ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសមហាអំណាចអាមេរិក និងចិន ផ្ញើសារចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យរបស់កម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក វ៉ាង ភក្ដី៖

ប្រទេសមហាអំណាចអាមេរិក និងចិន បានផ្ញើសារចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យរបស់កម្ពុជា ដើម្បីសម្តែងពីទំនាក់ទំនងការទូតយ៉ាងល្អប្រសើរ និងចូលរួមសប្បាយរីករាយជាមួយប្រជាជនកម្ពុជា ក្នុងឱកាសប្រទេសមានសុខសន្តិភាព និងការរីកចម្រើនគ្រប់វិស័យ។

សារលិខិតរបស់ឯកឧត្តម ស៊ី ជីនភីង ប្រធានរដ្ឋចិន ផ្ញលជូនព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យលើកទី៦៥ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបញ្ជាក់ថា តាងនាមឱ្យរដ្ឋាភិបាល និងប្រជាជនចិន ព្រមទាំងរូបឯកឧត្តមផ្ទាល់ សូមសំដែងការអបអរសាទរយ៉ាងកក់ក្តៅបំផុត និងសូមជូនពរដ៏ល្អបវរជូនចំពោះព្រះអង្គ និងព្រះរាជវង្សានុវង្ស ព្រមទាំងព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងឱកាសដ៏រីករាយនេះ។

ឯកឧត្តម បានបន្តថា ប្រទេសចិននឹងបន្តគាំទ្រយ៉ាងរឹងមាំដល់ប្រទេសកម្ពុជា ដើម្បីរក្សាស្ថិរភាព និងពន្លឿនការអភិវឌ្ឍដូចកាលមុនៗទៀត ខណៈកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងរវាងចិន និងកម្ពុជា។

ចំណែកឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថា ចំណងមិត្តភាពរវាងប្រទេសចិន និងកម្ពុជា ដែលមានប្រវត្តិយូរលង់ណាស់មកហើយ នៅតែចាត់ទុកថា «ជាអ្នកជិតខាងល្អ មិត្តភក្តិល្អ បងប្អូនល្អ ដៃគូល្អ» ដើម្បីរួមគ្នាបន្តកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ក្នុងគ្រប់វិស័យ។

ដោយឡែក សារលិខិតរបស់ ឯកឧត្តម ម៉ៃឃើល ប៉ុមភីអូ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានលើកឡើងថា ដូចក្នុងប្រទេសជាច្រើនក្នុងពិភពលោកដែរ ការប្រារព្ធទិវាឯករាជ្យជាតិប្រចាំឆ្នាំ គឺជាការសម្តែងនូវក្តីស្រលាញ់ដ៏ជ្រាលជ្រៅយ៉ាងពិតប្រាកដរបស់ប្រជាជន ចំពោះសេរីភាព និងអធិបតេយ្យភាពឯកឧត្តមបន្តថា ប្រជាជាតិអាមេរិក ក៏ដូចជាប្រជាជនកម្ពុជាដែរ ពិតជាមានមោទនភាពនឹងជ្រោងទង់ឯករាជ្យរបស់ខ្លួន ដែលនាំមកនូវសង្គមមួយមានសន្តិភាព ស្ថិរភាព វិបុលភាព ពហុភាគី និងយុត្តធម៌។

សូមបញ្ជាក់ថា ទិវាបុណ្យឯករាជ្យជាតិ និងកំណើតកងយោធពលខេមរភូមិន្ទរបស់កម្ពុជា ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៨នេះ មានឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំពីគ្រប់ស្ថាប័ន បណ្តាអង្គទូត និងប្រិយមិត្តបរទស ព្រមទាំងមហាជនជិត២ម៉ឺននាក់ សរុបទាំងនៅមុខព្រះបរមរាជវាំង និងវិមានឯករាជ្យ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕