀតចង់ឲ្យពួកគាត់មើលឃើញថាកម្ពុជា ពិតជាមានសុខសន្តិភាព មានការអភិវឌ្ឍរីកលូតលាស់យ៉ាងពិតប្រាកដ ៕