ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សមាជិករាជវង្សអារ៉ាប់រួម អញ្ជើញទស្សនាសមិទ្ធផលព្រះវិហារអ៊ិស្លាម ដែលជាជំនួយឥតសំណងរបស់អារ៉ាប់រួម នៅរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ –នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ព្រះអង្គម្ចាស់ Ahmed Dalmook Al Maktoum សមាជិករាជវង្ស អារ៉ាប់រួមអេមីរ៉េត និងសហការី ដឹកនាំដោយ ឯកឧត្ដម  អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នាថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ  បានអញ្ជើញទស្សនា សមិទ្ធផលសាសនាសំខាន់ៗនៅរាជធានីភ្នំពេញ ដែលជាអំណោយសប្បុរសធម របស់សប្បុរសជនប្រទេសអារ៉ាប់រួម។

ក្នុងដំណើរទស្សនកិច្ចនោះ ព្រះអង្គបានអញ្ជើញទស្សនា ព្រះវិហារអ៊ិស្លាម អាំម៉ើត ពិនយ៉ាសៀត នៅគីឡូម៉ែត្រ លេខ ០៩សង្កាត់ច្រាំងចំរេះ១ ខណ្ឌ ស្សីកែវ ជាបដិភាគ ថវិការបស់លោក ខាឡេត សារ៉ាហិលនៅក្រុងឌូបៃ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជា ផ្លូវការ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៩៧ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន និងម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ឯកឧត្ដម អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ការអញ្ជើញទស្សនាសមិទ្ធផលនានានេះ ធ្វើឡើងបន្ទាប់ពីព្រះអង្គម្ចាស់ Ahmed Dalmook Al Maktoum និងសហការីបានអញ្ជើញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ៕

ដោយ សួស  សំរិត