ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួង​ពាណិជ្ជកម្ម​​ ​ដាក់​តាំង​បង្ហាញ​ផលិតផល​បន្លែ ផ្លែឈើ​ ផលិតផល​សូត្រ និង​ផលិតផល​កែច្នៃ​ដទៃទៀតជា​លើក​ទី​១២ ឆ្នាំ​២០១៨ នៅខេត្តសៀមរាប​

AKP សៀមរាប ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ –ក្រសួងពាណិជ្ជកម្មបានរៀបចំដាក់តាំងបង្ហាញផលិតផលបន្លែ ផ្លែឈើ ផលិតផលសូត្រ និង ផលិតកែច្នៃខ្មែរដទៃទៀតជាលើកទី១២ ឆ្នាំ២០១៨ នៅក្នុងខេត្ដសៀមរាប ដើម្បីចូលរួមគាំទ្រ និងលើកកម្ពស់ផលិតផលខ្មែរ។

ថ្លែងក្នុងពិធីបើកការតាំងបង្ហាញផលិតផលបន្លែ ផ្លែឈើកម្ពុជាលើកទី១២ និងផលិតផល សូត្រខ្មែរ នៅខេត្តសៀមរាប កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ២០១៨ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ផលិតផលដែលត្រូវបាន យកមកដាក់តាំងបង្ហាញនៅទីនេះ រួមមានផលិតផលបន្លែ ផ្លែឈើខ្មែរ ផលិតផលសូត្រ ផលិតផលម្រេច ផលិតផលសិប្បកម្ម ផលិតផលកែច្នៃផ្សេងៗ និងសម្ភារសម្រាប់បម្រើដល់វិស័យកសិកម្ម  ដែលកើតចេញពីគំនិតច្នៃប្រឌិត និងការខិតខំប្រឹងប្រែងរបស់អង្គការ សមាគម សហគមន៍ សហគ្រាស សិប្បកម្ម កសិដ្ឋាននានា និងកសិករដោយផ្ទាល់មកពីរាជធានី-ខេត្តចំនួន១៧។ ឯកឧត្តមបានបញ្ជាក់ថា នេះក៏ជាឱកាសល្អសម្រាប់ឱ្យផលិតករ និងកសិករ បានបង្ហាញផលិតផលថ្មីៗរបស់ខ្លួន និងអាចជួប​ចរចា​ដោយ​ផ្ទាល់​ជាមួយប្រតិបត្តិករអាជីវកម្ម ផ្សេងៗ​ ដើម្បីបង្កើតកិច្ចសន្យាទិញលក់ ដែលអាចជឿទុកចិត្តបាន។ ទន្ទឹមនេះ វេទិកានេះ​ក៏ជាឱកាសសម្រាប់សហគមន៍អ្នកផលិតបន្លែ និងផ្លែឈើ បានមកចូលរួមដើម្បីផ្លាស់ប្តូរ    ទស្សនៈស្តីពីការអភិវឌ្ឍសហគមន៍ ការអភិវឌ្ឍផលិតផល និងសេវាកម្ម និងមានឱកាសបានឈ្វេងយល់ពីតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញផងដែរ។

ឯកឧត្តមរដ្ឋលេខាធិកាបានបន្តថា ការតាំងបង្ហាញ បន្លែ ផ្លែឈើ និងផលិតផលសូត្រខ្មែរ ដែលមានការចូលពីវិស័យរដ្ឋ ឯកជន សមាគម អង្គការ តំណាងសណ្ឋាគារ និងភោជនីយដ្ឋាន និងអ្នកផលិតនៅពេលនេះ នឹងផ្តល់លទ្ធភាពកាន់តែប្រសើរដល់ភាគីទាំងអស់ក្នុងការឈ្វេងយល់ពីគ្នាទៅវិញទៅមក ពិសេសជំរុញការប្រើប្រាស់ផលិតផលក្នុស្រុក ឱ្យកាន់តែច្រើនឡើង ព្រមទាំងអាចឈានទៅកាន់ការនាំចេញនាពេលខាងមុខ។

ឯកឧត្តមបានគូសបញ្ជាក់ថា តាមការកត់សម្គាល់ចុងក្រោយនេះ​​ឃើញថា មានប្រជា ជនកម្ពុជាកាន់តែច្រើនឡើងចង់បានបន្លែ ផ្លែឈើមានសុវត្ថិភាព និងផលិតផលក្នុងស្រុកផ្សេងៗទៀតដូចជាសូត្រជាដើមសម្រាប់ប្រើប្រាស់ ដែលនេះជាសញ្ញាណដ៏ល្អសម្រាប់ផលិតផលករក្នុងស្រុកពង្រីកការដាំដុះ និងការកែច្នៃ ហើយក៏ជាភារកិច្ចរបស់មន្ទីរពាណិជ្ជកម្ម និង ដៃគូពាក់ព័ន្ធទាំងអស់ធ្វើ​ការ​ឱ្យកាន់តែសកម្មថែមទៀតដើម្បីឱ្យផលិតផលក្នុងស្រុក មានការកើនឡើងទាំងចំនួនបរិមាណ គុណភាព សោភភាព ដែលមានសមត្ថភាពប្រកួតប្រជែងបាននៅលើទីផ្សារ។

សូមបញ្ជាក់ថា ការដាក់​តាំង​បង្ហាញ​ផលិតផល​បន្លែ ផ្លែឈើ​ខ្មែរ ផលិតផល​សូត្រ និង​ផលិតផល​កែច្នៃ​ដទៃទៀត​លើក​ទី​១២ឆ្នាំ​២០១៨នេះ ​​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៨-១១ ខែវិចិ្ឆកា នៅសួនច្បាមុខព្រះរាជដំណាក់ក្រុង​សៀមរាប ខេត្តសៀមរាប​

ដោយ ឃុត សៅ