ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កូនគ្រែងឈាម​ប្រមាណ ៣០០គីឡូក្រាម ត្រូវបានលែងចូលក្នុងសមុទ្រតំបន់កោះខ្យង

AKP ព្រះសីហនុ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ –កាលពីរសៀលថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្រ្តីជលផលបាននាំយកកូនគ្រែងឈាម​ប្រមាណ ៣០០គីឡូក្រាម​ យកទៅលែងចូលក្នុងសមុទ្រ នៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  បន្ទាប់ពីរឹបអូសបានពីឈ្មួញ​នៅភូមិកោះខ្យង​ បម្រុងនាំចេញទៅប្រទេសជិតខាង ។ 

   លោក ឯម ភា នាយសង្កាត់រដ្ឋបាលជលផលព្រៃនប់ បានឱ្យដឹងថា កូនគ្រែងឈាមតែងតែកើតឡើងនៅចុងរដូវវស្សាក្នុងដៃសមុទ្រភូមិកោះខ្យង ឃុំអូជ្រៅ ស្រុកព្រៃនប់ ទន្ទឹមនឹងការ  កកើតនូវកូនគ្រែងឈាម ក៏មានប្រជានេសាទលួចអូសកូនគ្រែងឈាម យកទៅលក់ឱ្យឈ្មួញចាំប្រមូលទិញ ដឹកយកទៅលក់បន្តទៅប្រទេសជិតខាង ព្រោះកូនគ្រែងឈាមតូចៗមានតម្លៃខ្ពស់ បន្ទាប់ពីប្រមូលទិញបានហើយ ។


    លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹងថា តាមច្បាស់ជលផលការនេសាទគ្រែងឈាម អនុញ្ញាតឱ្យប្រជានេសាទធ្វើការនេសាទអូសរនាស់ យកគ្រែងឈាមធំៗមានចន្លោះពី ២០០ទៅ ៣០០គ្រាប់ក្នុងមួយគីឡូក្រាម ដោយឡែកកូនគ្រែងឈាមមិនទាន់គ្រប់អាយុធ្វើនេសាទ ត្រូវច្បាប់ហាមឃាត់ការនេសាទ ដើម្បីរក្សានិរន្តរភាពគ្រែងឈាម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ។

     លោកប្រធានមន្ទីរបានបញ្ជាក់ថា កូនគ្រែងឈាមកើតក្នុងរយៈពេល៣ខែ គឺចាប់ពីខែមិថុនា កក្កដា និងខែសីហា ដោយឡែកនៅខែវិច្ឆិកា វាអាចកើតតែបន្តិចបន្ទួចតែប៉ុណ្ណោះ  ក៏ប៉ុន្តែលោកបានឱ្យមន្ត្រីជំនាញចុះទៅពិនិត្យ និងទប់ស្កាត់បទល្មើសនេសាទកូនគ្រែងឈាមនៅតំបន់កោះខ្យង ឃុំអូរជ្រៅ ហើយសកម្មភាពទប់ស្កាត់បទល្មើសនេសាទកូនគ្រែងឈាមនេះ យើងនឹងបន្តធ្វើដូចភ្លៀងរលឹម ដើម្បីរក្សាគ្រែងឈាមឱ្យសម្បូរបែបនៅតំបន់កោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អាចជួយកាត់បន្ថយភាពក្រីក្រ បង្កើនជីវភាពរបស់ប្រជានេសាទក្នុងតំបន់នោះថែមទៀតផង ៕

ដោយ ងូ សុមុនី