ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរខេត្តព្រៃវែងថា ពិធីបំបែកឯតទគ្គកម្មទូកងវែងរបស់កម្ពុជាត្រៀមរួចរាល់អស់ហើយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អ៊ី កនិកា៖​

អាជ្ញាធរខេត្តព្រៃវែង បានឱ្យដឹងថា ពិធីបំបែកឯតទគ្គកម្មទូកងវែងរបស់កម្ពុជាលើពិភពលោក បានត្រៀមរួចរាល់អស់ហើយ ដោយរង់ចាំពេលវេលាមកដល់នៅថ្ងៃទី១២ ខែវិច្ឆិកាខាងមុខនេះ។

លោក ទឹម ទេពវង្សា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែង មានប្រសាសន៍ ប្រាប់វិទ្យុជាតិកម្ពុជា ថា នៅតំបន់ប្រជុំជនអ្នកលឿងត្រើយខាងកើត ក្នុងឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវបានរៀបចំសោភណ្ឌភាពយ៉ាងល្អប្រសើរ សម្រាប់ការទទួលគណៈប្រតិភូជាតិ និងអន្តរជាតិ ដែលមកចូលរួមវាយតម្លៃលើទូកងវែងរបស់កម្ពុជា ដែលធ្វើបានត្រូវឡើងដើម្បីបំបែកតំណត់ត្រាពិភពលោកនៅថ្ងៃទី១២ ខែវិច្ឆិកាខាងមុខនេះ។

ពិធីបំបែកឯតទគ្គកម្មលើពិភពលោករបស់ទូកងវែងកម្ពុជា នឹងប្រព្រឹត្តទៅក្រោមអធិបតីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ពីតំណាងអង្គការតំណត់ត្រាពិភពលោក ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ សិស្ស និស្សិត ព្រមទាំងប្រជាពលរដ្ឋជាច្រើនទៀត។

លោកប្រធានមន្ទីរ បានឱ្យដឹងបន្តថា ក្នុងពិធីបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក ទូក ង វែងជាងគេនេះដែរ ក៏នឹងការប្រណាំងទូក ង ខេត្តព្រៃវែង និងការប្រគុំតន្ត្រី ដែលប្រជុំដោយតារាល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូបផងដែរ។

សម្លេង៖«គេរៀបចំជាគណៈកម្មការ អនុកម្មការនីមួយៗ ដើម្បីរៀបចំសន្តិសុខត្រឹមត្រូវ សុវត្ថិភាពដល់ប្រជាពលរដ្ឋ ហើយមានកម្លាំងជាង៣០០នាក់ ទាំងប៉ូលីស និងប៉េអឹម ដើម្បីរៀបចំផែនការសុវត្ថិភាពដល់ភ្ញៀវ និងថ្នាក់ដឹងនាំ ព្រមទាំងមានខាងសុខាភិបាលប្រចាំនៅតាមទីកន្លែងនីមួយៗ។គេរៀបចំផែនការត្រឹមត្រូវណាស់នៅក្នុងពិធីនេះ»។

លោកបន្តថា ខាងមន្ទីរបានឱ្យមន្រ្តីជំនាញចុះត្រួតពិនិត្យតាមគោលដៅកន្លែងកំសាន្តនីមួយៗ និងសហការជាមួយនឹងកងកំលាំងអាជ្ញាធរ ដើម្បីជួយសំរួលដល់ភ្ញៀវដែលមកកំសាន្តក្នុងខេត្ត នៅក្នុងពិធីបំបែកឯតទគ្គកម្មពិភពលោក ទូកងវែងជាងគេរបស់កម្ពុជានេះផងដែរ។

ទូក ង ដែលកម្ពុជាធ្វើដើម្បីបំបែកកំណត់ត្រាពិភពលោកនេះ មានប្រវែង៨៥ម៉ែត្រ និងទទឹង ១,៥៥ម៉ែត្រ ដោយមានចំណុះអ្នកចែវ១៧៩នាក់ ដោយក្បាលទូក ឆ្លាក់ចេញជាក្បាលនាគ ចំណែកកន្ទុយ ឆ្លាក់ចេញជាកន្ទុយហង្ស ដោយផលិតចេញពីដើមឈើគគីរ។

ទូក ង នេះ ត្រូវបានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បានចាប់ដំណើរការធ្វើ កាលពីខែមេសា ឆ្នាំ២០១៨ ដើម្បីបង្ហាញដល់ពិភពលោកថា កម្ពុជាអាចបង្កើតស្នាដៃដ៏អស្ចារ្យមួយ។ ជាមួយគ្នានេះ ក៏ក្នុងបំណងរំឭកឡើងវិញនូវប្រវត្តិដ៏យូរលង់នៃការផលិត និងការប្រើប្រាស់ទូករបស់ខ្មែរតាំងពីសម័យបុរាណ ពិសេសរំឭកឡើងវិញនូវស្នាព្រះហស្តរបស់ព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ក្នុងការប្រើប្រាស់ទូក ជាមធ្យោបាយមួយក្នុងការការពារទឹកដី ក៏ដូចជាជួយលើកតម្កើងកិត្យានុភាពជាតិ និងជំរុញស្មារតីស្នេហាជាតិ និងសាមគ្គីភាពនៃយុវជនជាកូនចៅជំនាន់ក្រោយ ក្នុងការថែរក្សា និងអភិរក្សកេរដំណែលពីដូនតា។