ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វត្តស្វាយរមៀត ក្រុងសៀមរាប រៀបចំពិធីប្រណាំងទូកប្រពៃណី ដើម្បីអបអរសាទរ​បុណ្យកឋិនផង និងទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា

AKP សៀមរាប ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ — ព្រះតេជគុណ នឿម វុទ្ឋី ព្រះគ្រូចៅអធិការវត្តបារាយណ៍មហានទី រតនារាម ហៅវត្តស្វាយ​រមៀត ដែលនេះគឺជាឆ្នាំទី៤ ដែលព្រះសង្ឃ និងគណៈកម្មការវត្ត បារាយណ៍មហានទី រតនារាម ហៅវត្តស្វាយរមៀត រួមជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពុទ្ធបរិស័ទ បានរៀបចំ ពិធីអុំទូកប្រពៃណីនៅ បារាយណ៍ទឹកថ្លាសង្កាត់ទឹកវិល ក្រុងសៀមរាប ក្នុងគោលបំណង អភិរក្ស​ និងថែរក្សាប្រពៃណីពីដូនតា និងបង្កើនសាមគ្គីភាពឱ្យកាន់តែជិតស្និតថែមទៀត រវាងវត្តអារាម និងពុទ្ឋបរិស័ទ។ លើសពីនេះទៀត​ការរៀបចំពិធីនេះ គឺដើម្បីអបអរសាទរដល់ទិ​វាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងបុណ្យកឋិនទាន ព្រមទាំងរម្លឹកវីរភាពកងទ័ពជើងទឹក​សម័យដូនតាខ្មែរ ដែលទទួលជោគជ័យលើខ្មាំងសត្រូវ ។


ព្រះអង្គមានថេរដិកាបន្តថា ដោយសារតែការរៀបចំប្រណាំងទូកលក្ខណៈប្រពៃណីនេះ​បាន​ផ្តល់ផលប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋ តាមរយៈទទួលបានប្រាក់កំរ៉ៃ​ពីការលក់ដូរ​ម្ហូប​អាហារនិងបានជួបជុំគ្នាសប្បាយបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាមានសន្តិភាព​គ្រប់គ្រាន់​ផង​នោះ វត្តស្វាយរមៀត​ នឹងរៀបចំពីធីប្រណាំងទូកលក្ខណៈប្រពៃណីនេះ នាឆ្នាំក្រោយ ប្រណាំងទូកលក្ខណៈប្រពៃណីបន្តបន្ទាប់ទៀត។


ពិធីប្រណាំងទូកនេះគឺមានរយៈពេល២ថ្ងៃ​ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៨ ដោយមានទូកចូលរួម១៥គូ ហើយទូកនីមួយៗចំណុះ៦នាក់ នៅវគ្គផ្តាច់ព្រ័ត្ត ទូកលេខ១ ដល់លេខ៣ នឹងទទួលបានពាន១ រួមជាមួយទឹកប្រាក់លើកទឹកចិត្តមួយចំនួន​ពីគណៈកម្មការ ប្រណាំងទូកនេះផងដែរ។


ថ្លែងបិទកម្មវិធីប្រណាំងលក្ខណៈប្រពៃណី កាលរសៀលថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងគរបាលខេត្តសៀមរាប បានចាត់ទុកការរៀបចំ ឱ្យមានពិធីប្រណាំងទូករយៈពេលពីរថ្ងៃ នៅក្នុងវត្តនេះថា បានប្រព្រឹត្តទៅដោយរលូន និងពោរពេញដោយភាពសប្បាយរីករាយ ពុំមានជួបនូវបញ្ហាអសន្តិសុខ គ្មានអំពើលួចឆក់ គ្មានជំលោះទាស់ទែងអ្វីនោះទេ។លោកស្នងការរងបានថ្លែងកោតសរសើរផងដែរនូវការរៀបចំពិធីអុំទូកលក្ខណៈប្រពៃណី ថាជាចលករសំខាន់មួយ ជួយអូសទាញអ្នកទេសចរ​ជាតិ​អន្តរជាតិឱ្យចាប់ចិត្តជាមួយនឹងពិធីប្រពៃណី ទំនៀមទំលាប់ខ្មែរ ដែលមានតាំងពីយូរលង់​ណាស់មកហើយ ជាពិសេសអ្នកទេសចរបានមកទស្សនាផ្ទាល់ បន្ទាប់ពីគេបានទស្សនា​កម្លាក់បុណ្យអុំទូកនៅតាមប្រាសាទរួចមក។ ក្រៅពីការប្រណាំងទូកប្រពៃណីនេះ នៅពេល​ខាងមុខនេះអាជ្ញាធរខេត្តសៀមរាប ក៏នឹងរៀបចំណាំងទូកទូទាំងខេត្តដែលនឹងប្រព្រឹត្ត ទៅពី ថ្ងៃទី២១ និងថ្ងៃទី២២ ខែវិច្ឆិកា ខាងមុខ ផងដែរ។


សូមបញ្ជាក់ថា ពិធីប្រណាំងទូកលក្ខណៈប្រពៃណីនេះ មានទូកចំនួន២៨បានចូលរួម និងការប្រណាំងមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី០៨ និងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ៕

ដោយ ឃុត សៅ