ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងកសិកម្មជំរុញឱ្យកសិករផលិតបន្លែសុវត្ថិភាព និង ចែកពូជគោ

AKP កំពង់ឆ្នាំង ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ –ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាល និងអំពាវនាវ ឱ្យកសិករទាំងអស់ត្រូវតែយកចិត្តទុកដាក់ ទៅលើការដាំដំណាំបន្លែដែលមានសុវត្ថិភាព ពោលគឺបន្លែដែលគ្មានសារធាតុគីមី ដើម្បី​លើកកម្ពស់សុវត្ថិភាពបន្លែ សម្រាប់ទីផ្សារនៅក្នុងខេត្ត និងនៅក្នុងប្រទេសកម្ពុជា។

ការអំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម បែបនេះ បានធ្វើឡើងនៅក្នុងពិធីចែកគោចិញ្ចឹមជូនប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ឆ្នាំង ព្រមទាំងបានធ្វើការផ្សព្វផ្សាយផលិតផល​បន្លែគ្មាន​សារធាតុ​គីមី ស្ថិតក្នុងភូមិ​ច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលរៀបចំឡើងដោយគម្រោង​របស់​រដ្ឋបាលខេត្ត ធ្វើការអភិវឌ្ឍដីសម្បទានសង្គមកិច្ច និងអភិវឌ្ឍន៍សេដ្ឋកិច្ច ​សហការ​​ជា​មួយអង្គការ មូស្លីមអេត ប្រចាំនៅកម្ពុជា កាលពីថ្ងៃ​ពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

ឯកឧត្តម វេង សាខុន បានមានប្រសាសន៍​ថា បន្លែដែលគ្មានសារធាតុគីមី គឺពិត​ជាមានសារៈ​សំខាន់ណាស់ ក្នុងការផ្សព្វផ្សាយនូវកសិផលដែល​ប្រជាកសិករ​ផលិត​បាន ប្រកបដោយសុវត្ថិភាព អនាម័យល្អតាមស្តង់ដារ និងមិនធ្វើឱ្យប៉ះពាល់​ដល់សុខភាពអ្នកបរិភោគ។ ម្យ៉ាងវិញទៀតយើងរៀបចំទីផ្សារឱ្យមានបន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាព គឺដើម្បីផ្តល់ឱកាសឱ្យមានការជួបជុំគ្នារវាងផលិតករ កសិករ ដៃគូអភិវឌ្ឍន៍ អ្នកពាក់ព័ន្ធ និងមន្ត្រីជំនាញក្នុងការផ្លាស់ប្តូរបទពិសោធន៍ មតិយោបល់​នានា ក្នុងគោលដៅរួមគ្នាដោះស្រាយនូវរាល់បញ្ហាប្រឈម ដែលកើតមានឡើង​កន្លង​មក សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា​ទៅនឹង​កត្តាប្រឈមនានា។

ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីជំនាញ នៃមន្ទីរកសិកម្ម ត្រូវសហការជាមួយមន្ទីរពាណិជ្ជកម្ម សភាពាណិជ្ជកម្មខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអង្គការដៃ​គូ​នានា ដើម្បីស្វែងរកទីផ្សារកសិផល ពង្រឹងគុណភាពទំនិញកសិកម្ម ការធ្វើទំនើបកម្ម បច្ចេកទេសកសិកម្ម ព្រមទាំងវិធានការបង្ការគ្រោះមហន្តរាយនៃជំងឺសត្វ ដំណាំស្រូវ ​ដំណាំរួមផ្សំ និងយន្តការដទៃទៀត។ ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាល​មុខ​ជំនាញបច្ចេកទេសថ្មីៗដល់កសិករ ផលិតករ ពីការជ្រើសរើសពូជ ការប្រើប្រាស់ជីក​សិកម្ម ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស តាមស្តង់ដារ ដើម្បីឆ្លើយ​តបតម្រូវការទីផ្សារ។ ជាពិសេសត្រូវរៀបចំសហគមន៍អភិវឌ្ឍន៍កសិកម្មជាទ្រង់ទ្រាយធំ ដើម្បីងាយស្រួលក្នុងការបណ្តុះបណ្តាល និងត្រូវបង្កើនគុណតម្លៃ និងនិរន្តរភាព បរិមាណ​ផលិតផល ប្រកបដោយគុណភាព សុវត្ថិភាព ស្តង់ដារក្នុងការប្រកួតប្រជែងទីផ្សារក្នុងស្រុក និងការនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសកាត់បន្ថយការនាំចូល ​ផលិត​ផលពីប្រទេសជិតខាង។

ឯកឧត្តម ឈួ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសនថា ការរៀបចំដាក់តាំងលក់​បន្លែនៅលើ​ទីផ្សារ ក្នុងគោលដៅដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយកម្រិតជីវ ភាពរបស់​ប្រជា​កសិករឱ្យកាន់តែល្អប្រសើរឡើង និងធានាសុវត្ថិភាពក្នុងការបរិភោគបន្លែប្រចាំថ្ងៃ ព្រម​ទាំងទទួលបានសុខភាពល្អ។ ឯកឧត្តមបានបន្តថា សុខភាពគឺជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប​ដែលត្រូវ​តែធ្វើការយកចិត្តទុកដាក់បំផុត ជាពិសេសការបរិភោគបន្លែឆៅ ហើយត្រូវនៅស្រស់ៗ ខុសពីដំណាំស្រូវ អង្ករ ពោត សណ្ដែក ស្វាយចន្ទី ដែលអាចទុក​បានរយៈពេល​យូរ​ជាងដំណាំបន្លែ។

ឯកឧត្តមបានណែនាំឱ្យបងប្អូនប្រជាកសិករយកចិត្តទុកដាក់លើការដាំបន្លែ​គ្មាន​សារធាតុ​គីមី ហើយឥឡូវនេះមន្ទីរកសិកម្មខេត្តកំពុងរៀបចំបង្កើតទីផ្សារបន្លែសុវត្ថិភាព ឱ្យប្រជា​កសិករលក់ដូរ និងដាក់តាំងនូវផលិតផល​កសិកម្ម បន្លែរួមផ្សំគ្រប់​ប្រភេទ ដែល​គ្មាន​សារធាតុគីមី ធ្វើឱ្យបងប្អូនអាចរកប្រាក់ចំណូល និងជួយសម្រួលដល់ជីវភាព​នៅតាម​សហគមន៍ ឱ្យមានជីវភាពប្រសើរជាងមុន។

ឯកឧត្តមបានបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសមន្ត្រីរាជការ អាជីវករ ចូលរួម​គាំទ្រ និងទិញយកទៅទទួលទាន ផលិតផលបន្លែសុវត្ថិភាព ដើម្បីសុខភាពទាំងអស់​ គ្នា។ ក្នុងឱកាសនោះដែរឯកឧត្តម និងក្រុមការងារ​បានផ្ដល់ពូជសណ្ដែកគួរ ត្រសក់ និងត្រ    គួន ដល់កសិករចំនួន១៦០គ្រួសារទទួលបាន៣គីឡូក្រាម ក្នុងនោះបានផ្ដល់ពូជគោចំនួន៨០ក្បាលសម្រាប់គ្រួសារដែលទទួលបានចែកជា២វេន គឺវេនទី១ មានចំនួន៨០គ្រួសារក្នុងមួយគ្រួសារទទួលបានគោមួយ និងវេនទី២ សម្រាប់៨០គ្រួសារទៀតនឹងចែកក្នុងរយៈពេលបន្តបន្ទាប់ ៕

ដោយបៃ ស៊ីថុន