ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោ ហ៊ុន សែន រម្លឹកការឈឺចាប់ដែលមិនអាចបំភ្លេចបានចំពោះការបាត់បង់កូនជា ទីស្រឡាញ់ កាលពី ៤២ឆ្នាំមុន ក្នុងរបបខ្មែរក្រហម

AKP ភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបា​ន​រម្លឹកការឈឺចាប់ដែលមិនអាចបំភ្លេចបានចំពោះការបាត់បង់កូនជាទីស្រឡាញ់ កាលពី៤២​ឆ្នាំមុន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

នៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក នាថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស​ម្ដេ​ច​តេ​ជោ​ ហ៊ុន សែនបានសរសេរថា កូនប្រុសដ៏កំសត់របស់ពុក នៅថ្ងៃនេះគឺដល់ខួប៤២ឆ្នាំ នៃ​ការ​ស្លាប់​យ៉ាងវេទនារបស់កូន នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០១៨)។ សម្ដេចតេជោបានបន្ដថា ពុក និងម៉ែកូន មិនដែលភ្លេចទេនូវសោក នាដកម្មដែល​បានកើតឡើង​ចំពោះ​រូប​កូន ព្រមទាំងពុកនិងម៉ែនោះទេ។ ការរៀបចំឡើង​នូវផ្នូររបស់កូន និងចម្រៀង “អនិច្ចារកូន​កំ​ស​ត់​ប្រវត្តិម្ដាយកម្ម” “ទំនួញកំសត់ប្រវត្តិវិទ្យាល័យ” និង “ព្រលឹងកំសត់” ដែលពុក ម៉ែបានធ្វើ​ឡើ​ង​ក្នុង​បំណងរំលឹកដល់វិញ្ញាណក្ខន្ឋកូន និងការឈឺ ចាប់នាពេលនោះ។ ទន្ទឹមនេះ ពុកនៅចាំបានយ៉ាង​ច្បា​ស់ថា ក្រោយម៉ោង៦ព្រឹក ថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ក្រោយពេលកូនប្រសូត្រ​ចាក​ផ្ទៃ​ម្តា​យកូន គ្រូពេទ្យបានធ្វើឱ្យកូនរបូតធ្លាក់​ពីដៃត្រូវនឹងជ្រុងគ្រែធ្វើឱ្យកូនបាក់ឆ្អឹងខ្នងធ្លាក់ដល់​ដី​គា​ប់ជួនពុកបានធ្វើដំណើរពីភូមិ​កោះថ្មឃុំ​ទន្លូង ទៅដល់មន្ទីរពេទ្យតំបន់ដែលតាំងនៅអតីត​អ​នុ​​វិទ្យាល័យស្រុកមេមត់។ សម្ដេចតេជោ​បានរម្លឹកថា “ម្តាយកូន​ឆ្លង​ទន្លេម្នាក់ឯងដោយមិនមានពុកនៅមើលថែទេ។ ពុក​មិ​ន​​បានបំពេញ​ការងារជាប្តី ជាឪពុកទេ ព្រោះពេលនោះមិនថាតែពុកនោះទេ គឺប្រជាជន​ទូ​ទាំង​ប្រ​ទេសមាន​សិទ្ឋិតិចជាងសត្វឆ្កែ​ ឬឆ្មា​ទៅទៀត។ ឆ្កែ ឆ្មាវាមានសិទ្ឋិការពារកូនវាច្រើនជាងមនុ​ស្ស​​។

”សម្ដេចតេជោបានបន្ដទៀតថា តែដូចទេវតាបានជួយរៀបចំ​ឱ្យពុកបានធ្វើដំណើរជា​មួយ​មេបញ្ជាការទៅកាន់ស្រុកត្បូង​ឃ្មុំ​​នាពេលនោះ ដែលពុកមាន​ឱកាស​​ចូល​មើល ម្តាយកូន​នៅមន្ទីរពេទ្យប្រចាំស្រុកមេមត់។ ភា​ព​តក់ស្លុតបានកើត​ឡើង​ចំពោះរូបពុកនៅពេលដែលពុក​ឈានជើងចូលដល់មន្ទីរពេទ្យ ហើយ​ត្រូវ​អ្នកជំងឺដែលសម្រាក​ជាមួយម្តាយកូនស្រែកប្រាប់ថា “រ៉ានីឆ្លងទន្លេ ហើយកូនស្លាប់​ហើយ”​។ ពុកប្រឹងរត់ទៅរកកូនឃើញឈាមកូន​កំពុងហូរចេញ​​តាមមាត់ ពុកប្រឹងស្រែកឱ្យគេ​ជួយ​ដើ​ម្បី​សង្គ្រោះជីវិតកូន ក្នុងពេលដែលម្តាយកូនសន្លប់​មិនទាន់ដឹងខ្លួន និងមិនទាន់ដឹងថា​កូន​ស្លា​ប់​នៅឡើយ អាស្រ័យដោយនៅបន្ទប់នៅផ្សេងគ្នា។ ពុកអត់ធ្វើអ្វីបានទេកូន ពុកបានសុំ​មេ​បញ្ជា​ការ​ឃោរឃៅ ដើម្បីយកសពកូនទៅកប់​នឹងនៅ​មើលថែទាំ ម្តាយកូនក្រោយឆ្លងទន្លេ។ មិន​ត្រឹ​ម​តែមិនបានទទួលការអនុញ្ញាតប៉ុណ្ណោះទេ តែពុកត្រូវរងនូវការប្រមាថយ៉ាងធ្ងន់ធ្ងរទៀតផង “ ក​ម្មសិទ្ឋិមនោសញ្ចេតនាក្រាស់” “ មិត្តឯង​​មិនមែនគ្រូពេទ្យទេ” “ បើមិត្តឯងនៅ ក៏អាកូននេះ​មិន​រស់​​ឡើងវិញដែរ” “មានពេទ្យយក​ខ្មោច​កូននេះទៅកប់ហើយ មិនបាច់កប់ខ្លួនឯងទេ” “ការងារ​អង្គ​​ការសំខាន់ជាងការងារបុគ្គល” ។ល។

សម្ដេចតេជោបានសរសេរទៀតថា “ឈឺចាប់ណាស់កូន តែ​ពុក​ត្រូវទ្រាំអត់ធ្មត់​ព្រោះ​ការ​ងារដែលពុកត្រូវធ្វើគឺរំដោះប្រជាជនកម្ពុជាទូទាំងប្រទេសចេញ​ពីរ​បប​ឃោរឃៅនេះ។ ពុកពុំ​មាន​អ្វីផ្តល់ឱ្យកូនក្រៅតែពីក្រម៉ា១ ដែលដោះចេញពីកពុក ដើម្បី​រុំខ្មោ​ច​កូននោះទេ។ ពុកខំ​ប្រឹងទៅរកម្តាយកូនដែលទើបដឹងខ្លួនបន្ទាប់ពីសន្លប់ ហើយប្រាប់គាត់ថា កូន​ស្លាប់ហើយ នឹង​ដាក់ឈ្មោះកូនថា “កំសត់”។ ឈ្មោះនេះ នៅជាប់ជានិច្ចក្នុងវិញ្ញាណពុក ហើ​យ​​កូន កំសត់នេះ ហាក់តាមថែរក្សាពុកម៉ែគ្រប់ពេលវេលា។ ពួកគេបង្ខំឱ្យពុកចាកចេញ​ពីម្តាយ​កូននិងខ្មោច​កូន​ទាំងការឈឺចាប់ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់។ ៣ថ្ងៃក្រោយមកទើប​ពុក​បា​ន​​ការ​អនុញ្ញាត​ទៅជួបម្តាយកូនសារជាថ្មីដែលកំពុងមានជំងឺជាទម្ងន់ ដែលខ្មែរយើងនិយម​ហៅ​ថា ”សល់​សុក”។

ជាមួយគ្នានេះ ពុកត្រូវយកម្តាយកូនចេញពីពេទ្យដើម្បីឱ្យឆ្មបបូរាណ​ខ្មែរកាយ​ទម្លាក់​សុក​ចេ​ញ ទើបសង្គ្រោះជីវិតម្ដាយកូនបាន។ ពុកសុំទោសកូន ដែលពុកមិនដឹងថា សាកស​ព​កូនគេ​យ​ក​​​ទៅកប់ ឬបោះចោលនៅទីណា ព្រោះការងារបន្ទាន់របស់ពុក គឺត្រូវយកម្តាយកូន​ចេញពីមន្ទីរ​ពេទ្យ​ទៅព្យាបាលតាមបែបបូរាណវិញ។

​ពុកពុំមានពេលស្វែងរក​សាកសពកូន​នៅពេលនោះ​ទេ​ សង្ឃឹមថាកូនយោគយល់ ហើយមកនៅផ្នូរដែលពុកម៉ែបានសាងសង់​សម្រាប់កូន​តាំងពី​ទ​ស​​វត្សឆ្នាំ១៩៨០ មក។ រៀងរាល់ពេលដែលពុកនឹកដល់រឿងដ៏ឈឺចាប់នេះ ទឹកភ្នែកពុកតែង​តែ​ហូរចេញមក នេះជាទឹកភ្នែកនឹកដល់កូនកំសត់ ជាទឹកភ្នែកនឹកដល់ការឈឺ​ចាប់លើស​ពី​ការ​អត់​ធ្មត់បានរបស់មនុស្ស ជាទឹកភ្នែកនឹកដល់ប្រជាជនកម្ពុជារាប់លាននាក់​ដែលត្រូវ​ពួកប៉ុល ​ព​ត​ សម្លាប់ និងធ្វើបាបដូចក្រុមគ្រួសារយើងដែរ។

កន្លងមកប្អូនប្រុស​ប្អូនស្រី និងក្មួយៗ​រប​ស់​កូន​បានទៅដល់ផ្នូរកូន ហើយពុកម៉ែក៏បានរៀបចំបង្សុកូលឱ្យ កូនផងដែរ។ កូន កំសត់ សូម​ព្រ​លឹ​ងកូនបន្តតាមថែរក្សាពុក ម៉ែ ប្អូនៗ និងក្មួយៗរបស់កូន​តទៅទៀត។ ពុកនៅតែសូម​ការ​យោ​គ​​យល់ពីកូនដែលមិនបានយកសពកូនទៅបញ្ចុះ​ដោយ​ខ្លួនឯង។ ពុកត្រូវអត់ធ្មត់ និងធ្វើតាម​បញ្ជារ​របស់ពួកឃាដករ តែការអត់ធ្មត់នោះហើយ​ដែល​រក្សាជីវិតពុក និងម៉ែកូន ព្រមទាំង​ផ្តល់​ឱ​កាសឱ្យពុករួមចំណែកដឹកនាំ​ចលនាតស៊ូរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងកសាងប្រទេសបានរីកចម្រើនរហូត​សព្វថ្ងៃ។ សម្ដេចតេជោបានបន្ថែមថា ថ្ងៃនេះគឺជាថ្ងៃឯករាជ្យជាតិ​ខួប​លើ​ក​ទី៦៥ ពុកគួរ​តែសប្បាយ ប៉ុន្តែការឈឺចាប់បន្តយាយីអារម្មណ៍របស់ពុកជានិច្ច ហើយមានតែពេល​ពុក​ស្លាប់ប៉ុណ្ណោះទើបអាចបញ្ចប់ការឈឺចាប់នេះបាន៕

ដោយ ជឹម ណារី