ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ព្រះមហាក្សត្រ កោតសរសើររាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេសឱ្យមានសុខសន្តិភាព និងរីកចម្រើន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញព្រះរាជហឫទ័យកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងដឹកនាំប្រទេសកម្ពុជាឱ្យមានសុខសន្តិភាព និងរីកចម្រើនឥតឈប់ និងមានភាពល្បីរន្ទឺលើឆាកអន្តរជាតិ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះបន្ទូលថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកដឹកនាំដែលយល់គ្រប់ជ្រុងជ្រោយពីសភាពការណ៍សង្គមជាតិកម្ពុជា សភាពការណ៍អន្តរជាតិ ជាពិសេសលើវិស័យសេដ្ឋកិច្ច សង្គមកិច្ចក្នុងការអភិវឌ្ឍកែប្រែមាតុភូមិកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅឈានទៅកាត់បន្ថយភាពក្រីក្រជាបន្ត បន្ទាប់។

ការសម្តែងនូវទឹកព្រះទ័យរបស់អង្គព្រះមហាក្សត្រនេះ ធ្វើឡើងក្រោយពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារប្តេជ្ញាចិត្តខិតខំធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យសម្បូរសប្បាយរុងរឿងបន្តទៀត នៅក្នុងឱកាសប្រារពមីទ្ទិញមហាជន ជិត២ម៉ឺននាក់ ដែលចូលរួមអបអរសាទរខួបលើកទី៦៥ ទិវាបុណ្យឯករាជ្យជាតិ និងកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៨នេះ នាព្រះទីនាំងចន្ទឆាយា ព្រះបរមរាជវាំង។

ព្រះអង្គ មានព្រះរាជបន្ទូលបន្តថា «រយៈពេលកន្លងមកនេះ មាតុភូមិកម្ពុជា និងប្រជាពលរដ្ឋ មានការប្រែប្រួលមុខមាត់ថ្មីគួរឱ្យកោតសរសើរ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលដ៏ឆ្លាតវៃ ដែលបានដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវ និងបាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ មានកិត្យានុភាពជាតិល្បីរន្ទឺលើឆាកអន្តរជាតិ។ យើងកំពុងតែសប្បាយរីករាយ និងទទួលផលជាវិជ្ជមាន ដែលផ្តើមចេញពីកម្លាំងកសាង និងការពារជាតិ មាតុភូមិ ប្រកបដោយភាពសុខដុមរមនារបស់ជនរួមជាតិយើង»។

អង្គព្រះមហាក្សត្រ បានអំពាវនាវដល់ជនរួមជាតិគ្រប់មជ្ឈដ្ឋានទាំងអស់បន្តរួបរួមសាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ។

សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីដុតទានជ័យ ដើម្បីអបអរសាទរ និងឧទ្ទិសថ្វាយមហាព្រះរាជកុសល ព្រមទាំងរំឭកដល់ឥស្សរជនដែលបានពលីក្នុងបុព្វហេតុដើម្បីឯករាជ្យជាតិ ក្នុងឱកាសខួបលើកទី៦៥ ទិវាបុណ្យឯករាជ្យជាតិ នាវិមានឯករាជ្យ ដោយមានការយាងអមដង្ហែដោយឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បណ្តាអង្គទូត និងប្រិយមិត្តបរទស ព្រមទាំងមហាជនយ៉ាងច្រើនកុះករ។

ព្រះអង្គមានព្រះរាជបន្ទូលថា អង្គមីទ្ទិញពេលនេះ គឺជាព្រឹត្តិការណ៍ជាតិដ៏មានអត្ថន័យឆ្លើយតបយ៉ាងសក្តិសមទៅបេសកកម្ម និងពលិកម្ម ប្រកបដោយមនសិការជាតិដ៏ខ្ពង់ខ្ពស់បំផុត របស់មហាវីរៈក្សត្រ ព្រះវររាជបិតា ឯករាជ្យជាតិ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែសរសើរចំពោះភព្វវាសនារបស់មាតុភូមិ និងប្រជារាស្ត្រកម្ពុជា ដែលបានចាកផុតពីគ្រោះមហន្តរាយនៃសង្គ្រាម និងទទួលបានសេចក្តីសុខ សន្តិភាព និងការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យតាមយុត្តិការនៃការគ្រប់គ្រងប្រកបដោយវិចារណញ្ញាណដ៏អស្ចារ្យ។

តាមរយៈមីទ្ទិញនេះ អាចសន្និដ្ឋានបានថា មាតុភូមិ និងប្រជាជនកម្ពុជា ពិតជានឹងទទួលបានអនាគតភ្លឺស្វាងក្នុងក្តីសង្ឃឹមខ្ពស់រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដែលធានាបានឯកភាពជាតិដ៏រឹងមាំ ក្រោមទង់ដ៏ជាញជ័យនៃសាមគ្គីជាតិ ក្រោមទង់ដ៏សុខសាន្តនៃព្រះពុទ្ធសាសនា និងក្រោមបារមីព្រះបរមក្សត្រ ដែលជាបុព្វបុរសជាតិ ជាស្ថាបនិកដ៏ល្បីល្បាញនៃការកសាងប្រាង្គប្រាសាទដ៏ល្អប្រណីត ស្ថិតនៅស្កឹមស្កៃគ្រប់ទិសទី ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា មាតុភូមិ ដែលកេរមរតកជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបានរបស់យើង ពិតជាពុំអាចមានសត្រូវណាមួយរំលោភឈ្លានពានលើបូរណភាពទឹកដីបានឡើយ៕