ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោ៖ ហ៊ុន សែន គ្មានសិទ្ធិនឹងចុះហត្ថលេខាថ្វាយព្រះមហាក្សត្រលើកលែងទោស ឱ្យអ្នកណាទាំងអស់ ក្នុងពេលដែលជននោះស្ថិតក្នុងក្របខ័ណ្ឌនៃពិរុទ្ធជន ឬក៏សាលក្រមមិនទាន់ចូលស្ថាពរ

AKP តាកែវ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ –ក្នុងពេលដែល លោក សម រង្ស៊ី អតីតប្រធានបក្សប្រឆាំង បាននិយាយតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួនកាលពីពេលថ្មីៗនេះថា ក្នុងពិធីរម្លឹកខួប២០ឆ្នាំនៃនយោបាឈ្នះ ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូឆ្នាំ២០១៨ នឹងមានការដោះលែងលោក កឹម សុខា ក្រោមសម្ពាអន្តរជាតិនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រ​កម្ពុជា មានប្រសាសន៍ថា ហ៊ុនសែនគ្មានសិទ្ធិនឹងចុះហត្ថលេខាថ្វាយព្រះមហាក្សត្រលើកលែងទោសឱ្យអ្នកណាទាំងអស់ នៅពេលដែលអ្នណាក៏ដោយស្ថិតក្នុង ក្របខណ្ឌនៃពិរុទ្ធជន ឬក៏សាលក្រមមិនទាន់ចូលស្ថាពរ

ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ២៣ ៤​៦៦នាក់ ម​ក​​ពីរោងចក្រ សហគ្រាសចំនួន២០ ដែលធ្វើឡើង​នៅ​ភូ​មិថ្ន​ល់​ទ​ក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេ​ត្តតាកែវ នាព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំ​ច​ សំរឹ​ទ្ធិ​ស័​ក ព.​ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែ​​វិច្ឆិកា ឆ្នាំ២០១៨ សម្ដេចតេជោ ថ្លែងថា ព្រោះអត់ទាន់កាត់ទោស អត់ទាន់មាន​ទោ​ស​ស​ម្រា​ប់​លើកលែងឱ្យលោកឯងទេ នេះនិយាយឱ្យយល់ គ្រាន់តែច្បាប់ប៉ុណ្ណឹងលោកឯងមិនយល់ផង មានទោសឯណាសម្រាប់លើក ព្រោះអត់ទាន់កាត់ទោសផងណ្ណឹង។ ឥឡូវអ្នកឯងចាំមើលទៅ ជាពិសេសបងប្អូនអ្នកគាំទ្រ ចាំមើលទៅ។ ខ្ញុំផ្ញើសារដ៏ខ្លីមួយថាចាំសេះដុះស្នែង បានវាកើត។

សម្ដេចតេជោថ្លែងទៀតថា  លោក សម រង្ស៊ី បានភូតពលរដ្ឋខ្មែរនៅ អាម៉េរិកដោយ និយាយថា អា​​ម៉េរិកមិនឱ្យសម្ដេចចូលទឹកដី ហើយថាអង្គការសហប្រជាជាតិ (UN) បានដកហូត​អា​ស​នៈ​កម្ពុ​ជា ក្រោយមកថា អង្គការសហប្រជាជាតិ មិនដកហូតអាសនៈពីកម្ពុជាទេ ប៉ុន្ដែ អង្គការ​អន្តរ​ជាតិ​មួយនេះ មិនឱ្យសម្ដេចចូល ។ មួយវិញទៀតដល់ពេលសម្ដេច បានទៅដល់កន្លែង​អង្គុយ​នៅ​ក្នុង អ.. សម រង្ស៊ី មានលេសទៀតថា នឹងប្រកាសធ្វើបាតុកម្ម ប្រឆាំងវត្តមានសម្តេច ស្រា​ប់តែមួយថ្ងៃក្រោយ សម រង្ស៊ី ប្រកាសថា ខ្លួនឈប់ធ្វើបាតុកម្ម។ ក្រោយមក សម រង្ស៊ី បា​ន​ទៅភូតនៅសហភាពអឺរ៉ុបថា តុលាការឧក្រិដ្ឋកម្មអន្ដរជាតិ នឹងចាប់សម្ដេចតេជោ ដល់ពេល​ស​ម្ដេច​ទៅដល់ ប៉ុន្តែគ្មានបញ្ហាអ្វីកើតឡើងទាំងអស់។ ដូច្នេះមនុស្សដូច សម រង្ស៊ី ដើរ​ភូត​កុ​ហក​គ្រប់កន្លែងតែម្ដង។ សម្ដេចបន្ថែមថា គ្មានអ្វីចម្លែកនោះទេដែល សម រង្ស៊ី ដើរឱ្យគេ​ផ្ដាច់​ជំ​នួ​​យពីកម្ពុជា និងកុំឱ្យវិនិយោគមកបណ្តាក់ទុន នៅកម្ពុជា និងកុំទិញទំនិញពីកម្ពុជា​បន្ដ​ទៀ​ត​។

គួរបញ្ជាក់ដែរថា  លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលជាប់ចោពីបទសន្ទិដ្ឋិភាពជាមួយបរទេស ត្រូវបានតុលាការសម្រេចដោះលែង ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅវេលាទៀបភ្លឺឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ហើយដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយសារតែបញ្ហាសុខភាពរបស់លោក បន្ទាប់ពីឃុំខ្លួន នៅក្នុង​​ពន្ធនាគារត្រពាំងផ្លុង (ម៣) រយៈពេលជាង១ឆ្នាំ៕

ដោយ ជឹម ណារី