ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរខេត្តកោះកុងដាក់តាំងបង្ហាញនាវាល្បាត ក្នុងអំឡុងសម័យ ឆ្នាំ១៩៨០ ដើម្បីទាញ់ការចាប់អារម្មណ៍ពីភ្ញៀវទេចរ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អ៊ី កនិកា និងលោក​ ចន​ ណារិទ្ធ​៖

អាជ្ញាធរខេត្តកោះកុងបានដាក់តាំងបង្ហាញនាវាល្បាតនៅសម័យកាលឆ្នាំ១៩៨០ ដើម្បីលើកកម្ពស់សោភណ្ឌភាពខេត្តផង និងបង្ហាញការទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលបានមកលេងកម្សាន្តក្នុងឱកាសបុណ្យសមុទ្រខាងមុខនេះ ។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងបានមានប្រសាសន៍ប្រាប់អោយដឹងថា នាវាល្បាតក្នុងអំឡុងសម័យឆ្នាំ១៩៨០ ចំនួន១គ្រឿងនេះ ប្រវែង១៥ម៉ែត្រ និងទទឹង៥ម៉ែត្រ និងមានទម្ងន់៣៥តោន ដោយប្រើថវិកា ជួសជុលកែលម្អជាង១០ម៉ឺនដុល្លារអាមេរិក។ លោកជំទាវ បានឱ្យដឹងបន្តថា នាវាល្បាតនេះ ជាកម្មសិទ្ធិរបស់ស្នងការនគរបាល ដោយអាជ្ញាធរស្នើសុំយកមកកែលម្អអោយស្អាតល្អ សម្រាប់បង្ហាញដល់ភ្នែកអ្នកទេសចរ ជៀសវាងទុកវាចោល។ម្យ៉ាងវិញទៀតគឺឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋអ្នកកោះកុង ដែលជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ កែច្នៃតំបន់ទេសចរអោយបានច្រើន ខណៈខេត្តជាប់សមុទ្រមួយនេះ មានសក្តានុពលខ្ពស់ខាងផ្នែកវិស័យទេសចរធម្មជាតិ។

លោកជំទាវបានបន្តថា ដើម្បីបំរើដល់ការរៀបចំពិធីបុណ្យសមុទ្រនាពេលខាងមុខអោយបានល្អប្រសើរនោះ អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្តកោះកុង បានផ្តោតការយកចិត្តទុកដាក់ជួសជុលកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនរួមមាន៖ ផ្លូវថ្នល់ សួនច្បារ និងតម្លើងបង្គោលភ្លើងអគ្គិសនីថ្មីៗជាដើម។

សូមបញ្ជាក់ថា ខេត្តកោះកុង នឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ ដែលប្រារព្វ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ នៅក្នុងពិធីនោះដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកជាផ្លូវការ៕