ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អ្នកសារព័ត៌មានកម្ពុជាចូលរួមវេទិកាសំខាន់ចំនួនពីរនៅសាធារណរដ្ឋប្រជាមានិតចិន

AKP ភ្នំពេញ ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ –អ្នកសារព័ត៌មានកម្ពុជាចំនួន ៦នាក់ មកពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា សារព័ត៌មានដើមអម្ពិល និងសារព័ត៌មានអនឡាញថ្មីៗ បានចូលរួមជាមួយសមភាគីផ្សេងៗទៀត មកពីស្ថាប័ន សារព័ត៌មាន និងផ្សព្វផ្សាយអន្តរជាតិជាង ១០០ស្ថាប័ន ទូទាំងពិភពលោក នៅក្នុងវេទិកា សំខាន់ៗចំនួនពីរ នៅBoao កោះហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី ២៨ ខែតុលា ដល់ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៨។ វេទិកាសំខាន់ទាំងពីរនេះរួមមាន វេទិការកិច្ចសហប្រតិបត្តការប្រព័ន្ធផ្សព្វផ្សាយ ១០+៣ លើកទី ៩ និងវេទិកាកិច្ចសហប្រតិបត្តការប្រព័ន្ធ ផ្សព្វផ្សាយអំពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយឆ្នាំ២០១៨ ក្នុងគោលបំណងបង្កើនកិច្ចសហ ប្រតិបត្តការប្រព័ន្ធផ្សព្វផ្សាយរវាងសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសជាដៃគូ។

វេទិកាកិច្ចសហប្រតិបត្តការប្រព័ន្ធផ្សព្វផ្សាយ ១០+៣ លើកទី ៩ ត្រូវបានរៀបចំឡើងក្រោម ប្រធានបទសំខាន់ពីរ គឺទស្សនវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ីបូព៌ា និងការទទួលខុសត្រូវ របស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា ខណៈដែលវេទិកាកិច្ចសហ ប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអំពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយឆ្នាំ២០១៨ បានធ្វើការ ពិភាក្សាអំពីស្ថានភាព និងកិច្ចសហប្រតិបត្តិការបច្ចុប្បន្នអំពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃក្នុងការផ្សព្វផ្សាយនៅក្នុងយុគសម័យ ថ្មីនេះ ឱ្យកាន់តែមានប្រសិទ្ធភាព និងទូលំទូលាយ។ ក្រៅពីចូលរួមនៅក្នុងវេទិកាសំខាន់ទាំងពីរនេះ អ្នកសារព័ត៌មាទាំងអស់ក៏ត្រូវបានអញ្ជើញឱ្យទៅទស្សនាតំបន់សាកល្បងវេជ្ជសាស្រ្តទេសចរណ៍អន្តរជាតិលីចេង នៅ Boao កោះហៃណាន សាលាគំរូចំនួន ២ តំបន់ទេសចរណ៍ នៅកោះហៃណាន និងត្រូវធ្វើដំណើរទៅចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំគណ បក្សកុម្មុយនីស្តប្រជាមានិតចិននៅរដ្ឋធានីប៉េកាំង។ មិនតែប៉ុណ្ណោះ អ្នកសារព័ត៌មានទាំងអស់ ក៏ត្រូវបានអញ្ជើញចូលរួមជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នៃ កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្មវិធីទូរស័ព្ទរបស់ទីភ្នាក់ងារសារព័ត៌មាន People’s Daily និងទីភ្នាក់ងារសាព័ត៌មានដៃគូផងដែរ៕

ដោយ យា ចិន្តាខន្តី