ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ខេត្ដព្រះសីហនុ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

AKP ព្រះសីហនុ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ – អាជ្ញាធរខេត្តព្រះសីហនុ រៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០១៨) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅវេទិកាបុណ្យជាតិ៧ មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ពិធីនេះបានប្រារព្ធឡើងកាលពីព្រឹកថ្ងៃសុក្រ ២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការ​និមន្ដ អញ្ជើញចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ

ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា នេះគឺជាទិវាប្រវត្តិសាស្រ្ត ដែលកម្ពុជាទទួលបានឯករាជ្យ សេរីភាព អធិបតេយ្យភាពពេញ លេញពីអាណានិគមនិយមបារាំងសេស ក្រោមស្នាព្រះហស្ថ និងព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គ ឧត្តមរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបីតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដ៏អង់អាចក្លាហាន និងមហាបុរសរដ្ឋ ដ៏ឆ្នើម ដែលបានបូជាព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុឯករាជ្យ សេរីភាព អធិបតេយ្យភាព បូរណភាពទឹកដីនៃមាតុភូមិកម្ពុជា ពីអាណានិគមនិយមបារាំង។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ នឹងបន្តខិតខំបម្រើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋនៅតាមក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្ដឱ្យមានគុណភាព តម្លាភាព និងភាពជឿជាក់ ដើម្បីឱ្យប្រជាពលរដ្ឋមកទទួលសេវាបានទាន់ពេលវេលា។ ឯកឧត្តមអភិបាលខេត្ដបន្ដថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍ និងផ្លាសប្ដូរយ៉ាងខ្លាំងតាមរយៈអ្នកវិនិយោគគិនបរទេស ជាក់ស្តែងយើងឃើញមានអ្នកវិយោគទុនជនជាតិចិនជាច្រើនមកវិនិយោគ និងរកស៊ីក្នុងវិស័យឧស្សាហកម្ម ពាណជ្ជកម្ម ទេសចរណ៍ជាដើម។ល។ ជាមួយគ្នានេះ តាមរយៈសកម្មភាពវិនិយោគបរទេសបានផ្ដល់ផលផ្លែផ្កាយ៉ាងត្រចះត្រចង់ ដល់បងប្អូនប្រជាពលរដ្ឋខេត្តព្រះ សីហនុ ដូចជាការជួលអចលនទ្រព្យ ជួលផ្ទះ ពង្រីកមុខរបររកស៊ីជាដើម ដែលធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរថែមទៀត


លោកឧត្តមសេនីយ៍ទោ សាវិន វិបុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះ សីហនុ បានរម្លឹកអំពីប្រវត្តិស្នាដៃរបស់កងយោធពលខមរភូមិន្ទ ដែលទទួលបានឯករាជ្យពេញបរិបូរណ៍នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយចលនាតស៊ូរបស់កងទ័ព និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំទាមទារឯករាជ្យរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្យ ព្រះបិតាឯក រាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ លោកឧត្ដមសេនីយ៍ទោបានបន្ដថា ជារៀងរាល់ឆ្នាំកងយោធពលខេមរភូមិន្ទ តែងតែប្រារព្វធ្វើពិធីនេះឡើង ដើម្បីរម្លឹកនូវប្រវត្តិស្នាដៃគំរូវីរៈភាពដ៏អង់អាចក្លាហាន និងស្មារតីលះបង់ ហ៊ានធ្វើពលីកម្មដ៏ធំធេងរបស់ប្រជាជន យុទ្ធជន យុទ្ធនារីកម្ពុជា ក្នុងបុព្វហេតុតស៊ូប្រយុទ្ធប្រឆាំងសត្រូវ ឈ្លានពានគ្រប់សម័យកាល ដើម្បីដណ្តើមឯករាជ្យជូនជាតិមាតុភូមិ ៕

ដោយ ងូ សុមុនី