ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ការដាក់ឱ្យប្រើប្រាស់ប្រាក់យន់ចិន ក្នុងប្រព័ន្ធធនាគារកម្ពុជា ដើម្បីសម្របសម្រួលដល់ពាណិជ្ជកម្ម​ ការវិនិយោគ និងទេសចរណ៍រវាងចិន និងកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា មានប្រសាសន៍ថា ការដាក់ឱ្យប្រើប្រាស់ប្រាក់យន់ចិន ក្នុងប្រព័ន្ធធនាគារកម្ពុជា ជាយន្តការ ដើម្បីសម្របសម្រួលដល់ពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងទេសចរណ៍រវាងចិន និងកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។

ប្រសាសន៍របស់សម្តេចរដ្ឋសភានេះ បានធ្វើឡើងក្នុងជំនួបជាមួយគណៈប្រតិភូគណៈកម្មាធិការរដ្ឋធម្មនុញ្ញ និងច្បាប់ នៃសភាតំណាងប្រជាជនចិន នៅវិមានរដ្ឋសភា នៅថ្ងៃទី៨ ខែវិច្ឆិកានេះ ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ ពិសេសក្នុងការងារច្បាប់។

សម្តេចពញាចក្រី ហេង សំរិន បានវាយតំលៃខ្ពស់ និងគំាទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់ប្រទេសចិន ស្តីពីគោលនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដោយសម្តេចបានលើកឡើងថា គម្រោងសេដ្ឋកិច្ចសកលនេះ បានដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជួយទាក់ទាញវិនិយោគិន និងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ មកកាន់ប្រទេសកម្ពុជាបន្ថែមទៀត។ សម្តេចពញាចក្រី មានប្រសាសន៍ថា «ប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើពាណិជ្ជកម្មទ្វេភាគី ពីចិនមកកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ហើយប្រទេសចិន ក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងជាប្រទេសមានទុនវិនិយោគធំទី១ នៅកម្ពុជា»។

ចំណែកកម្ពុជាវិញ កាលពីថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់ប្រាក់យ័នចិន ក្នុងប្រព័ន្ធធនាគារកម្ពុជា។ នេះជាយន្តការ ដើម្បីសម្របសម្រួលដល់ពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងទេសចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាព។

លោក លី ហ្វី សមាជិកគណៈកម្មាធិការរដ្ឋធម្មនុញ្ញនិងច្បាប់ នៃសភាតំណាងប្រជាជនចិន បានឱ្យដឹងថា កម្ពុជាជាប្រទេសទី១ ដែលគណៈកម្មាធិការគណៈកម្មាធិការរដ្ឋធម្មនុញ្ញនិងច្បាប់ នៃសភាតំណាងប្រជាជនចិន ជ្រើសរើសមកបំពេញទស្សនកិច្ច ដើម្បីសិក្សាស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍ទៅលើកិច្ចការច្បាប់ បន្ទាប់ពីគណៈកម្មាធិការរដ្ឋធម្មនុញ្ញនិងច្បាប់របស់ខ្លួន ទើបបង្កើតឡើងកាលពីខែមីនា ឆ្នាំ២០១៨នេះ។

លោក មានប្រសាសន៍ថា ការផ្លាស់ប្តូរបទលើកិច្ចការច្បាប់ ជាផ្នែកសំខាន់ដែលជំរុញឱ្យអ្នកវិនិយោគទុនចិនកាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជា បន្ទាប់ពីពួកគេ បានស្វែងយល់ពីច្បាប់របស់កម្ពុជា។