ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ខេត្តបាត់ដំបងប្រារព្ធខួបលើកទី៦៥ នៃទិវាបុណ្យឯករាជជាតិ៩វិច្ឆិកា

AKP បាត់ដំបង ថ្ងៃទី0៧ ខែវិច្ឆិកា ឆ្នាំ២០១៨ –នៅព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធខួបលើកទី៦៥នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ ៩វិច្ឆិកា ២០១៨) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ដែលបានតស៊ូ យ៉ាងជោគជ័យរំដោះទឹកដីចេញផុតពីនឹមត្រួតត្រាអាណានិគមនិយមបារាំង នៅបរិវេណមុខ សាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តមឧត្តមសនីយ៍ទោ ខាត់ ជន់ មេបញ្ជាការរងយោធភូមិភាគទី៥ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណ:អភិបាលខេត្តសមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាពមន្រ្តីរាជការនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ សិស្សនិស្សិត យុវជន និងប្រជាពលរដ្ឋចូលរួមជាង២ពាន់នាក់។

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបង បានអានសុន្ទរកថា ទាំងស្រុងដែលមានខ្លឹមសារថា ខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ទូទាំងប្រទេសកម្ពុជា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំព្រោះជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿង
ដែលកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិទាំងមូលដណ្តើមបានទាំងស្រុងមកវិញពីអាណានិគមនិយមបារាំងនាឆ្នាំ១៩៥៣ នូវឯករាជ្យពិតប្រាកដ ក្រោមព្រះរាជបូជនីកិច្ចដ៏ថ្លៃថ្លានៃ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិនៃយើងទាំងអស់គ្នា។

ជាមួយគ្នានេះ ការរម្លឹកខួបអនុស្សាវរីយ៍ ដែលជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿង បានប្រព្រឹត្ត ទៅពេលជាមួយនឹងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្នុងស្មារតីចងចាំជានិច្ចមិនអាច បំភ្លេចបាននូវគុណូបការៈ ដ៏ថ្លៃថ្លា របស់វីរយុទ្ធជនយុទ្ធនារីនិងប្រជាពលរដ្ឋយើងនៅ គ្រប់ទិសទី ដែលបានពុះពារប្រយុទ្ធតស៊ូធ្វើពលិកម្ម អាយុជីវិត យ៉ាងអង់អាចក្លាហានបំផុត ដើម្បីសង្គ្រោះជាតិ មាតុភូមិពីរបបប្រល័យពូជសាសន៍ពីភ្នក់ភ្លើងសង្គ្រាមគ្រោះកាចចង្រៃ ផ្សេងៗព្រមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការការពារទឹកដី អធិបតេយ្យ សេរីភាព សន្តិភាព និងវិបុលភាពជាតិនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមបានមានប្រសាសន៍បន្តថា ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នាសូម លំឱនកាយសម្តែងគារភក្តីភាព និងកតញ្ញូតាធដ៏ជ្រាលជ្រៅ បំផុតថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបូជាអស់ព្រះកាយពល និងព្របញ្ញាញាណ ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្ររបស់ព្រះអង្គ។ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិសបួងសួងគុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះស្វេតច្ឆត្រ ព្រមទាំងព្រះវិញ្ញាណក្ខន្ធ នៃព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ សូមជួយប្រោសព្រំគាំពារថែរក្សាព្រះអង្គ បានប្រកបដោយ ព្រះរាជសុខភាពល្អ បរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ ត្រជាក់ នៃប្រជារាស្ត្រខ្មែរ គ្រប់ៗរូប តរៀងទៅ។

ឯកឧត្តមសូមឱ្យស្មារតីនៃទិវាខួបលើក ទី៦៥នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើត កងយោធពលខេមរភូមិន្ទ ( ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៨ ) ប្រែក្លាយជាកម្លាំងមហា
សាមគ្គីជាតិដ៏ខ្លាំងក្លា ដើម្បីកសាង អភិវឌ្ឍ និងការពារជាតិមាតុភូមិកម្ពុជាឱ្យសម្បូររុងរឿង៕

ដោយ ណយ នឿន (ប្រភព៖ដ្ឋបាលខេត្ត)