ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េ សំណូមពរឲ្យអាជ្ញាធរកូរ៉េ ជួយគាំពារពលរដ្ឋខ្មែរ ធ្វើការនៅកូរ៉េ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង បានសំណូមពរឲ្យអាជ្ញាធរកូរ៉េខាងត្បូង ជួយគាំពារដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលទៅធ្វើការ និងមានប្តីជាជនជាតិកូរ៉េ ឱ្យមើលថែរក្សា និងយកចិត្តទុកដាក់ដូចពលរដ្ឋរបស់ខ្លួន ។

ឯកឧត្តម ឡុង ឌីម៉ង់ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង បានសំណូមពរបែបនេះក្នុងពេលដែល ឯកឧត្តម ដឹកនាំមន្ត្រីស្ថានទូត ចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលទៅរស់នៅនិងមានគ្រួសារកូរ៉េ នៅស្រុកChangyeong នៅតំបន់ភាគខាងត្បូងរបស់ប្រទេសកូរ៉េ ដែលមាននារីជាជនជាតិខ្មែរ យកស្វាមីជាជនជាតិកូរ៉េ ចំនួន១៧គ្រួសារ កំពុងរស់នៅទីនោះ ។

ឯកឧត្តម ឡុង ឌីម៉ង់ បានឲ្យដឹងថា នៅក្នុងដំណើររបស់ឯកឧត្តម និងក្រុមការងារ ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អភិបាលស្រុក ជាមួយនឹងសមាគម Happy Dreamer ដែលមានសណ្តានចិត្តដ៏ល្អ និងជួយយកអាសារមើលថែប្រជាពលរដ្ឋខ្មែរផងដែរ ។

ឯកឧត្តម ឡុង ឌីម៉ង់ បានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះ តែងតែធ្វើសកម្មភាពសប្បុរសធម៌ជាច្រើន មកកាន់ប្រទេសកម្ពុជា ហើយមិនតែប៉ុណ្ណោះស្នាមញញឹម ដ៏ស្មោះពីបងប្អូន នារីខ្មែរ ដែលមានគ្រួសារកូរ៉េ ចំនួន១៧នាក់ បានធ្វើឲ្យលោកសប្បាយរីករាយចងចាំមិនភ្លេច ។

សូមបញ្ជាក់ថា ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង តែងតែ ដឹកនាំមន្ត្រីស្ថានទូត ចុះសាកសួរសុខទុក្ខបងប្អូនកម្មករ និងពលរដ្ឋខ្មែរ ដែលមករស់នៅ និងធ្វើការនៅលើទឹកដី កូរ៉េ ជាបន្តបន្ទាប់ ដើម្បីស្វែងយល់ពីការរស់នៅ និងស្ថានភាពជាក់ស្តែងនានារបស់ពលរដ្ឋខ្មែរយើងនៅទីនោះ ៕