ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រារព្វពិធីបង្សុកូលវិញ្ញាណក្ខន្ធកុមារ ហ៊ុន កំសត់ គម្រប់ខួប៤២ឆ្នាំ

វិទ្យុជាតិកម្ពុជា៖ ដោយ​ លោក​ ហោ​ សេងគ្រី​ និង​លោក​ ចន​ ណារិទ្ធ​៖

នៅព្រឹកថ្ងៃទី១០វិច្ឆិកានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំងបុត្រធិតា និងចៅៗ បានមូលមតិគ្នាជាឯកច្ឆ័ន្ទ និមន្តសម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តមុនីសុវណ្ណ ហៅចំពុះក្អែក រួមទាំងព្រះសង្ឃចំនួន៦អង្គទៀត ប្រារព្វពិធីបុណ្យបង្សុកូលឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធកុមារ ហ៊ុន កំសត់ គម្រប់ខួប៤២ឆ្នាំ ត្រូវជាបុត្រច្បងរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានលាចាកលោកយ៉ាងអមនុស្សបំផុត កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦ នៃរបបគុកឥតជញ្ជាំង ប្រល័យពូជសាសន៍ ប៉ុល ពត ។

នៅក្នុងពិធីតាមបែបសាសនានេះ សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រាបុត្រី និងញាតិមត្តិគ្រប់ក្រុមគ្រួសារទាំងអស់ បានបូជាទៀនធូផ្កាភ្ញីទឹកអប់ប្រេងម្សៅគ្រឿង ឧបភោគបរិភោគភេសជ្ជះ និងចង្ហាន់ ថ្វាយចំពោះព្រះពុទ្ធរូប ប្រគេនព្រះសង្ឃ ដើម្បីជាកិច្ចឧទ្ទិសជូនដល់កុមារ ហ៊ុន កំសត់ សូមបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតដោយប្រការណាមួយឡើយ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបង្ហោះសារលើបណ្តាញសង្គម ផ្លូវការរបស់សម្តេចដោយបានធ្វើការគូសបញ្ជាក់ថា ការឈឺចាប់ដែលមិនអាចបំភ្លេចបានកូនប្រុសដ៏កំសត់របស់ពុកនៅថ្ងៃនេះគឺដល់ខួប៤២ឆ្នាំនៃការស្លាប់យ៉ាងវេទនារបស់កូននៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១០វិច្ឆិកា១៩៧៦-១០វិច្ឆិកា២០១៨)។

សម្ដេចតេជោបានរំលឹកពីប្រវត្តិឈឺចាប់យ៉ាងដូច្នេះថា ពុកនិងម៉ែកូនមិនដែលភ្លេចទេនូវសោកនាដកម្មដែលបានកើតឡើងចំពោះរូបកូនព្រមទាំងពុកនិងម៉ែនោះទេ។ការរៀបចំឡើងនូវផ្នូររបស់កូននិងចម្រៀង“អនិច្ចារកូនកំសត់ប្រវត្តិម្ដាយកម្ម”“ទំនួញកំសត់ប្រវត្តិវិទ្យាល័យនិង“ព្រលឹងកំសត់ដែលពុកម៉ែបានធ្វើឡើងក្នុងបំណងរំលឹកដល់វិញ្ញាណក្ខ័ន្ឋកូននិងការឈឺចាប់នាពេលនោះ ។

ពុកនៅចាំបានយ៉ាងច្បាស់ថា ក្រោយម៉ោង៦ព្រឹកថ្ងៃទី១០ខែវិច្ចកាឆ្នាំ១៩៧៦ក្រោយពេលកូនប្រសូត្រចាកផ្ទៃម្តាយកូនគ្រូពេទ្យបានធ្វើឱ្យកូនរបូតធ្លាក់ពីដៃត្រូវនឹងជ្រុងគ្រែធ្វើឱ្យកូនបាក់ឆ្អឹងខ្នងធ្លាក់ដល់ដីគាប់ជួនពុកបានធ្វើដំណើរពីភូមិកោះថ្មឃុំទន្លូងទៅដល់មន្ទីរពេទ្យតំបន់ដែលតាំងនៅអតីតអនុវិទ្យាល័យស្រុកមេមត់។

ម្តាយកូនឆ្លងទន្លេម្នាក់ឯងដោយមិនមានពុកនៅមើលថែទេ។សម្ដេចបន្តថា ពុកមិនបានបំពេញការងារជាប្តីជាឪពុកទេព្រោះពេលនោះមិនថាតែពុកនោះទេគឺប្រជាជនទូទាំងប្រទេសមានសិទ្ឋិតិចជាងសត្វឆ្កែឬឆ្មាទៅទៀត។ឆ្កែឆ្មាវាមានសិទ្ឋិការពារកូនវាច្រើនជាងមនុស្ស។តែដូចទេវតាបានជួយរៀបចំឱ្យពុកបានធ្វើដំណើរជាមួយមេបញ្ជាការទៅកាន់ស្រុកត្បូងឃ្មុំនាពេលនោះដែលពុកមានឱកាសចូលមើលម្តាយកូននៅមន្ទីរពេទ្យប្រចាំស្រុកមេមត់ ។

ភាពតក់ស្លុតបានកើតឡើងចំពោះរូបពុកនៅពេលដែលពុកឈានជើងចូលដល់មន្ទីរពេទ្យហើយត្រូវអ្នកជម្ងឺដែលសម្រាកជាមួយម្តាយកូនស្រែកប្រាប់ថា “រ៉ានីឆ្លងទន្លេហើយកូនស្លាប់ហើយ”។