ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម កែវ រ៉េមី ដឹកនាំប្រតិភូកីឡាកម្ពុជា ទៅចូលរួមខួប១០០ឆ្នាំ នៃកីឡាតេក្វាន់ដូITF នៅប្រទេសកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ –ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ ដូ ITF កម្ពុជាបានដឹកនាំប្រតិភូ កីឡាករ កីឡាការិនីចំនួន៦នាក់ចេញទៅចូលរួមអបអរសាទរខួប គម្រប់១០០ឆ្នាំ នៃអ្នកបង្កើតក្បាច់គុននៃកូរ៉េខាងជើង ដែលចេញដំណើរ កាលពីយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍ថា ការចេញទៅលើកនេះគឺជាឆ្លើយតបទៅ នឹងការអញ្ជើញរបស់ប្រទេសកូរ៉េខាងជើង នៅទីក្រុងព្យុងយ៉ាង ដែលនេះគឺជាព្រឹត្តិការណ៍ធំ សម្រាប់បណ្តាប្រទេសដែលមានប្រភេទកីឡាតេក្វាន់ ដូ ITF លើពិភពលោកក៏បានចូលរួម ផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា ការអញ្ជើញទៅលើកនេះកម្ពុជាគឺជាភ្ញៀវពិសេសរបស់ប្រទេសកូរ៉េខាងជើងក្នុងនាមជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូITFអន្តរជាតិ ហើយឯកឧត្តម កែវ រ៉េមី និងលោក បួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការនឹងសម្តែងក្បាច់គុនតេក្វាន់ដូITFជូនពិភពលោកផងដែរ ដើម្បីបង្ហាញពីគុណភាពនៃក្បាច់គុននេះរបស់កម្ពុជា។

ឯកឧត្ដមប្រធានសហព័ន្ធរូបនេះបញ្ជាក់ទៀតថា ការសម្តែងក្បាច់គុននេះនឹងបង្ហាញជូនពិភពលោកថា វិស័យកីឡាកម្ពុជាកំពុងរីកចម្រើន ហើយពិភពលោកក៏បានស្គាល់កម្ពុជា លើវិស័យ កីឡានេះផងដែរ។

លោក ប៉ាល់ ជ័វ័ន្ត អគ្គហិរញ្ញឹក និងជាគ្រូកីឡាតេក្វាន់ដូITF ដែលរួមដំណើរដែរនេះ បានបញ្ជាក់ដែរថា នៅក្នុងព្រឹត្តិការណ៍ខួប១០០ឆ្នាំនេះ លោកនឹងរួមគ្នាសម្តែងក្បាច់គុណ ជាមួយឯកឧត្តម កែវ រ៉េមី បន្ទាប់ពីហ្វឹកហាត់សមរួមគ្នាក្នុងរយៈពេល១ខែ នៅក្នុងស្រុកកន្លង មក៕

ដោយ ហេង ណាលីន