ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឧត្តមស្នងការសហប្រជាជាតិស្វាគមន៍ការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សិទ្ធិមនុស្ស

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​

ឧត្តមស្នងការសហប្រជាជាតិស្វាគមន៍ចំពោះការបន្តអនុស្សារណៈយោគយល់ និងឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា ដើម្បលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃដំណើរបេសកកម្មនៅកម្ពុជានារសៀលថ្ងៃទី៨ ខែវិច្ឆិកានេះ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានបញ្ជាក់ថា បេសកកម្មនៅកម្ពុជាលើកនេះ ផ្តោតលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងយុទ្ធសាស្ត្រពាក់ព័ន្ធនានា ជាពិសេសគោលដៅទី១៦ ស្តីពី«សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ» ដែលអាចធ្វើឱ្យកម្ពុជាសម្រេចបានជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

យ៉ាងណាក៏ដោយ អ្នកស្រី លើកឡើងថា គោលការណ៍គោរពសិទ្ធិមនុស្ស ដែលរួមមានការចូលរួមសមភាព ការមិនរើសអើង គណនេយ្យភាព ត្រូវបានតម្កល់ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលកត្តានេះអ្នកស្រី ស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យឡើងវិញនូវការអនុវត្តច្បាប់ និងការដាក់ចេញនូវវិធានការនានា សំដៅធានាដល់លើកកម្ពស់សិទ្ធិមនុស្ស សេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន ការអភិវឌ្ឍដែលមិនមានផលប៉ះពាល់ដល់ប្រជាជន និងការទទួលបាននូវភាពយុត្តិធម៌ក្នុងប្រព័ន្ធតុលាការ។

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរូបនេះ ក៏បានស្វាគមន៍ និងលើកទឹកតាមរយៈដំណើរការនៃការចូលរួមបង្កើតសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលនឹងត្រូវអនុម័តយកទៅប្រើប្រាស់តាមវិស័យ សម្រាប់ឆ្លើយតមទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងសង្គមកម្ពុជា។ ជាមួយគ្នានេះ អ្នកស្រីក៏បានសម្ដែងនូវការអបអរសាទរ និងលើកទឹកចិត្តចំពោះក្រសួងមហាផ្ទៃ ដែលបន្ដខិតខំ ពង្រឹង និងបង្កើតបន្ថែមនូវការិយាល័យច្រកចេញចូលតែមួយ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួលក្នុងការស្វែងរកសេវាសាធារណៈ។

អ្នកស្រី រ៉ូណា ស្មីត បានធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជាជាលើកទី៦ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ក្នុងគោលបំណងជួបមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា តំណាងមន្ត្រីសង្គមស៊ីវិល និងអ្នកការទូតនៅកម្ពុជា ជាដើម៕