ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រាជរដ្ឋាភិបាលនឹងបង្កើតគោលនយោបាយជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ បន្ទាប់ពីគោលនយោបាយជាតិអេកូទេសចរណ៍

AKP ភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ –កាលពីថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នៅទីស្ដីការក្រសួងទេសចរណ៍ក្រុមការងារអន្តរក្រសួងមួយដែលមានឈ្មោះថា «ក្រុមការងារអន្តរក្រសួងគ្រប់ គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរ ណ៍» បានបើកកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន  

ដោយសម្លឹងឃើញនូវផលប្រយោជន៍ដ៏សំខាន់ នៃវិស័យអេកូទេសចរណ៍ វិស័យទេសចរណ៍សហគមន៍ និងនិន្នាការរបស់ភ្ញៀវទេសចរពិភពលោក នាពេលបច្ចុប្បន្នផងនោះ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើនការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍។ ដោយហេតុនេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយ មានឈ្មោះថា «ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍» ដែលមានឯកឧត្តម ថោង ខុន រដ្ឋ  មន្ត្រីទេសចរណ៍ ជាប្រធាន, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាអនុប្រធាន អចិន្ត្រៃយ៍, ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធាន និងក្រសួង-ស្ថាប័នពាក់ព័ន្ធជាសមាជិក។

បន្ទាប់ពីទទួលបានការសម្រេចបង្កើតក្រុមការងារអន្តរក្រសួង កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ រួចមក ក្រុមការងារអន្តរក្រសួងខាងលើ បានបើកកិច្ចប្រជុំលើកទី៣របស់ខ្លួន នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា កាលពីកិច្ចប្រជុំលើកទី២ អង្គប្រជុំបានពិនិត្យឆ្លងរួចហើយនូវគោលនយោបាយជាតិស្តីពីអេកូទេសចរណ៍ រីឯកិច្ចប្រជុំអន្តរក្រសួងលើកទី៣ នាព្រឹកនេះ គឺដើម្បីពិនិត្យទៅលើគោលនយោបាយជាតិស្ដីពីការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍។

ឯកឧត្តមបានមានប្រសាសន៍ថា ក្រោយពីប្រជុំលើកទី៣នេះចប់ សមាជិកនីមួយៗនឹងយកសេចក្ដីព្រាងគោលនយោបាយនេះ ទៅពិនិត្យបន្តនៅតាមក្រសួង-ស្ថាប័នរៀងៗខ្លួន និងបំពេញធាតុចូលនានាបន្ថែមទៀត ដើម្បីបន្តកិច្ចប្រជុំលើកក្រោយទៀត មុនដាក់សេចក្ដីព្រាងចុងក្រោយនេះជូនគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងសម្រេច។ ឯកឧត្តមបន្តថា គោលនយោបាយជាតិនេះ មានសារៈសំខាន់ចាំបាច់សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍នៅកម្ពុជា ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ (4Ps) មានដូចជា៖ ភាគីរដ្ឋ ឬសាធារណៈ (Public) ភាគីឯកជន (Private) ដៃគូអភិវឌ្ឍន៍ (Partnership) និងប្រជាសហគមន៍-ទេសចរណ៍ (People)

ឯកឧត្តម ថោង ខុន បានសង្កត់ធ្ងន់ថា តួនាទីសំខាន់របស់វិស័យសាធារណៈ ក្នុងក្រប ណ្ឌសហគមន៍ទេសចរណ៍នេះ គឺត្រូវជួយដល់សហគមន៍ ដូចជា ការធ្វើផ្លូវទៅកាន់សហគមន៍ ការរៀបចំគោលនយោបាយគ្រប់គ្រង និងអភិវឌ្ឍន៍ ការបណ្ដុះបណ្ដាលធនធានមនុស្ស គោលនយោបាយលើកទឹកចិត្ត ផ្នែកពន្ធដារ គោលនយោបាយក្នុងការប្រើប្រាស់អគ្គិសនី និងប្រព័ន្ធទូរស័ព្ទ អ៊ីនធឺរណេត ព្រមទាំងត្រូវបំពេញការងារជាច្រើនទៀត។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមទៀតថា អង្គប្រជុំក៏បានពិភាក្សាលើការងារជាច្រើនទៀតផងដែរ ដូចជា ការអភិវឌ្ឍនៅសហគមន៍ទេសចរណ៍ជ្រាវ នៅខេត្តសៀមរាប ដែលជាសហគមន៍មួយដ៏សំខាន់ ក្នុងចំណោមសហគមន៍ទេសចរណ៍ នៅកៀកនឹងគោលដៅទេសចរណ៍អង្គរ។ ឯកឧត្តមបន្តថា ក្នុងចំណោមភ្ញៀវទេសចរដែលទៅទស្សនាប្រាសាទអង្គរវត្តប្រមាណ ៥០ភាគរយ គឺបានបន្តដំណើរទៅទស្សនានៅសហគមន៍ទេសចរណ៍នានា ដែលនៅជាប់តំបន់បឹងទន្លេសាបរៀងរាល់ថ្ងៃ ក្នុងនោះមាន៥សហគមន៍ រួមមាន៖ សហគមន៍ចុងឃ្នាស សហគមន៍កំពង់ភ្លុក សហគមន៍កំពង់ឃ្លាំង សហគមន៍ជ្រាវ និងសហគមន៍មេជ្រៃ៕

ដោយទូច វលក្ខណ៍(ប្រភពៈ ក្រសួងទេសចរណ៍)