ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគចំនួន៦ ដែលមានទឹកប្រាក់ប្រមាណ១៧៣លានដុល្លា

វិទ្យុជាតិកម្ពុជា៖ ដោយ​ លោក​ ហោ​ សេងគ្រី​ និង​លោក ចន ណារិទ្ធ៖

នៅដើមខែវិច្ឆកានេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់CDC បានអនុម័តយល់ព្រមចុះបញ្ជីវិនិយោគក្រុមហ៊ុនផ្នែកឧស្សាហកម្ម និងសណ្ឋាគារចំនួន៦ ដែលមានទុនវិនិយោគជាង ១៧៣លានដុល្លាអាមេរិក ដែលអាចស្រូបយកកម្លាំងពលកម្មចូលរួមក្នុងវិស័យការងារជិត២ពាន់កន្លែងផងដែរ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់CDC បានឲ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៦ ដែលមានគម្រោងវិនិយោគលើផ្នែកឧស្សាហកម្ម និងសណ្ឋាគារ ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍលើផ្នែកសេដ្ឋកិច្ចកម្ពុជាបន្ថែម ។

ប្រភពបន្តថាក្រុមហ៊ុនទាំង៦នោះ មានដូចជា៖ ទី១. ក្រុមហ៊ុន LING XIU INT’L គ្រោងសាងសង់ និងបង្កើតអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៤១០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានទុនវិនិយោគសរុបមាណជិត៦៩លានដុល្លារ។ ក្រោយសាងសង់រួច សណ្ឋាគារនេះត្រូវការកម្លាំងពលកម្មប្រហែល១៣៣កន្លែង ជាពិសេសបានចូលរួមចំណែកដ៏សំខាន់ក្នុងការបម្រើសេវាដល់វិស័យទេសចរណ៍។ ទី២. ក្រុមហ៊ុន NORO MALL ដែលកំពុងវិនិយោគផ្សារទំនើបNoro Mallមានទីតាំងស្ថិត សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ក្នុងទឹកប្រាក់ចំនួន៩,២លានដុល្លារអាមេរិក ។ ទី៣. ក្រុមហ៊ុន CATH PHARMA គ្រោងវិនិយោគបង្កើតរោងចក្រផលិតថ្នាំពេទ្យ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ ដែលមានទុនវិនិយោគចំនួន៦,៣ លានដុល្លារអាមេរិកផងដែរ ។ ទី៤. ក្រុមហ៊ុន CHNEITEC RENEWABLE មានគម្រោងសាងសង់ស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលមានកម្លាំង៦០មេហ្គាវ៉ាត់ គ្រោងវិនិយោគក្នុងទំហំទឹកប្រាក់ជាង៥៨លានដុល្លារអាមេរិក ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ទី៥. ក្រុមហ៊ុនHERSHEY PLASTIC INDUSTRIAL (CAMBODIA) គម្រោងបង្កើតរោងចក្រផលិតទុយោ និងផលិតផលប្លាស្ទិកគ្រប់ប្រភេទ គ្រោងវិនិយោគទុនប្រមាណជាង២៦លានដុល្លារអាមេរិក ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី៦. ក្រុមហ៊ុន SAIER (CAMBODIA) GARMENT មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់គ្រោងវិនិយោគទុនប្រមាណជាង៤លានដុល្លារអាមេរិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ៕