ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោក ត្រាំ៖ កិច្ចប្រជុំកំពូលជាមួយកូរ៉េខាងជើង នឹងធ្វើឡើងនៅដើមឆ្នាំក្រោយនេះ

AKP ភ្នំពេញ ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ — ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា លោកគ្រោង​នឹងជួបប្រជុំជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន ប្រហែលជានៅដើម​ឆ្នាំ​ក្រោយនេះ។

ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពី​អាម៉េរិកបានប្រកាសពន្យារពេលកិច្ចប្រជុំដែលបានគ្រោងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ រវាង​រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ិក ពុំពីអូ និងពួកមន្រ្តីកូរ៉េខាងជើងនៅក្នុង​ទីក្រុង​ញ៉ូវយ៉ក​នោះ។

លោក ត្រាំ បាននិយាយនៅឯសន្និសីទសារព័ត៌មាននៅសេតវិមានស្តីអំពីការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលថ្ងៃអង្គារថា យើងរីករាយណាស់​ ពីរបៀបដែលវានឹងស្ថិតនៅ​ជាមួយ​កូរ៉េខាងជើង ដោយបន្ថែមថា កិច្ចប្រជុំនេះនឹងត្រូវបានគេគ្រោងធ្វើរួចហើយ។

លោក ត្រាំ បាននិយាយថា លោកបានសន្មត់ពីការលប់ចោលភ្លាមៗ​ចំពោះដំណើរ​ទស្សនកិច្ច ដែលត្រូវបានធ្វើឡើងនោះ ប៉ុន្តែមិនត្រូវបានបញ្ជាក់លម្អិតនោះទេ។ យើងគិតថា​ វាគឺកំពុងដំណើរការដោយរលូន​។ យើងគឺគ្មានអ្វីធ្វើឱ្យរាំងស្ទះនោះទេ ហើយយើងមិនត្រូវ​ប្រញាប់ពេកដែរ។ ការដាក់ទណ្ឌកម្មនានា​ គឺនៅ ដដែល។

លោក ពុំពីអូ និងលោក គីម យុង-ចុល​ ជាទីប្រឹក្សាស្និទ្ធមួយរូបរបស់មេដឹកនាំកូរ៉េខាងជើង បានគ្រោងនឹងបន្តធ្វើកិច្ចចរចា ស្តីពីការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ​របស់របបមួយនេះ និងការរៀបចំកិច្ចប្រជុំកំពូល​លើកទី២ រវាងមេដឹកនាំនៃរបបនេះ និងលោក ត្រាំ។

ដោយសួរថា តើលោកនៅតែគ្រោងនឹងធ្វើកិច្ចប្រជុំកំពូលលើកទី២នោះ ប្រធានាធិបតី​អាម៉េរិក​រូប​នេះបាននិយាយថា ខ្ញុំអាចនិយាយបានថា ​ស្ថិតនៅក្នុងពេលណាមួយ​នា​ដើមឆ្នាំ​ក្រោយនេះ។ ដោយក្រសួងការបរទេសមិនបានផ្តល់ការពន្យល់ឱ្យច្បាស់​លាស់​ណាមួយ សម្រាប់កិច្ចប្រជុំដែលបានផ្អាកនោះទេ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )