ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គ្រូបាល់ទាត់កម្ពុជា និងម៉ាឡេស៊ី រំពឹងពីកូនក្រុមធ្វើបានល្អដូចៗគ្នា សម្រាប់ការប្រកួត AFF Suzuki Cup ថ្ងៃបើកឆាក នៅល្ងាចថ្ងៃស្អែក

AKP ភ្នំពេញ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ –គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងគ្រូបង្គោលក្រុម ជម្រើសជាតិម៉ាឡេស៊ីបាន ថ្លែងរួមគ្នា នៅក្នុងសន្និសីទសារពត៌មាន នៅព្រឹកថ្ងៃពុធទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ សណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ដោយបានបង្ហាញឱ្យឃើញនូវក្តីរំពឹងខ្ពស់ដូចៗគ្នាថាក្រុមរបស់ខ្លួននឹង ធ្វើបានល្អ សម្រាប់ការប្រកួតផ្លូវការនៃព្រឹត្តិការណ៍ជម្រុះពូលA ពានរង្វាន់ AFF Suzuki Cup នាល្ងាចថ្ងៃស្អែក ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅកីឡដ្ឋានជាតិអូឡាំពិក។

លោក Felix Agustin Gonzalez Dalmas គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីននៃក្រុមជម្រើស ជាតិកម្ពុជា បានបញ្ជាក់ថា លោកពិតជារីករាយក្នុងការរៀបចំទទួលធ្វើម្ចាស់ផ្ទះជាមួយក្រុម ម៉ាឡេស៊ីថ្ងៃស្អែកនេះ ដោយលោករំពឹងថា នឹងមានអ្នកចូលរួមគាំទ្រយ៉ាងច្រើនកុះករ ជាមួយការសង្ឃឹមថានេះជាការប្រកួតដ៏ល្អមួយ។ លោកបានអះអាងថា ទោះបីជាមិនមានលោកហុងដាមកដឹកនាំដោយផ្ទាល់ ក៏ដោយ ក៏លោកតែងតែបានទាក់ទងជាមួយគាត់ជាប្រចាំ ហើយលោកជឿជាក់ថា កូនក្រុមរបស់ខ្លួននឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីប្រជែងយកនូវ លទ្ធផលល្អមួយ។ លោកបានបន្ដថា ការហ្វឹកហាត់កន្លងមកលោកបានដកចេញកីឡាករវ័យក្មេង៣នាក់ ដោយសារពួកគាត់មិទាន់មានបទពិសោធន៍គ្រប់គ្រាន់ និងចង់រក្សាតុល្យភាព សម្រាប់ក្រុមទាំងមូល។

ចំណែកឯ លោក Tan Cheng Hoe គ្រូបង្គោលក្រុមជម្រើសជាតិម៉ាឡេស៊ីគូសបញ្ជាក់ដែរថា នេះគឺជាលើកទី១ របស់លោកដែលបានដឹកនាំការប្រកួតក្នុងព្រឹត្តិការណ៍ AFF Suzuki Cupនេះ ដែលលោកគិតថា នេះគឺជាការប្រកួតដ៏សំខាន់មួយសម្រាប់ក្រុមម៉ាឡេស៊ី ហើយលោករួមទាំងកូនក្រុមរបស់ខ្លួននឹងខិតខំឱ្យអស់ពីលទ្ធភាពទោះបីដឹងថា នេះជាការ ប្រកួតដ៏លំបាកក៏ដោយ។ លោកក៏បានដាក់បញ្ជូលកីឡាករថ្មីៗមួយចំនួនដែរ ដើម្បីបង្កើន ភាពល្អប្រសើរសម្រាប់ក្រុមម៉ាឡេស៊ី ដោយលោកជឿជាក់ថា ក្រុមរបស់លោកនឹងធ្វើបានល្អ សម្រាប់ការប្រកួតបើកឆាកនៃពូលA ជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា នាល្ងាចស្អែកនេះ។

គួរបញ្ជាក់ថា ពានរង្វាន់ AFF Suzuki Cup ពូលA មាន៥ក្រុមរួមមាន កម្ពុជា, វៀតណាម, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, និងឡាវ ខណៈពូលB មាន៥ក្រុមដែរ រួមមាន៖ ក្រុមថៃ, ឥណ្ឌូណេស៊ី, ហ្វីលីពីន, សិង្ហបុរី និងទីម័រខាងកើត៕

ដោយ ហេង ណាលីន