ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេច​ចុះបញ្ជីដល់ក្រុមហ៊ុនចំនួន៨បន្ថែមទៀត ដែលមានទុនវិនិយោគសរុប ជាង៤០០លានដុល្លារ និងបង្កើតការបានជាង៥ពាន់កន្លែង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC បានសម្រេចចុះបញ្ជីដល់ក្រុមហ៊ុនចំនួន៨បន្តែមទៀត ដើម្បីធ្វើការវិនិយោគនៅកម្ពុជា ដែលមានទុនវិនិយោគសរុប៤០៧,៦៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន៥៣២៣កន្លែង។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់CDC។

ទំព័រហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអោយដឹង តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-“KIRI APHIVATH CO.,LTD.” គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដាំកៅស៊ូ) និងរោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី មានទុនវិនិយោគប្រមាណ ១១,៣៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៥៩០កន្លែង។

២-“QIN YUE GARDEN HOTEL CO.,LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៣៥០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអុង សង្កាត់រាម ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២៧,៦២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៨៩កន្លែង។

៣-“HUAYU XINPENG PLASTIC (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ពីប្លាស្ទីក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,២៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៧៦កន្លែង។



៤-“CAMBODIAN PACKAGING CHAKREY TING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បោងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ២០,៥៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣០៩កន្លែង។

៥-“TRY PHEAP IMPORT EXPORT CO.,LTD.” គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដំណាំកៅស៊ូ) និងសាងសង់រោងចក្រកែច្នៃ ស្ថិតនៅភូមិអូរពោធិ៍ ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ មានទុនវិនិយោគប្រមាណ ២៤,៤៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៥៤៧កន្លែង។

៦- “MING FAI ENTERPRISE (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសំអាង និងសំបកដបគ្រឿងសំអាង ស្ថិតនៅផ្លូវជាតិលេខ៤១ (ផ្លូវព្រះអង្គឌួង) ភូមិវាលវង់ ឃុំសែនដី ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១០,៣៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៤៧០កន្លែង។

៧-“PRINCE HUAN YU REAL ESTATE” គម្រោងសាងសង់-អាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ២.១០៣បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ៣០០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២.៦៨១កន្លែង។

៨-“XIN HAO HUI ENTERTAINMENT CO.,LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ និងរីសត ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៦១កន្លែង។

សុទ្ធា​រិទ្ធ, FM 96Mhz