ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កីឡាករពិការកម្ពុជា នាំយកមេដាយមាស១គ្រឿង ពីការប្រកួតយុវជនកម្រិតអាស៊ី នៅប្រទេសកូរ៉េខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ –កីឡាករពិការហែលទឹក យ៉ុន មួយ បានឈ្នះមេដាយមាស១ គ្រឿងពីការប្រកួតយុវជន អាស៊ី នៅប្រទេសកូរ៉េខាងត្បូង និងបានវិលត្រឡប់មកដល់មាតុប្រទេសវិញ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលទទួលបានការស្វាគមន៍លើកទឹកចិត្ត ដោយផ្ទល់ពីឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា

 

លោក យី សុភ័ក្រ្តា ប្រធានប្រតិភូដឹកនាំអត្តពលិកពិការនៃគណៈកម្មាធិការជាតិប៉ារ៉ា ឡាំពិកកម្ពុជាបានបញ្ជាក់ថា ព្រឹត្តិការណ៍យុវជនកីឡាជនពិការអាស៊ី នៅប្រទេសកូរ៉េត្បូង ឆ្នាំ២០១៨នេះ គឺគណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជាបានបញ្ជូនអត្តពលិក២នាក់ទៅចូលរួម គឺកីឡាករ យ៉ុន មួយ និង កីឡាករ ឈឿន កុសល ហើយជាលទ្ធផល កីឡាករ យ៉ុន មួយ ដណ្តើមបានមេដាយមាស១គ្រឿងលើវិញ្ញាសាហែលទឹកសេរី៥០ម៉ែត្រ។ លោកបន្ដថា ការ ប្រកួតនេះមាន៨ប្រទេសចូលរួម ដែលមាន៣ប្រភេទកីឡា ហើយក្រៅពីការប្រកួត គ្រូម្ចាស់ ផ្ទះកូរ៉េបានបង្វឹកដល់អត្តពលិកកម្ពុជាដែរ ដែលលោកអះអាងថាកីឡាករកម្ពុជាកើនឡើងបច្ចេកទេសគួរឱ្យកត់សម្គាល់។

ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានមានប្រសាសន៍ថា ក្រៅពីការទទួលស្វាគមន៍លើកទឹកចិត្តជូនដល់ប្រតិភូ និងកីឡាករម្ចាស់មេដាយមាសនេះ គឺឯកឧត្តមបានដឹកនាំក្រុមប្រតិភូ​កីឡាករ កីឡាការិនីសរុប២០នាក់ចេញទៅហ្វឹកហាត់នៅកូរ៉េខាងត្បូងផងដែរ ក្នុងពេលជាមួយគ្នានោះ ដែលមានលើប្រភេទកីឡា បាញ់ធ្នូ វាយកូនឃ្លីលើតុ អត្តពលកម្ម និងប៊ូស្យា។ ឯកឧត្តមបញ្ជាក់ជូនថា នេះជា កិច្ចសហ ប្រតិបត្តិ ការកម្ពុជាសាធារណរដ្ឋកូរ៉េ ដែលកូរ៉េបានខិតខំជួយជ្រោមជ្រែងយ៉ាងខ្លាំងបង្វឹកដល់អត្ត ពលិកកម្ពុជាដោយឯកឧត្តមរំពឹងខ្ពស់ថា វិស័យកីឡាជនពិការកម្ពុជានឹងកើនឡើង​ប្រសិទ្ធផល កាន់តែខ្ពស់ ដើម្បីប្រជែងយកមេដាយ នៅក្នុងព្រឹត្តិការណ៍អន្តរជាតិ នាពេលខាងមុខ។

ឯកឧត្តមអគ្គលេខាធិការបានសម្តែងការដឹងគុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ប្រជាជន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកនៃសាធារដ្ឋកូរ៉េ ដែលចាត់ទុកកម្ពុជាជាមិត្តភក្ដិដ៏ជិតស្និទ្ធ និងជាគ្រួសារតែមួយ ក្នុងការជួយជ្រោមជ្រែងអស់ពីចិត្តជួយបណ្តុះបណ្តាលបច្ចេកទេសជូន ដល់អត្តពលិកពិការកម្ពុជា៕

ដោយ ហេង ណាលីន