ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោនាយករដ្ឋមន្ត្រីរម្លឹកពីការដឹងគុណចំពោះព្រះរាជបូជនីយកិច្ចព្រះករុណា ព្រះបរមរតនកោដ្ឋ ក្នុងការទាមទារឯករាជ្យជាតិសម្រាប់កម្ពុជា

AKP តាកែវ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ –ក្នុងខណៈខួបលើកទី៦៥ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (១៩៥៣២០១៨) ខិតជិតមកដល់នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមា​​ប្រសាសន៍រម្លឹកពីស្នាព្រហស្ត និងអរព្រះគុណចំពោះព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានប្រឹងប្រែងតស៊ូ លះបង់ព្រះកាយពលយ៉ាងធំធេង ក្នុងការនាំមកនូវឯករាជ្យជាតិសម្រាប់កម្ពុជាពីអាណានិគមបារាំង។

ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ២៣ ៤​៦៦នាក់ មពីរោងចក្រ សហគ្រាសចំនួន២០ ដែលធ្វើឡើង​នៅ​ភូ​មិថ្នល់ក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំ​ច​ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្ដេចតេជោ ថ្លែងថា នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ ខួបលើកទី៦៥ថ្ងៃឯករាជ្យជាតិរបស់កម្ពុជា នឹងមកដល់ ដែលយើងនឹងធ្វើពិធីធំបង្គួរនៅវិមានឯករាជ្យ និងនៅខា​​មុខព្រះបរមរាជវាំង។ យើងពិតជាមានការអរព្រះគុណចំពោះសម្ដេចព្រះបិតាជាតិរបស់យើង ដែលព្រះអង្គបានប្រឹងប្រែងតស៊ូ ដើម្បីនាំមកនូវឯករាជ្យជាតិសម្រាប់កម្ពុជារបស់យើង ហើដែលនៅថ្ងៃសុក្រខាងមុខនេះ ក៏ជាថ្ងៃដែលប្រជាជនកម្ពុជានៅទូទាំងប្រទេស និងទទួលការ​អប​អរសាទរនូវខួបថ្ងៃឯករាជ្យជាតិរបស់កម្ពុជា ដែលដណ្ដើមយកមកដោយលំបាក​ក្រោមព្រះ​រាជ​កិច្ចដឹកនាំរបស់សម្ដេចព្រះបិតាជាតិ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះបរម​រតន​កោ​ដ្ឋ​។

សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងបន្តថា ប៉ុន្តែឯករាជ្យរបស់យើងត្រូវបានជាន់ឈ្លី បំផ្លិចបំផ្លាញនៅឆ្នាំ១៩៧០ បន្ទាប់ពីការកសាងមួយរយៈ ក្នុងសម័យសង្គមរាស្ត្រនិយម របស់ សម្ដេចឪ សម្ដេចតា សម្ដេចតាទួតនៃយើង។ សង្គ្រាមបានឆាបឆេះក្នុងប្រទេស របស់យើង បន្តមករបបប្រល័យពូជសាន៍ ប៉ុល ពត ​បន្ទាប់មកទៀតនូវមានសង្គ្រាមហែកហួ នៅក្នុងប្រទេស។ ក៏ប៉ុន្តែឆ្នាំ​​នេះ ក៏ជាខួបលើកទី២០ នៃនយោបាយឈ្នះ ឈ្នះ របស់យើង ដែលយើងនឹងប្រារព្ធពិធីបុណ្យមួយដ៏ធំនៅចុងឆ្នាំនេះតែម្ដងដើម្បីរម្លឹកដល់ការបញ្ចប់សង្គ្រាម ទាំងស្រុង និងនាំមកនូវការឯកភាពទឹកដីដែលក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាពុំធ្លាប់មាន សម្រាប់ការអភិវឌ្ឍប្រទេស។ ដូច្នេះ យើងត្រូវការពារឱ្យបានទោះបីដោយតម្លៃណា ក៏ដោយនូវសន្តិភាពនេះ៕

ដោយ ជឹម ណារី