ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្រ្តី​ជាន់​ខ្ពស់​ក្រសួងពាណិជ្ជកម្មជំរុញឱ្យកសិករពង្រឹង និងពង្រីកសកម្មភាពពាណិជ្ជកម្មក្នុងស្រុកឱ្យបានរឹងមាំ ដើម្បីលើកស្ទួយផលិតផលខ្មែរ

AKP សៀមរាប ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ –ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងបើកសិក្ខាសាលា ពិគ្រោះយោ បល់លើការអភិវឌ្ឍកសិ-ពាណិជ្ជកម្ម និងការកសាងទំនុកចិត្តលើផលិតផលខ្មែរ នៅខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ការជួបពិគ្រោះយោបល់រវាងអ្នកជំនាញជាមួយពាណិជ្ជករ និងប្រជាពលរដ្ឋមកពីសហគមន៍ នៅពេលនេះ គឺមានសារៈសំខាន់មួយសម្រាប់ ជួយលើកកម្ពស់សកម្មភាពទីផ្សារ និងបញ្ជ្រាបការយល់ដឹង ពីកិច្ចការអភិវឌ្ឍន៍វិស័យ ពាណិជ្ជកម្ម  នៅមូលដ្ឋានឱ្យមានសកម្មភាពផុលផុស ប្រទាក់ក្រឡា និងជាឱកាសសម្រាប់ ផលិតករ កសិករ និងពាណិជ្ជករកម្ពុជាបានចូលរួមបញ្ចេញមតិយោបល់ ចែករំលែកបទពិសោធន៍ និងបង្ហាញពីក្តីកង្វល់ក្នុងការងារអាជីវកម្ម ដើមី្បស្វែងរកចំណុចកែលម្អ និងធ្វើយ៉ាង ណាឱ្យភាគីពាក់ព័ន្ធទាំងអស់ទទួលបាននូវ សុខដុមនីយកម្ម និង​ផលប្រយោជន៍ទាំងអស់គ្នា។

ឯកឧត្តមបានបន្តថា ការអនុវត្តកម្មវិធីអភិវឌ្ឍន៍កសិពាណិជ្ជកម្ម ដែលក្រសួង ពាណិជ្ជកម្មបានធ្វើកន្លងមកនៅតាមបណ្តារាជធានីខេត្តគោលដៅសំខាន់ៗ បានបង្ហាញនូវសញ្ញាណវិជ្ជ មានគួរឱ្យកត់សម្គាល់ដោយសង្កេតឃើញថា ចលនាមហាជនទូទៅបានចាប់ផ្តើមងាកមកចូល រួមគាំទ្រ ទទួលស្គាល់ពីគុណភាពផលិតផល និងប្រើប្រាស់ទំនិញក្នុងស្រុករួមទាំងផលិតផលបន្លែ ផ្លែឈើរបស់សហគមន៍នៅមូលដ្ឋាន ជាបណ្តើរៗ ជាពិសេសម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួនចាប់ផ្តើម មានសេចក្តីទុកចិត្ត និងបានបន្តចុះកិច្ចសន្យា បញ្ជាទិញពីកសិករនៅមូលដ្ឋានផងដែរ។

ឯកឧត្តមបាន ជំរុញឱ្យកសិករពង្រឹង និងពង្រីកសកម្មភាពពាណិជ្ជកម្មក្នុង ស្រុកឱ្យបានរឹងមាំ ដើម្បីលើកស្ទួយផលិតផល ដែលខ្មែរអាចផលិតបាន ដើម្បីបង្កើនការងារក្នុងស្រុក និងកាត់បន្ថយការនាំចូលផលិតផលពីប្រទេសជិតខាង ដោយក្រសួងពាណិជ្ជកម្ម បានជួយរៀបចំយុទ្ធសាស្រ្តរយៈពេលខ្លី និងរយៈពេលមធ្យមសំខាន់ចំនួន២រួមមាន ១.ជំរុញការប្រើប្រាស់ និងទទួលស្គាល់ផលិតផល ក្នុងស្រុក៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំយុទ្ធនាការទិញផលិតផលខ្មែរ ក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីជំរុញចលនាមហាជនទូទៅងាកមក គាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើនជាអតិបរមា។ យុទ្ធនាការនេះ ​បានផ្តល់ឱកាសក្នុងការប្រមូលកៀរគរផលិតផលដែលកសិករកម្ពុជាផលិតបាននៅមូលដ្ឋានរួមទាំងផលិតផលភូមិ១ ផលិតផលមួយ ដោយការចូលរួមប្រកួតប្រជែង និងតាំងបង្ហាញ នៅលើទីផ្សារ។ ២.ការពង្រឹងគុណភាព សុវត្ថិភាពចំណីអាហារ៖ ក្រសួងពាណិជ្ជកម្ម ​បានចាត់វិធានការយ៉ាងហ្មឺងម៉ាត់  រឹតបន្តឹងការត្រួតពិនិត្យ ទំនិញខូចគុណភាព ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ការ​ក្លែងបន្លំស្លាកសញ្ញា និងការប្រើប្រាស់សារ ធាតុគីមីហួសកម្រិតកំណត់ ឬសារធាតុហាមឃាត់ក្នុងម្ហូបអាហារ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សំដៅធានាសុខភាព សុវត្ថិភាពជូនប្រជាជនកម្ពុជា ទូទាំងប្រទេស។

ឯកឧត្តមបាន​បញ្ជាក់ថា ថ្ងៃនេះមានអ្នកជំនាញជាច្រើនបាន​មកចែករំលែកបទ ពិសោធន៍ ដូច្នេះ ផលិតករ កសិករ និងពាណិជ្ជករកម្ពុជាទាំងអស់ដែលបានចូលរួម ក្នុទាំងអស់ត្រូវត្រងត្រាប់ស្តាប់ការធ្វើបទបង្ហាញរបស់វាគ្មិន ដើមី្បទទួលបានព័ត៌មាន និងចំណេះដឹងផ្ទាល់ខ្លួនសម្រាប់យកទៅអនុវត្តន៍ក្នុងមុខរបររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត

ដោយ ឃុត សៅ