ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សហគមន៍ជនបទដាច់ស្រយាលចំនួនពីរក្នុងខេត្តសៀមរាប ទទួលបានអណ្តូងទឹកស្អាតប្រើប្រាស់

AKP សៀមរាប ថ្ងៃទី ខែវិច្ឆិកា ឆ្នាំ២០១៨ –សហគមន៍ជនបទដាច់ស្រយាលចំនួនពីរក្នុងខេត្តសៀមរាប ទទួលបានអណ្តូងទឹក ស្អាតសម្រាប់ប្រើប្រាស់ហើយ ដែលកាលពីមុនពួកគាត់ប្រើប្រាស់ទឹកស្រះ ទឹកអូរ ឬទឹកអណ្តូងតូចៗដែលជីកដោយដៃខ្លួនឯង មិនធានាបាននូវសុខភាពអនាម័យនោះ ហើយសហគមន៍ទាំងពីរនោះគឺមួយស្ថិតនៅក្នុងភូមិបឹងវៀន ឃុំតាយ៉ែក និងមួយទៀតស្ថិតក្នុងភូមិត្របែកឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

     

អណ្តូងទឹកស្អាតទាំងពីរជាប្រភេទអណ្តូងស្នប់ បុកតាមលក្ខណៈបច្ចេកទេស និងមាន អនាម័យ អាចប្រើប្រាស់បានទាំងភូមិ មានទឹកខួបប្រាំងនិងវស្សា ហើយអណ្តូងទឹកស្អាត ទាំងពីរនេះដែរ បានផ្តល់ឱ្យដោយសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលបានធ្វើពិធីប្រគល់ជូនសហគមន៍ទាំងពីរប្រើប្រាស់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១កើតខែកត្តិ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមវត្តមានរបស់លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។​

    មានប្រសាសន៍នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនា ឱកាសនោះលោកជំទាវ គួយ ណាលីន បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

        លោកជំទាវ គួយ ណាលីន បានមានប្រសាសន៍ឱ្យដឹងថា បញ្ហាសុខភាពគឺជាកត្តា ចម្បងសម្រាប់មនុស្សយើងគ្រប់រូប  ដូច្នេះបញ្ហាទឹកស្អាតក៏ជាកត្តាដ៏ចាំបាច់សម្រាប់ មនុស្សជាតិ យើងគ្រប់រូបក្នុងការរស់នៅប្រចាំថ្ងៃ ដើមី្បបរិភោគ ប្រើប្រាស់ជាអចិន្ត្រៃយ៍ ព្រោះទឹកគឺជាថាមពលចិញ្ចឹមសរីរាង្គកាយមនុស្ស សត្វនិងរុក្ខជាតិ។ ហើយម៉្យាងទៀតអណ្តូងទឹកស្អាតទាំងពីរនេះ ក៏ជាសមទ្ធិផលថ្មីសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ទាំងពីរនេះដែរ ដែលមិនត្រឹមតែប្រើប្រាស់សម្រាបរិភោគប៉ុណ្ណោះទេ អាចស្រោចលើផលដំណាំរួមផ្សំរបស់បងប្អូនប្រជាពលរដ្ឋនៅក្បែរផ្ទះបានផងដែរ។

      លោកជំទាវ គួយ ណាលីន ក៏បានសំណូមពរដល់សហគមន៍ សមាជិកគ្រួសារទាំងអស់ ត្រូវចេះសម្អាត ថែរក្សាអណ្ដូងទឹកស្អាតនេះ ដើម្បីបានប្រើប្រាស់យូរអង្វែង និងឱ្យ សមនឹងពាក្យស្លោក ការប្រើប្រាស់ទឹកស្អាត និងមានអនាម័យ នាំឱ្យគ្រួសារមានសុខភាពល្អ និងមានសុភមង្គល។  

      គួរបញ្ជាក់ថា នេះជាអណ្ដូងទឹកស្អាតទី៣២និង៣៣ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលបានផ្តល់ជូនដល់ប្រជាពលរដ្ឋតាមសហគមន៍ក្រីក្របាន ប្រើប្រាស់ទាំងប្រាំងនិងវស្សា ដោយគ្មានការព្រួយបារម្ភដូចមុនឡើយ។ ហើយនៅក្នុង ពិធីប្រគល់អណ្តូងស្នប់ទាំងពីរខាងលើនេះដែរ លោកជំទាវក៏បាននាំយកអំណោយមួយចំនួន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីប្រគល់អណ្តូងនេះ ដោយម្នាក់ៗទទួលបាន សារុង១ និងថវិកា១ម៉ឺនរៀល៕

ដោយ ហង្ស សៀក