ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្ត្រីពាណិជ្ជកម្ម សន្យាបោះឆ្នោតគាំទ្រប្រទេសជប៉ុន ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោក ឆ្នាំ២០២៥

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានសន្យាបោះឆ្នោតគាំទ្រប្រទេសជប៉ុន ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោកឆ្នាំ២០២៥ នៅក្នុងមហាសន្និបាតលើកទី១៦៤ នៃការិយាល័យពិព័រណ៍អន្តរជាតិ (BIE) ដែលគ្រោងនឹងរៀបចំឡើង នៅទីក្រុងប៉ារីស នៃប្រទេសបារាំង នាថ្ងៃទី២២ និង២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ។

ការសន្យារបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ហូរីនូឈិ ហ៊ិដេហិសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូន ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន អំពីលទ្ធផលនៃការចូលរួមរបស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិន នាទីក្រុងសៀងហៃ និងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រទីក្រុងអូសាកា និងទីក្រុងកេនសៃ នៃប្រទេសជប៉ុន ធ្វើជាទីតាំងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក នៅក្នុងឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងជប៉ុន លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលតែងតែផ្តល់ហិរញ្ញប្បទាន និងជំនួយឥតសំណងយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជា ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នាពេលកន្លងមក។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាប ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហការជាមួយជប៉ុន លើវិស័យអទិភាពសំខាន់ៗ រួមទាំងការគាំទ្រគ្នាទៅវិញទៅមក នៅគ្រប់វេទិកាអន្តរជាតិ ផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ហូរីនូឈិ ហ៊ិដេហិសា បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រទីក្រុងអូសាកា និងកេនសៃ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោក ឆ្នាំ២០២៥ ហើយឯកឧត្តម នឹងខិតខំកៀងគរវិនិយោគិនជប៉ុន ឱ្យចូលមកបណ្តាក់ទុនកាន់តែច្រើនថែមទៀតនៅកម្ពុជា ដើម្បីចូលរួមធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាល។

ឯកឧត្តម ឯកអគ្គរាជទូត ក៏បានសន្យានឹងបន្តជួយដល់កម្ពុជា លើគ្រប់វិស័យអទិភាព ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការកសាងធនធានមនុស្ស ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដោយសារប្រទេសទាំងពីរ គឺជាមិត្តល្អនឹងគ្នា ហើយជានិច្ចជាកាល មានប្រវត្តិគាំទ្រគ្នាទៅវិញទៅមក៕

 

ប្រភព៖ ទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម