ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចប្រធានរដ្ឋសភា ទទួលជួបសវនាការជាមួយ សមាជិក គណៈកម្មាធិការអចិន្រ្តៃយ៍សភាតំណាងប្រជាជនចិន

AKP ភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ –សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា  នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ   បានទទួលការចូលជួបសម្តែងការគួរសម និងសវនាការជាមួយ ឯកឧត្តម លី ហ្វី សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍សភាតំណាងប្រជាជនចិន និងជាប្រធាន គណៈកម្មាធិការ ធម្មនុញ្ញ និងច្បាប់នៃប្រទេសចិន  នៅវិមានរដ្ឋសភា ខណៈដែលឯកឧត្តម ដឹកនាំគណៈប្រតិភូមកបំពេញ ទស្សនកិច្ចការងារឈ្វេងយល់ អំពីច្បាប់វិនិយោគ ក៏ដូចជាច្បាប់ពាណិជ្ជកម្មរបស់កម្ពុជា

ឯកឧត្តម គឹម សាម នាយករងខុទ្ទកាល័យ និងជាទីប្រឹក្សាសម្តេចប្រធានរដ្ឋសភា បានឱ្យដឹងនៅក្រោយជំនួបនោះថា សម្តេចប្រធានរដ្ឋសភាបានស្វាគមន៍ និងបានជម្រា ជូនគណៈប្រតិភូអំពីទំនាក់ទំនងល្អរវាងប្រទេសចិន និងប្រទេសកម្ពុជា មានការផ្លាស់ប្តូរនូវទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជាគណៈកម្មការជំនាញនានា ជាពិសេសគោលនយោបាយចិន ផ្លូវមួយ ខ្សែក្រវាត់មួយ ដែលបានធ្វើឱ្យវិស័យវិនិយោគ ឧស្សាហកម្ម និងទេសចរណ៍នៅកម្ពុជាកាន់តែមានការរីកចម្រើនខ្លាំងឡើងៗ។ លើសពីនេះ ទៀតថ្មីនេះ ធនាគារជាតិ នៃកម្ពុជា បានទទួលយកប្រាក់យ័នចិន សម្រាប់ទូទាត់នៅ ក្នុងធនាគារទៀត ដែលធ្វើឱ្យកាន់តែមានភាពងាយស្រួលនៅក្នុងការធ្វើវិនិយោគ ក៏ដូចជាការ ធ្វើពាណិជ្ជកម្ម និងទេសចរណ៍របស់ប្រជាជនចិននៅកម្ពុជា។ សម្តេចក៏បានជម្រាបជូនដែរថា បច្ចុប្បន្នប្រទេសចិនជាអ្នកវិនិយោគធំទី១នៅកម្ពុជា ហើយទំហំពាណិជ្ជកម្មកាន់តែមាន ការកើនឡើង បង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អ។

ឯកឧត្តម​ លី ហ្វី ប្រធានគណៈប្រតិភូចិនបានលើកឡើងថា សម្តេចជាអ្នកនយោបាយ ដ៏ល្បីល្បាញដែលពិភពលោកស្គាល់ ជាពិសេសប្រជាជនចិនបានស្គាល់សម្តេច ហើយសម្តេចមានតួនាទីច្រើនក្នុងការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍកម្ពុជា និងជាអ្នកពូនជ្រុំទំនាក់ទំនងល្អរវាងកម្ពុជា និងចិន។ ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសចិន និងកម្ពុជា ជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បន្ទាប់មកនៅព្រឹកថ្ងៃដដែលនេះដែរ គណៈប្រតិភូសមា​ជិកគណៈកម្មាធិការអចិន្រ្តៃយ៍ សភាតំណាងប្រជាជនចិន ក៏បានអញ្ជើញចូលជួបពិភាក្សាការងារ ជាមួយណៈកម្មការទី៦ គឺគណៈកម្មការ នីតិកម្ម នៃរដ្ឋសភាកម្ពុជា ដើម្បីសិក្សាស្រាវជ្រាវអំពីច្បាប់វិនិយោគ ក៏ដូចជាច្បាប់ពាណិជ្ជកម្មរបស់កម្ពុជាលម្អិតថែមទៀត ដើម្បីធ្វើយ៉ាងណាផ្សព្វផ្សាយជូនអ្នក វិនិយោគ ក៏ដូចជាអ្នកធ្វើពាណិជ្ជកម្មចិន បានយល់ច្បាស់ និងស៊ីជម្រៅងាយស្រួលពួកគេមកធ្វើការវិនិយោគ ឬធ្វើពាណិជ្ជកម្ម នៅកម្ពុជា៕

ដោយ ប៉ាល់ សុង