ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោ ហ៊ុន សែន នឹង អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ នៅប្រទេសសិង្ហបុរី

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ជៀង យ៉ារ៉េត​ និងលោក​ ហោ​ សេងគ្រី​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅក្រោមមូលបទ «ភាពរឹងមាំ និង នវានុវត្តន៍របស់អាស៊ាន» ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានអោយដឹងថាសម្តេច តេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅក្រោមមូលបទ «ភាពរឹងមាំ និង នវានុវត្តន៍របស់អាស៊ាន»នេះគឺធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី។

សម្តេចតេជោនាយករដ្ឋមន្រ្តី រំពឹងថា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ដូចខាងក្រោមៈ

– កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៣ / ការពិសាអាហារការងារពេលល្ងាច សម្រាប់ថ្នាក់ដឹកនាំអាស៊ាន

– កិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្រ្តាលី អមដោយអាហារពេលព្រឹក

– កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២១

– កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២០

– កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៣

– កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២១

– កិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-ឥណ្ឌា អមដោយអាហារពេលព្រឹក

– កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៦

– កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២១

– កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៣ (ពេញអង្គ)

– កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (ចង្អៀត) អមដោយអាហារថ្ងៃត្រង់ និង

– កិច្ចប្រជុំថ្នាក់ដឹកនាំនៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ លើកទី២។

សេចក្ដីប្រកាសព័ត៌មានបានអោយដឹងទៀតថា អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ស្របពេលកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមក្នុងប្រជុំ និងកម្មវិធីមួយចំនួន ដូចខាងក្រោម ៖

– កិច្ចប្រជុំជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន

– កម្មវិធីអាហារការងារថ្ងៃត្រង់រៀបចំដោយឯកឧត្តម លី សៀនឡុង សម្រាប់ថ្នាក់ដឹកនាំអាស៊ាន និង

– ពិធីលៀងសាយភោជន (Gala Dinner) រៀបចំដោយប្រធានកិច្ចប្រជុំ សម្រាប់ថ្នាក់ដឹកនាំអាស៊ាន។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសសិង្ហបុរី សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងមានជំនួបទ្វេភាគី ជាមួយប្រមុខគណៈប្រតិភូនៃប្រទេសមួយចំនួនផងដែរ។

ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី១៨ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី២២ ដែលកិច្ចប្រជុំទាំងពីរនេះ នឹងប្រព្រឹត្តទៅនៅមុនកិច្ចប្រជុំកំពូលអាស៊ាន៕