ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សន្និសីទថ្នាក់តំបន់ បានចេញសេចក្តីប្រកាសរួមមួយស្តីពីការប្រយុទ្ធប្រឆាំង ផលិតផលសុខាភិបាលក្លែងក្លាយ អន់គុណភាព និងគ្មានច្បាប់អនុញ្ញាត

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ –ក្រោយពីបានជួបប្រជុំគ្នាអស់រយៈពេល២ថ្ងៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា ប្រតិភូជាន់ខ្ពស់ តំណាងឱ្យប្រទេសកម្ពុជា ចិន ថៃ ឡាវ ភូមា វៀតណាម និងមានការចូលរួមពីសំណាក់ក្រុមប្រឹក្សាភិបាល វិទ្យាស្ថានស្រាវជ្រាវអន្តរជាតិ ប្រយុទ្ធប្រឆាំង ឱសថក្លែងក្លាយ (IRACM) សន្និសីទថ្នាក់តំបន់នេះ បានចេញសេចក្តីប្រកាសរួមមួយ ដោយបានចាត់ទុកបញ្ហាសុខភាពរបស់ពលរដ្ឋជារឿងសំខាន់ និងជាបញ្ហាអទិភាព ដែលត្រូវគិតគូ និងដោះស្រាយ ដោយមិនប្រកាន់ទីកន្លែង ភូមិសាស្រ្តនយោបាយ និងស្ថានភាពសេដ្ឋកិច្ច របស់ប្រទេសណាមួយឡើយ។

ជាមួយគ្នានោះ ក៏បានទទួលស្គាល់ថា ការរីករាលដាល នៃឱសថក្លែងក្លាយ អន់គុណភាព និងគ្មានច្បាប់អនុញ្ញាត គឺជាហានិភ័យមួយដល់សុខភាព ដែលមិនអាចមើល រំលងបាន ហើយដែលអាចបង្កផលប៉ះពាល់ដល់សកលលោកទាំងមូល មិនតែប៉ុណ្ណោះ ទំហំនៃផលប៉ះពាល់ នេះក៏មិនអាចប៉ាន់ប្រមាណបានដែរ។

សេចក្តីប្រកាសរួមជាប្រវត្តិសាស្រ្តមួយនេះ បានសង្កត់ធ្ងន់ពីតថភាពមួយ ដែលមិនអាច ប្រកែកបាន គឺថា ការផលិត ការចែកចាយ ការលក់ដូរ ផលិផលសុខភិបាលក្លែងក្លាយ អន់គុណភាព និងគ្មានច្បាប់អនុញ្ញាត ពិតជាបានបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ ប៉ះពាល់ដល់សេដ្ឋកិច្ច និងការកសាងនិតិរដ្ឋ ដែលទាមទារឱ្យមានតម្រូវការបន្ទាន់ ក្នុងការចាត់ វិធានការ។

នៅក្នុងពិធីបិទសន្និសីទថ្នាក់តំបន់ នារសៀលថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា បច្ចុប្បន្នតម្រូវការឱសថកំពុង មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទើបជនឆ្លៀតឱកាសនិយមមួយចំនួនបានលបលួចផលិតឱសថក្លែងក្លាយ និងអន់គុណភាព មកចរាចរនៅលើទីផ្សារកម្ពុជា។ សន្និសីទជាអន្តរជាតិនាពេលនេះ ធ្វើឡើងស្របតាម កាលៈទេសៈរបស់កម្ពុជាទៅនឹងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ដែលកំពុងយកចិត្តទុកដាក់ជាខ្លាំង។

សម្តេចឧបនាយករដ្ឋ មន្រ្តីបន្តថា ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ បានធ្វើឱ្យកម្ពុជា ក៏ដូចជាប្រទេស នៅក្នុងតំបន់កាន់តែមានតម្រូវការលើការប្រើប្រាស់ ទំនិញគ្រប់ប្រភេទ។ ក្នុងនោះឱសថជាតម្រូវការសំខាន់ និងចាំបាច់មិនអាចខ្វះបាន។

សម្តេចឧបនាយករដ្ឋមន្រ្តីបន្ថែមថា ទន្ទឹងនឹងតម្រូវការប្រើប្រាស់ឱសថទើបជនល្មើសឆ្លៀត ឱកាសខិតខំធ្វើការផលិតចរាចរ និងចែកចាយលើឱសថក្លែងក្លាយ និងអន់គុណភាព លើទីផ្សារ ដែលនាំឱ្យពលរដ្ឋរងគ្រោះ និងថែមទាំងខាតថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ និងករណីខ្លះបណ្តាលឱ្យប៉ះពាល់ ដល់អាយុជីវិតថែមទៀតផង។ រដ្ឋមន្រ្តីក្រសួងមហា ផ្ទៃអះអាងថា កម្ពុជាបានទទួលរងផងដែរ នូវការចរាចរឱសថក្លែងក្លាយ និងអន់គុណភាពក្នុង ស្ថានភាពជាប្រទេសប្រើប្រាស់។

លោកឧត្តមសេនីយ៍ មាជ សុផាន់ណា ប្រធានគណៈកម្ម ការអន្តរក្រសួង រៀបចំសន្និសីទនេះបានលើកឡើងថា ប្រទេសក្នុងតំបន់បានរួមគ្នា ចែករំលែកបទពិសោធន៍ និងស្វែងរកដំណោះស្រាយ ក្នុងការទប់ស្កាត់ និងលុបបំបាត់បញ្ហាឱសថក្លែងក្លាយ អន់គុណភាព ដែលបានរីករាលដាលនៅក្នុងតំបន់ និងសកលលោក។ បញ្ហាឱសថក្លែងក្លាយ អន់គុណភាព ដែលជាការគំរាមកំហែង និងជាគ្រោះមហន្តរាយដ៏ធំនាពេលបច្ចុប្បន្ន ដែលតម្រូវឱ្យមានកិច្ចសហការក្នុងតំបន់ និងសកលលោក ដើម្បីប្រយុទ្ធប្រឆាំង នឹងសកម្មភាព នៃការផលិត ការចរាចរ និងការចែកចាយឱ្យមានប្រសិទ្ធភាព ដែលប្រទេស នីមួយៗត្រូវមានការប្តេជ្ញាចិត្ត ផ្នែកនយោបាយ និងការអនុវត្តច្បាប់ សន្ធិ សញ្ញាអន្តរជាតិនានា ដែលពាក់ព័ន្ធផងដែរ៕

ដោយ ប៉ាល់ សុង