ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោក ពូទីន នឹងជួបប្រជុំជាមួយប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្រ្តីជប៉ុននៅប្រទេសសិង្ហបុរី

AKP ភ្នំពេញ ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៨​ — ទីប្រឹក្សាវិមានក្រឹមឡាំងលោក យូរី អ៊ូសាកូវ​(Yuri Ushakov) បានប្រាប់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ​​ ពូទីន​ នឹងធ្វើកិច្ចប្រជុំទ្វេភាគី ជាបន្តបន្ទាប់មួយ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក​ទៅកាន់ប្រទេសសិង្ហបុរី នាថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនេះ ក្នុងចំណោមពួកគេទាំងនោះ នឹងត្រូវធ្វើកិច្ចចរចាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចា-អ៊ីន និងនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីន​សូ អាបេ។


លោកបាននិយាយថា យើងនឹងឆក់យកឱកាសនៃដំណើរទស្សនកិច្ចនៅសិង្ហបុរីនេះ ដើម្បីធ្វើកិច្ចប្រជុំទ្វេភាគីមួយ។ ជាពិសេសរាល់កិច្ចចរចានានា គឺត្រូវបានគេគ្រោងធ្វើជាមួយ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធា មហាម៉េត នាយកករដ្ឋមន្រ្តីឥណ្ឌូណេស៊ី លោក ហ្សូកូ វីដូដូ ប្រធានាធិបតីកូរ៉េខាងត្បូង​លោក មូន ចា-អ៊ីន​ និងនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនសូ អាបេ។
ទីប្រឹក្សារបស់លោក ពូទីន ​រូបនេះបាននិយាយទៀតថា កិច្ចប្រជុំមួយចំនួនផ្សេងទៀត គឺកំពុងដំណើរការដោយកិច្ចចរចាជាមួយនាយករដ្ឋមន្រ្តីចិនលោក លី ហ្កេហ្កាង គឺកំពុង​ស្ថិត​នៅក្នុងចំណោមកិច្ចចរចាពួកគេទាំងនោះដែរ។

លោក អ៊ូសាកូវ បាននិយាយថា នាថ្ងៃទី១៣​ ខែវិច្ឆិកា លោក ពូទីន ​គ្រោងនឹងធ្វើ​កិច្ចចរចាជាមួយនាយករដ្ឋមន្រ្តីរបស់ប្រទេសសិង្ហបុរីលោក លី ស៊ានឡុង ហើយបន្ទាប់មក លោក​នឹងជួបប្រជុំជាមួយប្រធានាធិបតីសិង្ហបុរីលោក ហាលីម៉ា យ៉ាកុប​( Halimah Yacob)។ កិច្ចចរចានានាត្រូវបានគេគ្រោងនឹងបញ្ចប់ដោយមានការចុះហត្ថលេខាលើឯកសារអន្តរកម្ម​និងកិច្ចសន្យាពាណិជ្ជកម្មមួយចំនួនទៀត៕

( ប្រភព TASS: បកប្រែដោយលោក មាស សំអុល )