ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្ដម ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ស្នើម៉ាឡេស៊ីបន្ដជួយអភិវឌ្ឍន៍ ដល់សហគមន៍ខ្មែរ​អ៊ិស្លាមឱ្យមានការរីកចម្រើន

AKP ភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ — ឆ្លៀតឱកាសនៅក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី ឯកឧត្ដមទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានចូលជួបសំណេះសំណាល និងពិភាក្សាការងារ សុំបន្ដកិច្ចសហប្រតិ​ បត្តិការការងារមនុស្សធម៌ជាមួយ ឯកឧត្ដម YB Datuk Seri Dr.Mujahid bin Yusof ​រដ្ឋមន្រ្តី​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី ទទួលបន្ទុក​កិច្ច​ការសាសនាម៉ាឡេស៊ី និងឯកឧត្ដម Datuk Haji Mohd Nordin Ibrahim ប្រធានអគ្គនាយកដ្ឋានអភិវឌ្ឍន៍អ៊ិស្លាម (JAKIM) រួមនឹងថ្នាក់ដឹកនាំអ៊ិស្លាម សំខាន់ៗរបស់ប្រទេសម៉ាឡេស៊ី ដែលគ្រប់គ្រងកិច្ចការអ៊ិស្លាម និងការងារមនុស្សធម៌​ទូទាំងប្រទេសម៉ាឡេស៊ី។ ជំនួបនេះបានប្រព្រឹត្ដទៅកាលពី ថ្ងៃសុក្រ ២កើត ខែកត្ដិក ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៨ នៅការិយា ល័យរដ្ឋបាលរាជ​រដ្ឋាភិបាលទីក្រុង Putrajaya នៃប្រទេសម៉ាឡេស៊ី ។

ឯកឧត្ដម ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា កន្លងមកតាមរយៈ មហា​មិត្ដម៉ាឡេស៊ី ដោយផ្អែកលើកិច្ចសហប្រតិបត្តិការការងារមនុស្សធម៌ ជាមួយឯកឧត្ដម YB Datuk Seri Dr. Mujahid bin Yusof ​រដ្ឋមន្រ្តី​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី ទទួលបន្ទុក​កិច្ច​ការសាសនាម៉ាឡេស៊ី និងលោក Datuk Haji Mohd Nordin Ibrahim ប្រធានអគ្គនាយកដ្ឋានអភិវឌ្ឍន៍អ៊ិស្លាម (JAKIM) បានជួយឧបត្ថម្ភថវិកា ជាច្រើនដល់កម្ពុជា ក្នុងការសាងសង់វិហារ, សូរ៉ាវ, វិទ្យាស្ថាន, សាលា, អន្តេរវាសិកដ្ឋានសិស្ស ទិញដីពង្រីកទី​ធ្លាសាលា សិក្ខាសាលា វគ្គបណ្តុះបណ្តាលបច្ចេកទេស កម្មពិធីស្រាយបួស កុមារកំព្រា ចាស់ជរា និងជំនួយគ្រោះធម្មជាតិ ជាដើម តាមរយៈគណៈដឹកនាំជាន់ខ្ពស់​នៃសាសនាអ៊ិស្លាម​កម្ពុជា និងអង្គការមូលនិធិអភិវឌ្ឃន៍មុស្លិមកម្ពុជា។

សូមបញ្ជាក់ថា ដោយមានការឯកភាព ជាគោលការណ៍ ពីសម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ទទួលបន្ទុកបេសកកម្មពិសេស ដឹកនាំគណៈប្រតិភូកម្ពុជា ចេញដំណើរ កាលពីថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ ទៅចូលរួមវេទិកា​សេដ្ឋ​កិច្ច​​​ពិភពចិន(World Chinese Economic Forum) ហៅកាត់ថា WCEF ជាវេទិកាលើកទី១០​ដែលប្រារព្ធធ្វើនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់TUN Dr. Mahathir Mohamad នាយក​រដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី០៨ ដល់១១ ខែវិច្ឆិកា ២០១៨ ៕

ដោយ សួស សំរិត